អាការៈក្អកជាបញ្ហាគួរឱ្យរំខានមួយនិងមិនងាយបាត់ទៅវិញដោយឯកឯងលឿនប៉ុន្មានឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីថ្នាំពេទ្យក៏នៅមានឱសថបែបធម្មជាតិមួយចំនួនអាចជួយព្យាបាលអាការៈក្អកនិងបំបាត់អាការៈរមាស់ក្នុងបំពង់បានយ៉ាងប្រសើរផងដែរ។ ថាតើឱសថធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឱសថធម្មជាតិងាយស្រួលផ្សំ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈក្អកស្ងួតបានឆាប់រហ័ស ប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ៖
១. ទឹកឃ្មុំ
ជារូបមន្តបែបធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ព្យាបាលអាការៈក្អកស្ងួត! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសឹមទទួលទានក៏មានឥទ្ធិពលប្រសើរដូចគ្នា!
២. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
រូបមន្តធម្មជាតិងាយៗមួយទៀតដើម្បីទប់ទល់ជាមួយអាការៈក្អក គឺការខ្ពុរមាត់ជាមួយទឹកអំបិល។ ទឹកអំបិលជួយកាត់បន្ថយការរលាកនិងហើមក្នុងបំពង់ក ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្បើយពីអាការៈឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៤. គ្រាប់អាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនក្រឡុកគ្រាប់អាល់ម៉ុនពី ២ ទៅ ៣ គ្រាប់ជាមួយទឹកក្រូចស្រស់ ១ កែវ រួចទទួលទាននៅរាល់ពេលស្ងួតបំពងកក្អកជាការស្រេច។
៥. ស៊ីរ៉ូខ្ញីលាយជីអង្កាម
- អ្វីដែលអ្នកត្រូវការ
ស្លឹកជីអង្កាមក្រៀម ឬស្ងួត ១ ស្លាបព្រាបាយខ្ញីដែលចិញ្ច្រាំ ៣ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ពែង និងទឹកធម្មតា ៤ ពែង។
- របៀបធ្វើ
ដាក់ខ្ញីនិងជីអង្កាមក្នុងទឹករួចដាំឱ្យពុះ។ ទុករម្ងាស់បន្តិចសិនសឹមស្រងកាកចេញ។ បន្ថែមទឹកឃ្មុំចូល រួចកូរឱ្យសព្វ។ អ្នកគួរទទួលទាន ១ ស្លាបព្រាបាយនៃស៊ីរ៉ូនេះរាល់ ៣ ម៉ោងម្ដង៕