កំពុងខ្វល់ចិត្តនឹងបញ្ហាឆ្លងមេរោគផ្សិតលើប្រដាប់ភេទមែនទេ?  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺនេះបានគួរឱ្យកត់សម្គាល់។ ថាតើអាហារទាំងនេះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីចៀសផុតការឆ្លងមេរោគផ្សិត ៖

១. ខ្ទឹមស

ក្រៅពីជួយទប់ស្កាត់ហានិភ័យនៃការឆ្លងមេរោគផ្សិតលើប្រដាប់ភេទហើយនោះ ខ្ទឹមសក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីមិនល្អ ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងរំញោចមុខងារថ្លើមដើម្បីបន្សាបជាតិពុលបានយ៉ាងប្រសើរផងដែរ។

២. ខ្ទឹមបារាំង

ខ្ទឹមបារាំងក៏មានប្រិសទ្ធភាពខ្ពស់ក្នុងការកម្ចាត់រោគផ្សិតដែលបង្កបញ្ហាឆ្លងមេរោគផ្សិតលើប្រដាប់ភេទគួរឱ្យកត់សម្គាល់ផងដែរ។ ម្យ៉ាងវិញទៀតការរួមបញ្ចូលខ្ទឹមបារាំងក្នុងរបបអាហារអាចជួយកម្ចាត់សារធាតុរាវដែលលើសនិងបំបាត់អាការៈហើមពោះដែលជាបញ្ហាតែងកើតមានលើស្ត្រីដែលឆ្លងមេរោគផ្សិតទៀតផង។

៣. ប្រេងដូង

បិរមាណនៃអាស៊ីត lauric និង caprylic ក្នុងប្រេងដូងជាអ្វីដែលជួយការពារអ្នកពីការឆ្លងមេរោគផ្សិត។ ការទទួលទានប្រេងដូងក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។

៤. ប្រេងអូលីវ

ប្រេងអូលីវក៏ជួយទប់ស្កាត់ការឆ្លងមេរោគផ្សិតផងដែរតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុក។ ការទទួលទានប្រេងអូលីវក៏ប្រសើរចំពោះសុខភាពបេះដូងគួរឱ្យកត់សម្គាល់។

៥. ខ្ញី

ការទទួលទានតែខ្ញីជាប្រចាំអាចជួយទប់ស្កាត់ការឆ្លងមេរោគផ្សិតលើប្រដាប់ភេទបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបន្សាបជាតិពុលក្នុងរាងកាយ។

៦. គ្រាប់ល្ពៅ

ជាអាហារសម្រន់ដ៏ល្អបំផុតមួយដែលជួយទប់ស្កាត់ការឆ្លងមេរោគផ្សិតលើប្រដាប់ភេទ។ គ្រាប់ល្ពៅមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយទប់ស្កាត់ការរលាក។ អាស៊ីតខ្លាញ់ល្អនេះក៏មានលក្ខណៈសម្បត្តិកម្ចាត់រោគផ្សិតផងដែរ។ ប្រភពដ៏ប្រសើរផ្សេងទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺត្រីសម្បូរខ្លាញ់។

សម្គាល់៖ ប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិត អាហារមួយចំនួនខាងលើគួរត្រូវបានទទួលទានជាប្រចាំ ឬរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ដើម្បីជាការប្រសើរថែមទៀតនោះ អ្នកក៏គួរចៀសវាងទទួលទានអាហារនិងភេស្ជជៈផ្អែមលើសកម្រិត។ ហើយគ្រឿងស្រវឹងក៏គួរត្រូវបានកាត់បន្ថយដូចគ្នា!