ជាតិកាលស្យូមគឺជាសមាធាតុជាតិរ៉ែដ៏សំខាន់មួយប្រភេទក្នុងរាងកាយមនុស្សយើង។ យើងត្រូវការជាតិរ៉ែមួយនេះដើម្បីថែរក្សាសុខភាពធ្មេញ និងឆ្អឹង ជួយដល់ទម្ងន់រាងកាយ បន្ថយឱកាសកើតជំងឺមហារីក ថែរក្សាសុខភាពបេះដូង និងតុល្យភាពសម្ពាធឈាម។ ជាតិកាលស្យូមមិនត្រឹមតែមានក្នុងឆ្អឹងទេ តែក៏មានក្នុងឈាមផងដែរ។ ការកង្វះជាតិកាលស្យូមគឺជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់សុខភាព។ អាការៈធំៗបំផុតមួយចំនួនរបស់ជំងឺនេះគឺ ពុកឆ្អឹង និងសុខភាពមាត់ធ្មេញមិនល្អ។ បើសិនជាវាកើតឡើងរយៈពេលយូរ វាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរជាប់រហូតបាន។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលរាងកាយកំពុងតែប្រាប់ឲ្យអ្នកដឹងថា អ្នកត្រូវញ៉ាំអាហារមានជាតិកាល្យូមកាន់តែច្រើនថែមទៀត។
ឆ្អឹងងាយបាក់
ការបាក់បែកឆ្អឹងដោយសារតែគ្រោះថ្នាក់គឺជារឿងធម្មតា។ ប៉ុន្តែបើសិនជាអ្នកធ្លាប់បាក់បែកឆ្អឹងកដៃដោយសារតែដួលតិចតួចដែឬនោះ វាអាចជាសញ្ញាបញ្ជាក់ដ៏ធំមួយថា ឆ្អឹងរបស់អ្នកកំពុងតែពុកហើយ។ នៅពេលអាយុកាន់តែច្រើន ឆ្អឹងរបស់មនុស្សយើងងាយនឹងពុកណាស់ ហើយក៏បាត់បង់ជាតិកាលស្យូមច្រើនដែរ។ យើងមិនអាចជំនួសជាតិកាលស្យូមក្នុងឆ្អឹងរបស់យើងបានឡើយ។ យកល្អគួរតែញ៉ាំជាតិកាលស្យូមឲ្យបានគ្រប់គ្រាន់ដើម្បីបង្ការការជ្រៀតចេញរបស់ជាតិកាលស្យូមពីក្នុងឆ្អឹងបែបនេះ។
សាច់ដុំឈឺបែបរមួលៗ ឬរមួលក្រពើ
ការឈឺសាច់ដុំបែបរមួលៗងាយនឹងកើតឡើងច្រើនណាស់។ វាអាចដោយសារតែ សាច់ដុំធ្វើការខ្លាំងពេក កង្វះការហាត់ប្រាណជាដើម។ យ៉ាងណាមិញ ការឈឺសាច់ដុំបែបរមួល ឬហៅថារមួលក្រពើជាប់រហូត អាចជាសញ្ញានៃការកង្វះជាតិកាលស្យូមក្នុងឈាមដែរ។ ការកង្វះជាតិកាលស្យូមរយៈពេលយូរ អាចបណ្តាលឲ្យមិនមានផាសុកភាពដល់សាច់ដុំ សាច់ដុំកន្ត្រាក់ជាប់ និងឈឺតឹងក្នុងសាច់ដុំ។ កម្រិតជាតិកាលស្យូមរបស់អ្នកមិនគួរណាចុះទាបពេកទេ ព្រោះវាអាចធ្វើឲ្យមានរោគសញ្ញាទាំងនេះ ហើយវាក៏អាចគ្រោះថ្នាក់បានដែរបើសិនជាមិនបានព្យាបាលទេនោះ។
បញ្ហាសុខភាពមាត់ធ្មេញ
បើសិនជាអ្នកឧស្សាហ៍ទៅឲ្យពេទ្យធ្មេញពិនិត្យ មានអនាម័យមាត់ធ្មេញ និងចៀសផុតពីអាហារដែលនាំឲ្យមានក្លិនមាត់អាក្រក់ ហើយនៅតែជួបបញ្ហាមាត់ធ្មេញទៀតនោះ អ្នកប្រហែលជាត្រូវគិតដល់ការកង្វះជាតិកាលស្យូមហើយ។ ការកង្វះជាតិកាលស្យូមអាចធ្វើឲ្យធ្មេញខ្សោយ ងាយនឹងខូច សឹកធ្មេញ និងមានបញ្ហាអញ្ចាញធ្មេញ។
លើសសម្ពាធឈាម
ការលើសសម្ពាធឈាមច្រើនតែមិនជាប់ទាក់ទងនឹងការកង្វះជាតិកាលស្យូមឡើយ។ ប៉ុន្តែ ការសិក្សាបានអះអាងថា ការញ៉ាំជាតិកាលស្យូមច្រើនពីរបបអាហារ អាចបន្ថយឱកាសកើតជំងឺឡើសសម្ពាធឈាមបានយ៉ាងអស្ចារ្យ។ មានកត្តាច្រើនណាស់ដែលអាចប៉ះពាល់ដល់កម្រិតជាតិកាលស្យូមក្នុងរាងកាយ។ ការបឺតស្រូបជាតិកាលស្យូមក៏អាចរងការប៉ះពាល់ដោយការប្រើថ្នាំ ជំងឺ អាយុ និងរបបអាហារដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានជាតិកាលស្យូមគ្រប់គ្រាន់ក្នុងរាងកាយ គឺញ៉ាំអាហារមានតុល្យភាព។ ការញ៉ាំបន្លែ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនច្រើនគឺជារឿងល្អបំផុត។ ប៉ុន្តែបើសិនជាអ្នកធ្លាប់មានអាការៈកង្វះជាតិកាលស្យូមហើយ ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យបន្ថែមផង៕