វីតាមីន D ជាវីតាមីនចាំបាច់បំផុតមួយដែលជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមនិងពង្រឹងប្រព័ន្ធភាពស៊ាំ។ កង្វះវីតាមីន D អាចបង្កើនហានិភ័យនៃជំងឺផ្សេងៗរួមបញ្ចូលទាំងផ្ដាសាយ ឬគ្រុនផ្ដាសាយ សាច់ដុំចុះខ្សោយ បញ្ហាសុខភាពផ្លូវចិត្ត បញ្ហាបេះដូង និងសូម្បីតែជំងឺទឹកនោមផ្អែម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាយើងទទួលបានវីតាមីននេះពីអាហារ ថ្នាំគ្រាប់វីតាមីន និងពន្លឺព្រះអាទិត្យ ប៉ុន្តែភាគច្រើននៃពួកយើងក៏អាចជួបប្រទះបញ្ហាខ្វះវីតាមីន D ផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញានៃកង្វះវីតាមីន D ក្នុងរាងកាយ ព្រមទាំងវិធីព្យាបាល ៖
- រោគសញ្ញានៃកង្វះវីតាមីន D
១. បែកញើសក្បាលខ្លាំង
មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃកង្វះវីតាមីន D គឺបែកញើសក្បាលខ្លាំងជាងផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះប្រសិនបើអ្នកបែកញើសក្បាលច្រើនខុសធម្មតានោះប្រហែលជាទាក់ទងនឹងបញ្ហាខ្វះវីតាមីន D ក្នុងរាងកាយហើយ។ ដើម្បីជាការប្រសើរចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ។
២. ឈឺឆ្អឹង
កង្វះវីតាមីន D ជះផលប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយក ក៏ដូចជាការផ្ដល់ជាតិកាល់ស្យូមដល់ជាលិកាឆ្អឹងដែលបណ្ដាលឱ្យកើតមានបញ្ហាឆ្អឹងផ្សេងៗ រួមបញ្ចូលទាំងអាការៈឈឺចាប់ និងសូម្បីតែជំងឺពុកឆ្អឹង។
៣. ឈឺសាច់ដុំ
វីតាមីន D មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពសាច់ដុំផងដែរ។ កង្វះវីតាមីននេះអាចបង្កបញ្ហាឈឺចាប់ដុំធ្ងន់ធ្ងរ ខ្សោយសាច់ដុំ ម៉ាសសាច់ដុំថយចុះ។ កង្វះវីតាមីន D ថែមទាំងអាចបង្កអាការៈឈឺចាប់រ៉ាំរ់ៃពេញក្នុងរាងកាយទៀតផង។
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
វីតាមីន D ក៏ដើរតួនាទីយ៉ាងសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកងាយនឹងឈឺ ឬឆ្លងមេរោគញឹកញាប់ដូចជាផ្ដាសាយនោះកង្វះវីតាមីន D ក្នុងរាងកាយអាចជាមូលហេតុហើយ។
៥. ឆាប់អស់កម្លាំង និងខ្សោយ
កង្វះវីតាមីន D ក្នុងរាងកាយក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហាឆាប់អស់កម្លាំងផងដែរ។ នេះក៏ព្រោះតែរោគសញ្ញាមួយនៃបញ្ហាឆាប់អស់កម្លាំងទាំងដែលបានគេងគ្រប់គ្រាន់ និងមិនបានធ្វើអ្វីច្រើនសោះ គឺកង្វះវីតាមីន D។
៦. ជ្រុះសក់
កម្រិតនៃវីតាមីន D ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាជ្រុះសក់។ នោះក៏ព្រោះតែវីតាមីន D ជួយសម្រួលដល់ដំណើរការលូតលាស់នៃសក់ ក៏ដូចជារក្សាសុខភាពសក់រឹងមាំ។
- ដំណោះស្រាយ
អ្នកអាចទទួលបានវីតាមីន D បន្ថែមពី ៖
១. ព្រះអាទិត្យ
កន្លែងដ៏ល្អបំផុយមួយសម្រាប់អ្នកដើម្បីទទួលបានវីតាមីន D សម្រាប់រាងកាយ គឺតាមរយៈពន្លឺព្រះអាទិត្យ។ អ្នកជំនាញជាច្រើននិយាយថាអ្នកគួរនៅក្រៅផ្ទះពី ១០ ទៅ ១៥ នាទីរាល់ថ្ងៃដោយឱ្យស្បែកប្រហែល ៤០ ភាគរយត្រូវពន្លឺព្រះអាទិត្យទើបប្រសើរ។ ទោះជាយ៉ាងណាពេលវេលាដ៏ល្អដើម្បីទទួលបានផលប្រយោជន៍ពីពន្លឺព្រះទិត្យ គឺនៅកំឡុងម៉ោង ១០ ព្រឹកនិងម៉ោង ៤ ល្ងាច។
២. ត្រី
ត្រី គឺជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន D ដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ដូច្នេះដើម្បីទប់ស្កាត់ក៏ដូចជាដោះស្រាយបញ្ហាខ្វះវីតាមីន D ក្នុងរាងកាយ ចូរកុំភ្លេចព្យាយាមញ៊ាំត្រី។
៣. ស៊ុត
ក៏ជាប្រភពដ៏ល្អនៃវីតាមីន D ផងដែរ! ស៊ុត គឺងាយនឹងរក ហើយថែមទាំងមានតម្លៃសមរម្យទៀត។ ដូច្នេះកុំភ្លេចរួមបញ្ចូលស៊ុតក្នុងរបបអាហារ។
៤. ថ្នាំគ្រាប់វីតាមីន D
ទោះជាយ៉ាងណាមុននឹងប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D អ្នកគួរពិនិត្យមើលកម្រិតនៃវីតាមីន D ក្នុងរាងកាយសិន។ ដើម្បីកាន់តែប្រសើរអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាជាងការសម្រេចចិត្តប្រើប្រាស់ថ្នាំគ្រាប់វីតាមីន D ដោយខ្លួនឯង៕