ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានអាហារអាចជះឥទ្ធិពលដល់សុខភាពធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបអ្នកអាចរក្សាសុខភាពធ្មេញល្អរឹងមាំបានតាមរយៈការជ្រើសរើសអាហារត្រឹមត្រូវដើម្បីទទួលទាន។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលល្អសម្រាប់ធ្មេញ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលជួយរក្សាសុខភាពអញ្ចាញ និងធ្មេញ ក៏ដូចជាទប់ស្កាត់ជំងឺអញ្ចាញ រួមទាំងជំងឺពុកធ្មេញផងដែរ ៖

១. យ៉ាអួរ

ជាអាហារសម្រន់ដ៏ប្រសើរបំផុតសម្រាប់សុខភាពធ្មេញនិងអញ្ចាញ។ យ៉ាអួរមានផ្ទុកជាតិប្រូតេអ៊ីននិងកាល់ស្យូមដែលល្អសម្រាប់រក្សាសុខភាពធ្មេញរឹងមាំ។ បាក់តេរីល្អៗ ឬប្រូបាយអូទិកដែលមាននៅក្នុងយ៉ាអួរក៏ល្អចំពោះសុខភាពអញ្ចាញគួរអោយកត់សម្គាល់ផងដែរ។ ដើម្បីជាការប្រសើរចូរជ្រើសរើសយ៉ាអួរសុទ្ធទើបគ្មានផ្ទុកជាតិស្ករដែលពពួកបាក់តេរីចូលចិត្ត។

២. តែបៃតង

មានផ្ទុកសម្បូរទៅដោយសមាសធាតុ polyphenols ជួយកម្ចាត់ និងពន្យឺតការរីកលូតលាស់នៃបាក់តេរីដែលបង្កបញ្ហាជំងឺអញ្ចាញធ្មេញ និងជំងឺពុកធ្មេញ។ លើសពីនេះទៅទៀតតែបៃតងក៏មានផ្ទុកជាតិរ៉ែ fluoride ដែលជួយពង្រឹងសុខភាពធ្មេញកាត់បន្ថយហានិភ័យនៃជំងឺពុកធ្មេញ។

៣. ប៉េងប៉ោះ

ក៏មានផ្ទុក fluoride ដែលជួយឱ្យធ្មេញនិងអញ្ចាញមានសុខភាពល្អរឹងមាំ។ ក្រៅពីប៉េងប៉ោអាហារផ្សេងទៀតដូចជាការ៉ុត ក្រូច ទំពាំងបារាំង មើមឆៃថាវក្រហមក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែ fluoride ផងដែរ។

៤. បន្លែបៃតង

មានផ្ទុកសម្បូរទៅដោយជាតិរ៉ែ​​​និងវីតាមីនដែលមិនត្រឹមតែល្អសម្រាប់ធ្មេញ ​​​និងអញ្ចាញប៉ុណ្ណោះទេ ប៉ុន្តែគឺចំពោះសុខភាពរាងកាយទាំងមូល។ ក្រៅពីកាល់ស្យូម បន្លែបៃតងក៏ជាប្រភពវីតាមីន​​​ B ដែលមានប្រសិទ្ធិភាពព្យាបាលជំងឺអញ្ចាញធ្មេញនៃស្ត្រីមានផ្ទៃពោះបានយ៉ាងប្រសើរផងដែរ។

៥. គ្រាប់ធញ្ញជាតិ

ការទំពារគ្រាប់ធញ្ញជាតិជាលំហាត់ប្រាណដ៏ប្រសើរមួយសម្រាប់មាត់។ ម្យ៉ាងវិញទៀតគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយជាតិរ៉ែរួមមានស័ង្កសី ប៉ូតាស្យូម ម៉ាញ៉េស្យូម និងផូស្វ័រដែលចាំបាច់សម្រាប់សុខភាពធ្មេញ ព្រមទាំងអញ្ចាញ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃ។

៦. ត្របែក

ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយនោះ ត្របែកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ tannic ផូស្វ័រិក និងអាស៊ីត malic ជួយកម្ចាត់បាក់តេរីក្នុងមាត់និងរក្សាសុខភាពអញ្ចាញល្អប្រសើរផងដែរ។

៧. ខ្ទឹមបារាំង

ជួយកម្ចាត់បាក់តេរីក្នុងមាត់តាមរយៈសមាសធាតុ sulfuric ដែលមានផ្ទុក។

៨. ខ្ញី

លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃខ្ញីអាចជួយដោះស្រាយបញ្ហាហើមអញ្ចាញបានយ៉ាងប្រសើរ។ ខ្ញីក៏មានលក្ខណៈសម្បត្តិកម្ចាត់មេរោគបាក់តេរីផងដែរ! ដូច្នេះការទទួលទានខ្ញីជួយកម្ចាត់បាក់តេរីក្នុងមាត់ ហើយអ្នកនឹងចៀសផុតបញ្ហាខ្យល់ដង្ហើមមិនល្អ ក៏ដូចជាកំណកកំបោរជាប់ធ្មេញ៕