ទាំងក្មេង និងមនុស្សធំដែលក្តៅខ្លួនដល់ ៤០អង្សារហើយគឺត្រូវបានគេចាត់ទុកថាជាអាការៈមួយធ្ងន់ធ្ងរហើយ ដូច្នេះត្រូវតែស្វែងរកការព្យាបាលឲ្យបានលឿនបំផុត។ 

ក្មេងដែលអាយុក្រោម ៣ឆ្នាំនិងមានសីតុណ្ហភាពចាប់ពី ៣៨អង្សារឡើងទៅហើយគួរតែនាំទៅជួបពេទ្យដើម្បីព្យាបាល។ បើសិនជាក្មេង ឬមនុស្សធំមានប្រវតិ្តជំងឺមហារីក អេដស៍ ឬជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ឬកំពុងតែលេបថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ ក៏គួរតែនាំទៅជួបពេទ្យព្យាបាលដែរ។ 

ក្មេងដែលក្តៅខ្លួន ហើយមានអាការៈដូចជាកន្ទួលរមាស់ ឈឺបំពង់ករ ឈឺត្រចៀក រឹងករ សន្លឹម ឬឈឺក្បាលគួរតែទៅជួបពេទ្យ។ លើសពីនេះទៅទៀត ចំពោះក្មេងដែលអាយុក្រោម ២ឆ្នាំ បើសិនជាការក្តៅខ្លួនមានរយៈពេលយូរជាងមួយថ្ងៃ និងក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅក្តៅចាប់ពី ៣ថ្ងៃឡើងទៅ គួរតែទៅជួបពេទ្យ។ 

សម្រាប់ស្រ្តីមានផ្ទៃពោះក៏គួរតែទាក់ទងគ្រូពេទ្យព្យាបាលដែរបើសិនជាមានអាការៈក្តៅខ្លួនចាប់ពី ៣៨អង្សារឡើងទៅ។ ការក្តៅខ្លួនក្នុងពេលមានផ្ទៃពោះដែលជាប់ទាក់ទងនឹងកន្ទួលរមាស់ និងឈឺសន្លាក់អាចជាសញ្ញាមួយនៃការបង្ករោគ ដែលប៉ះពាល់ដល់ទារកក្នុងផ្ទៃផង។ 

វ៉ាក់សាំងខ្លះដែលចាក់ឲ្យកូនអាចធ្វើឲ្យក្តៅខ្លួនស្ទិញៗរយៈពេលមួយទៅពីរថ្ងៃដែរ។ ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯង។ បើសិនជាប្រតិកម្មនេះហាក់បីដូចជាធ្ងន់ធ្ងរ ឬកន្លែងដែលចាក់វ៉ាក់សាំងនោះទៅជាក្រហម ក្តៅ និងឈឺចាប់ខ្លាំង ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។​

មានភាគរយតិចណាស់ដែលក្មេងអាយុចន្លោះ ១២ខែ ទៅ៣ឆ្នាំនឹងប្រកាច់ដោយសារតែក្តៅខ្លួនខ្លាំង ប៉ុន្តែរឿងនេះគឺមិនជាប់ទាក់ទងនឹងផលវិបាកទៅលើប្រព័ន្ធសរសៃប្រសាទរយៈពេលយូររបស់ក្មេងនោះទេ។ យ៉ាងណាមិញ សម្រាប់ក្មេងប្រកាច់បែបនេះនឹងមិនទទួលប្រយោជន៍អ្វីឡើយពីការប្រើថ្នាំប្រឆាំងការប្រកាច់ទេ ហើយក៏មិនត្រូវបានណែនាំឲ្យអនុវត្តដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង