ប៉េងប៉ោះគឺជាគ្រឿងផ្សំធ្វើម្ហូបមួយដែលពេញនិយមញឹកញាប់បំផុតក្នុងចំណោមអាហារទាំងអស់ដែលប្រជាជនខ្មែរយើងធ្វើទទួលទាន។ ក្រៅពីនេះតាមប្រជាជនលោកខាងលិច គេក៏ច្រើនតែប្រើដើម្បីញាត់ក្នុងហេមបឺហ្គឺ ធ្វើសាឡាត់ និងផាស្តាជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍មួយរបស់ប៉េងប៉ោះនោះគឺជាតិសរសៃតែម្តង។ ជាតិសរសៃច្រើនតែមានក្នុងបន្លែនិងផ្លែឈើភាគច្រើន ហើយដើរតួនាទីលុបបំបាត់ភ្នាក់ងារងារអាក្រក់ៗចេញពីក្នុងខ្លួនដូចជា ជាតិពុល និងរ៉ាឌីកាលសេរី ដែលវាជាដើមហេតុនាំឲ្យកើតជំងឺដូចជា ជំងឺបេះដូង និងមហារីកជាដើម។ ជាតិសរសៃក៏ជម្រុញដល់ចលនារបស់ពោះវៀនដែរ ដូច្នេះ វានឹងបង្ការបញ្ហាក្នុងក្រពះពោះវៀនបានយ៉ាងច្រើនដូចជា ទល់លាមក ឬសដូងបាត រលាកពោះវៀនជាដើម។ 

វីតាមីន C និង K 

អត្ថប្រយោជន៍ពីរផ្សេងទៀតនៃការញ៉ាំប៉េងប៉ោះ គឺវាផ្តល់នូវវីតាមីន C និង K។ វីតាមីន C បង្កើនភាពស៊ាំនឹងការបង្ករោគ និងជំងឺហើយក៏ជម្រុញដល់មុខងាររបស់កូឡាជែន សារធាតុដែលដើរតួដូចស៊ីម៉ងន៍ និងជួយភ្ជាប់កោសិកាធូរឲ្យតោងគ្នាបានយ៉ាងល្អ។ កូឡាជែនក៏ជួយបង្ការភាពចាស់ដែរ ជាពិសេសស្បែកជ្រីវជ្រួញតែម្តង។ វីតាមីន K នឹងជួយបង្ការការបាត់បង់ឈាម តាមរយៈពន្លឿនដល់ការជាសះរបស់របួស។ 

បេះដូងសរសៃឈាម

ប៉េងប៉ោះក៏ជួយជម្រុញដល់សុខភាពបេះដូង និងសរសៃឈាមបានដែរ។ ប៉េងប៉ោះមានជាតិប៉ូតាស្យូម ដែលជាជាតិរ៉ែមួយប្រភេទជួយសម្រួលដល់សម្ពាធឈាម។ ដូច្នេះ ប៉េងប៉ោះក៏ជួយបង្ការការកើនឡើង ឬថយចុះរបស់សម្ពាធឈាមបាន។ ការបង្កើនចំនួនប៉ូតាស្យូមក្នុងខ្លួន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បន្ថយការប្រឈមនឹងជំងឺបេះដូង។

ប្រឆាំងនឹងមហារីក

អត្ថប្រយោជន៍ផ្សេងមួយទៀតនៃការញ៉ាំប៉េងប៉ោះគឺបង្ការ និងគ្រប់គ្រងជំងឺមហារីក។ ប៉េងប៉ោះផ្ទុកទៅដោយសារធាតុ Saponin Phytonutrients ហៅថា Alpha-tomatine ដែលអាចសម្រួលដល់សកម្មភាពរំលាយអាហារក្នុងការបង្កើតកោសិការមហារីកក្រពេញប្រូស្តាត និងភ្ញោចដល់ការងាប់របស់កោសិកាតាមកំណត់ក្នុងកោសិកាមហារីកក្រពេញប្រូស្តាតដែលត្រូវបានកើតរួចហើយដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង