ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖
១. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ ការទទួលទានត្រីសម្បូរខ្លាញ់ថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។
២. កាកាវ
កាកាវគ្មានផ្ទុកជាតិស្ករនិងទឹកដោះគោឡើយនៅពេលមិនទាន់ត្រូវបានច្នៃជាសូកូឡា។ កាកាវសុទ្ធអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព! វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិង epicatechin ដែលជួយជម្រុញពង្រឹងមុខងារខួរក្បាលបង្កើនការចងចាំ ព្រមទាំងសមត្ថភាពក្នុងការយល់ដឹង។ ការទទួលទានកាកាវក្ដៅៗដោយមិនបន្ថែមស្ករនិងក្រែមទឹកដោះគោច្រើនលើសលប់នៅពេលល្ងាច គឺប្រសើរបំផុត។
៣. ការ៉ុត
ការ៉ុតមានផ្ទុកសារធាតុ beta carotene ដែលល្អចំពោះសុខភាពខួរក្បាលនិងការចងចាំដោយជួយកម្ចាត់ការររលាកក្នុងខួរក្បាល។
៤. ទឹក
មិនត្រឹមតែសម្រាប់ខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែទឹក គឺចាំបាច់ចំពោះសុខភាពរាងកាយទាំងមូលតែម្ដង។ ខួរក្បាលត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីដំណើរការមុខងារ។ កង្វះជាតិទឹកក្នុងរាងកាយអាចបង្កហានិភ័យនៃបញ្ហាខ្សោយការចងចាំ ពិបាកផ្ដោតអារម្មណ៍និងសុខភាពខួរក្បាលអន់ថយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ។
៥. អាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene
Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរអោយកត់សម្គាល់។ ដូច្នេះកុំភ្លេចបន្ថែមអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene រួមមាន ប៉េងប៉ោះ ឪឡឹក ម្ទេសក្រហមជាដើមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៦. ស៊ុត
ស៊ុត គឺមានផ្ទុកសម្បូរទៅដោយសារធាតុ choline ជាប្រភេទនៃវីតាមីន B មួយដែលប្រើប្រាស់ដោយខួរក្បាលដើម្បីបង្កើតម៉ូលេគុលនិងភ្នាសកោសិកាថ្មីៗ៕