ប្រសិនជាអ្នកឲ្យកូនគេងលើគ្រែតែមួយជាមួយអ្នក អ្នកគួរតែប្រយ័ត្ននូវចំណុចមួយចំនួន ដើម្បីអាចចៀសពីគ្រោះថ្នាក់ជាយថាហេតុ។ តើមានអ្វីខ្លះទៅ?

1. បើគ្រែរបស់អ្នកមានរាងតូច អ្នកគួរតែឲ្យកូនគេងលើគ្រែមួយទៀត ដែលជាគ្រែសម្រាប់ទារក ព្រោះបើអ្នកឲ្យកូនគេងនៅកណ្តាលអ្នកទាំងពីរ នឹងអាចធ្វើឲ្យកូនងាយកើតមានគ្រោះថ្នាក់ ដោយសារតែអ្នកអាចសង្កត់លើគេគ្រប់ពេលនៅពេលដែលគេងលក់ស្រួល ប្រែខ្លួនដោយមិនដឹងខ្លួន។

2. នៅលើគ្រែរបស់អ្នក មិនគួរទុករបស់ច្រើនពេកនោះទេ ព្រោះអាចធ្វើឲ្យកូនពិបាកដកដង្ហើម នៅពេលដែលកូនគេងលើនោះ។ ដូចនេះ អ្នកគួរតែរៀបចំគ្រែឲ្យមានរបៀបរាបរយ ទើបកូនមិនងាយជួបគ្រោះថ្នាក់នៅលើគ្រែនោះ។

3. អ្នកមិនគួរប្រើភួយតែមួយជាមួយកូននោះទេ ព្រោះនៅពេលដែលអ្នកគេងមិនប្រយ័ត្ន អាចគ្របកូននៅក្នុងនោះ ដោយធ្វើឲ្យកូនងាយកើតមានគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែឲ្យកូនប្រើភួយដែលជារបស់គេផ្ទាល់ ទើបអាចធានាសុវត្ថិភាពបាន។

4. អ្នកមិនគួរទុកកូនឲ្យនៅលើគ្រែតែម្នាក់ឯង ដោយយកខ្នើយមកទប់នៅសងខាងកូននោះទេ ព្រោះបើកូនប្រែខ្លួនមិនប្រយ័ត្ន វានឹងអាចធ្វើឲ្យកូនចូលទៅក្រោមខ្នើយបាន។ ដូចនេះ គួរតែមានមនុស្សម្នាក់នៅអង្គុយមើលថែកូន ទើបមានសុវត្ថិភាព។

5. ប្រសិនជាឳពុកជក់បារី និងញ៉ាំស្រា អ្នកមិនគួរឲ្យគេងជាមួយកូនឡើយ ព្រោះអាចធ្វើឲ្យកូនអ្នកកើតគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ លោកប៉ាគួរតែគេងក្នុងបន្ទប់ផ្សេង ដើម្បីអាចធានាសុវត្ថិភាពរបស់កូនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង