ជំងឺក្រិនថ្លើមគឺជាការសម្លាកជាច្រើននៅលើសាច់ថ្លើម ដែលវាទៅជំនួសឲ្យជាលិកាទន់ៗមានសុខភាពល្អរបស់សាច់ថ្លើមទៅវិញ។ នៅពេលជំងឺក្រិនថ្លើមកាន់តែធ្ងន់ធ្ងរ ថ្លើមនឹងលែងសូវមានជាលិកាមានសុខភាពល្អទៀតហើយ។ បើសិនជាមិនបានព្យាបាលទេ ថ្លើមនឹងទៅជាខ្សោយ ហើយក៏មិនអាចធ្វើការងាររបស់វាបានល្អទៀតដែរ។ 

ជំងឺក្រិនថ្លើមបង្កឡើងដោយជំងឺថ្លើមរ៉ាំរ៉ៃដែលធ្វើឲ្យខូចខាតដល់ជាលិកាថ្លើម។ វាអាចស៊ីពេលច្រើនឆ្នាំសម្រាប់ថ្លើមដែលខូចខាតក្លាយទៅជាថ្លើមក្រិន។  តើជំងឺក្រិនថ្លើមបង្កឡើងដោយអ្វីខ្លះទៅ?

ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ

ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃគឺជាដើមហេតុចំបងមួយនៃជំងឺក្រិនថ្លើមក្នុងសហរដ្ឋអាមេរិក។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចធ្វើឲ្យថ្លើមទៅជាហើម ដែលយូរៗទៅនាំឲ្យកើតជាក្រិនថ្លើមតែម្តង។ ចំនួនគ្រឿងស្រវឹងដែលអាចធ្វើឲ្យថ្លើមក្រិនបានគឺខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ 

ការរលាកថ្លើមរ៉ាំរ៉ៃដែលបង្កឡើងដោយវីរុសរលាកថ្លើម

ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ គឺជាដើមហេតុចំបងទីពីរដែលនាំឲ្យកើតជាជំងឺក្រិនថ្លើមក្នុងសហរដ្ឋអាមេរិក។ ជំងឺរលាកថ្លើមប្រភេទ C ធ្វើឲ្យសាច់ថ្លើមហើម ដែលយូរៗទៅនឹងក្លាយទៅជាក្រិនបាន។ ប្រហែលអ្នកជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃម្នាក់ក្នុងចំនួនបួននាក់វិវត្តន៍ទៅជាជំងឺក្រិនថ្លើម។ ជំងឺរលាកថ្លើមប្រភេទ B និង D រ៉ាំរ៉ៃក៏អាចធ្វើឲ្យកើតជាជំងឺក្រិនថ្លើមបានដែរ។ 

ជំងឺខ្លាញ់រុំថ្លើមតែមិនមែនបង្កឡើងដោយគ្រឿងស្រវឹង ឬហៅថា Nonalcholic Steaohepatitis (NASH)

ការកើនឡើងជាតិខ្លាញ់ក្នុងសាច់ថ្លើមដែលវាមិនបង្កឡើងដោយគ្រឿងស្រវឹង អាចធ្វើឲ្យថ្លើមទៅជាហើម និងនាំឲ្យទៅជាក្រិនថ្លើមបាន។ អ្នកជំងឺដែលមាន NASH ច្រើនតែមានបញ្ហាសុខភាពផ្សេងៗទៀតដូចជា ជំងឺទឹកនោមផ្អែម ធាត់ជ្រុល លើសកូឡេស្តេរ៉ុល ជំងឺសរសៃឈាមបេះដូង និងទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព។ 

ជំងឺបំពង់ទឹកប្រមាត់

ជំងឺបំពង់ទឹកប្រមាត់កាត់បន្ថយ ឬឈបញ្ឈប់លំហូរទឹកប្រមាត់ចូលទៅក្នុងពោះវៀនតូច។ ទឹកប្រមាត់ដែលច្រាលទៅក្នុងថ្លើមវិញ នឹងធ្វើឲ្យថ្លើមទៅជាហើម ហើយអាចកើតជាក្រិនបាន។ ជំងឺបំពង់ទឹកប្រមាត់ពីរប្រភេទមានដូចជា Primary Sclerosing Cholangitis និង Primary Biliary Cirrhosis។ 

ជំងឺហ្សែន

ជំងឺហ្សែនមួយចំនួនអាចនាំឲ្យកើតជំងឺក្រិនថ្លើមបាន។ ជំងឺទាំងនេះរួមមាន Wilson Disease, Hemochromatosis, Glycogen Storage Diseases, Alpha-1 Antitrypsin Deficiency, និង Autoimmune Hepatitis។ 

ជាធម្មតាជំងឺក្រិនថ្លើមមិនបង្ករោគសញ្ញារបស់វាក្នុងដំណាក់កាលភ្លាមៗឡើយ។ រយៈពេលយូរៗទៅ ជំងឺក្រិនថ្លើមអាចបង្កជារោគសញ្ញាដូចជា៖

  • មិនឃ្លានអាហារ
  • អស់កម្លាំង
  • ចង្អោ
  • ស្រកទម្ងន់
  • ឈឺក្នុងពោះសរសៃឈាមនៅស្បែកបែកចេញដូចសរសៃពីងពាង
  • រមាស់ស្បែកខ្លាំងក្លា៕