យើងខ្ញុំជឿជាក់ថាម្តាយគ្រប់រូបសុទ្ធតែស្រលាញ់កូនគ្រប់គ្នា។ ដូចនេះគាត់តែងធ្វើអ្វីដែលល្អសម្រាប់កូនគ្រប់ពេល។ប៉ុន្តែទង្វើខ្លះបែរជាធ្វើឲ្យកូនយល់ថាគួរឲ្យធុញទៅវិញ។ ហើយកូនតែងតែនិយាយពាក្យមិនល្អដាក់ម្តាយខ្លួន។ តើអ្នកដឹងទេថាពាក្យសម្តីខ្លះធ្វើម្តាយអ្នកស្តាប់ហើយខូចចិត្តប៉ុណ្ណា?តើមានពាក្យសម្តីអ្វីខ្លះ?
1. និយាយហើយក៏ម៉ាក់មិនយល់ដែរមិនបាច់សួរច្រើនទេ។តាមពិតនៅពេលដែលម្តាយសួរអ្នកច្រើនព្រោះគាត់បារម្ហពីអ្នកប៉ុណ្ណោះ។ បើគាត់មិនបារម្ហទេសូម្បីតែសួរក៏មិនសួរដែរ។
2. និយាយប៉ុន្មានដងហើយថាមិនបាច់ឲ្យម៉ាក់បោកខោអាវខ្ញុំទេ បើបោកមិនស្អាតផងតើបោកធ្វើអី? ម្តាយជួយបោកខោអាវកូនព្រោះតែចង់សម្រាលការងារអ្នកប៉ុណ្ណោះ។ គាត់ឃើញអ្នកធ្វើការនឿយហត់ទើបចង់ជួយ។
3. ខ្ញុំពិសារអ្វីខ្ញុំដឹងខ្លួនឯងហើយមិនបាច់ម៉ាក់ចាប់ឲ្យទេ។ នៅពេលដែលមានម្តាយចាប់ម្ហូបឲ្យជារឿងដែលល្អខ្លាំងណាស់ ព្រោះមានមនុស្សមួយចំនួនចង់មានម្តាយចាប់ម្ហូបឲ្យ ក៏ពិបាកដែរ។
4. មានរឿងទេគ្មានរឿងខ្ញុំបិទទូរស័ព្ទហើយ។ ម្តាយទូរស័ព្ទមករកអ្នក ព្រោះគាត់បារម្ភពីអ្នក។ ដូចនេះ អ្នកគួរតែប្រើពាក្យសម្តីល្អនិយាយជាមួយគាត់ ដោយមិនគួរប្រើសម្តីឈ្លើយបែបនេះនោះទេ។
5. រ៉ូបម៉ាក់ទិញឲ្យហួសសម័យហើយខ្ញុំមិនពាក់ទេ។ គាត់ស្រឡាញ់កូន ទើបគាត់ហ៊ានទិញឲ្យកូន។ បើអ្នកមិនស្រឡាញ់ អ្នកមិនគួរនិយាយបែបនេះដាក់គាត់នោះទេ ព្រោះជាការមិនគោរពមួយ។
6. បានហើយបានហើយខ្ញុំដឹងហើយមិនបាច់និយាយច្រើនពេកទេ។ បើអ្នកមិនពេញចិត្ត អ្នកអាចស្តាប់ម្ខាង ចេញត្រចៀកម្ខាងទៀត ដោយមិនគួរប្រើពាក្យសម្តីមិនសមរម្យបែបនេះ និយាយជាមួយគាត់ឡើយ អាចធ្វើឲ្យគាត់ពិបាកចិត្តបាន។ ដូចនេះអ្នកមិនត្រូវនិយាយពាក្យទាំងនេះចំពោះម្តាយអ្នកទេ ព្រោះអ្នកនឹងស្តាយក្រោយនៅថ្ងៃណាមួយជាមិនខាននៅពេលដែលកូនអ្នកនិយាយដាក់អ្នកវិញ។ព្រោះតែក្តីស្រលាញ់ទើបគាត់ធ្វើគ្រប់យ៉ាងឲ្យអ្នក។ អ្នកត្រូវតែចងចាំជារៀងរហូត៕