ថ្វីបើមនុស្សភាគច្រើនគិតថា កូឡេស្តេរ៉ុលគ្មានអ្វីល្អក្រៅពីបង្កគ្រោះថ្នាក់ដល់សុខភាពទេ តែទាល់តែវាឡើងខ្ពស់ជាងធម្មតាទើបជាសត្រូវសុខភាពរបស់យើង។ តាមរយៈអត្ថបទនេះ ខ្ញុំនឹងធ្វើការវែកញ៉ែកឲ្យកាន់តែច្បាស់ថា អ្វីទៅជាការលើសជាតិកូឡេស្តេរ៉ុលក្នុងឈាម ថាតើវាពិតជាផ្តល់ផលអាក្រក់ដូចម្តេចខ្លះចំពោះសុខភាព។
កូឡេស្តេរ៉ុលមានពីរប្រភេទគឺ កូឡេស្តេរ៉ុលល្អ និងអាក្រក់
កូឡេស្តេរ៉ុលអាក្រក់ ឬហៅថា LDL (Low-density Lipoprotein Cholesterol)
មូលហេតុដែលគេហៅថា វាជាកូឡេស្តេរ៉ុលអាក្រក់ ដោយសារតែ វាអាចធ្វើឲ្យសរសៃឈាមអាក់ទែស្ទះ។ អ្នកពិតជាមិនចង់ឲ្យរឿងនេះកើតឡើងទេ ដោយសារតែវាអាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
កូឡេស្តេរ៉ុលល្អ ឬហៅថា HDL (High-density Lipoprotein Cholesterol)
នេះគឺជាកូឡេស្តេរ៉ុលល្អ ដោយសារតែ វាពិតជាជួយការពារសរសៃឈាមអាក់ទែកុំឲ្យស្ទះបាន។ វាធ្វើការតាមរយៈ ដឹកនាំកូឡេស្តេរ៉ុលអាក្រក់ក្នុងចរន្តឈាមចូលទៅក្នុងថ្លើម និងដើម្បីបញ្ចេញចោលពីក្នុងខ្លួន។
តើកូឡេស្តេរ៉ុលចាំបាច់ទេ?
តាមពិតទៅ គឺថា រាងកាយមនុស្សយើងត្រូវការកូឡេស្តេរ៉ុលដើម្បីធ្វើការងារបានយ៉ាងល្អ។ តួនាទីដ៏សំខាន់ៗបំផុតមួយចំនួនដែលត្រូវការប្រើកូឡេស្តេរ៉ុលនោះគឺរួមមាន សំយោគអ័រម៉ូន ផលិតវីតាមីន D និងថែរក្សាជញ្ជាំងរបស់កោសិកានីមួយៗក្នុងខ្លួន។ ការពិតទៀតនោះគឺថា រាងកាយក៏អាចផលិតកូឡេស្តេរ៉ុលដោយខ្លួនឯងបានដែរ ហេតុដូច្នេះហើយទើបកូឡេស្តេរ៉ុលគឺជារបស់ដែលសំខាន់។ ប៉ុន្តែតម្រូវការនេះគឺ ប្រើប្រាស់កូឡេស្តេរ៉ុលតែមួយចំនួនប៉ុណ្ណោះ ជាពិសេសពីរបបអាហារ។ កូឡេស្តេរ៉ុលសរុបក្នុងរាងកាយអាចនឹងកើនឡើងលឿន ដែលវាមិនមែនជារឿងល្អឡើយ។
កូឡេស្តេរ៉ុលឡើងខ្ពស់មិនមែនជារឿងល្អឡើយ
អ្វីដែលធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់នោះគឺនៅពេលដែលវាមានចំនួនដ៏ច្រើនក្នុងចរន្តឈាម។ នេះដោយសារតែវាគឺជាអ្វីដែលអាចធ្វើឲ្យសរសៃឈាមអាក់ទែស្ទះបាន។ នៅពេលរឿងនេះកើតឡើងមែន អ្នកនឹងងាយមានជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងខ្ពស់។ រឿងនេះក៏ធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល រហូតដល់ស្លាប់បានដែរ។
គ្រូពេទ្យជាច្រើននិយាយថា វាគឺជារឿងល្អមួយសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ ថែរក្សាចំនួនកូឡេស្តេរ៉ុលសរុបក្នុងឈាមឲ្យនៅក្រោម ២០០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
ការព្យាបាល និងបង្ការ
ដើម្បីកុំឲ្យមានបញ្ហាលើសកូឡេស្តេរ៉ុលក្នុងឈាម របបអាហារដែលមានកូឡេស្តេរ៉ុលទាបត្រូវបានគេណែនាំឲ្យទទួលទាន។ វាក៏ជាការព្យាបាលបឋមដែលត្រូវបានណែនាំឲ្យអនុវត្តចំពោះអ្នកដែលត្រូវបានគេរកឃើញថាមានបញ្ហាលើសជាតិកូឡេស្តេរ៉ុលក្នុងឈាមដែរ។ ការសម្រកទម្ងន់ និងបន្ថយស្រ្តេសក៏ជួយបានខ្លះដែរ។ បើសិនជា មនុស្សម្នាក់មិនឆ្លើយតបនឹងការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅបែបនេះ គ្រូពេទ្យអាចនឹងចេញថ្នាំបញ្ចុះកូឡេស្តេរ៉ុលឲ្យប្រើហើយ៕