ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងនិទានអប់រំមួយដែលអាចធ្វើឲ្យទារកក្នុងផ្ទៃក្លាយជាក្មេងដែលពូកែ។ តើមានអ្វីខ្លះទៅ?

រឿងនិទានមួយនេះ មានឈ្មោះថា ឆ្មាជាបងប្អូនល្អរបស់ខ្លា។ កាលពីដើមឡើយ មានឆ្មាមួយក្បាលជាបងប្អូនរបស់ខ្លា។ ប៉ុន្តែឆ្មារស់នៅក្នុងទីក្រុង រីឯខ្លារស់នៅក្នុងព្រៃទៅវិញ។ លុះយូរទៅ ឆ្មាមិនអាចរស់នៅក្នុងទីក្រុងទៀតទេ ដោយសារតែមនុស្សលែងត្រូវការឆ្មាមកចាប់កណ្តុរទៀតហើយ ដោយគេមានអង្គប់ ឬថ្នាំសម្រាប់ចាប់កណ្តុរ។ ដូចនេះ ឆ្មាក៏ទៅព្រៃរកខ្លា ដោយនិយាយរៀបរាប់ប្រាប់ខ្លាទាំងអស់។ ពេលនោះខ្លាក៏អាណិតឆ្មា ក៏ហៅឆ្មាឲ្យរស់នៅជាមួយខ្លួន។ នៅពេលនោះឆ្មាសប្បាយចិត្តណាស់ ដោយមានខ្លាដែលជាបងប្អូនល្អបានឃាត់គេឲ្យនៅជាមួយ។ ប៉ុន្តែយូរទៅឆ្មាបែរជារស់នៅមិនសុខទៅវិញ ព្រោះគេមានអារម្មណ៍ថាមិនស៊ីវិល័យដូចជាទីក្រុង ដោយមានអារម្មណ៍ធុញ ហើយគ្មានអ្វីស៊ីដូចជាក្នុងទីក្រុងសោះ។ ជាងនេះទៅទៀត ឆ្មាមួយក្បាលនេះមានចរិតក្រអើតក្រទមណាស់ ដោយអាងមានខ្លាជាខ្នងបង្អែក ហ៊ានធ្វើគ្រប់បែបយ៉ាងដាក់សត្វដទៃក្នុងព្រៃ។ ជាហេតុដែលធ្វើឲ្យសត្វទាំងនោះស្អប់ឆ្មាខ្លាំងណាស់។ ទីបំផុត ឆ្មាមួយនេះមិនអាចបន្តរស់នៅក្នុងព្រៃទៀតទេ វាក៏រត់ទៅទីក្រុងវិញ។ ពេលនោះសត្វទាំងអស់សប្បាយចិត្តណាស់ រួមទាំងខ្លាដែលជាបងប្អូនវាក៏សប្បាយចិត្តដែរ ព្រោះមិនពេញចិត្តនឹងចរិតរបស់ឆ្មាមួយក្បាលនេះឡើយ។ រឿងនេះចង់អប់រំទារកក្នុងផ្ទៃថា ក្នុងនាមជាមនុស្សម្នាក់គួរតែធ្វើជាបុគ្គលដែលគេពេញចិត្ត មិនគួរធ្វើចរិតឲ្យគេស្អប់ឡើយ។ ជាពិសេស គួរតែចេះស្កប់ស្កល់ មិនគួរលោភលន់ខ្លាំងឡើយ។ ម្យ៉ាងទៀត ក៏បានអប់រំកូនថា ត្រូវតែចេះរាប់មិត្តឲ្យច្រើនជាងសត្រូវ ទើបមានផ្លូវដើរនៅថ្ងៃក្រោយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង