អាហារលឿនគឺជាអាហារទាំងឡាយណាដែលរៀបចំរួចហើយ ហើយក៏ស្រួលញ៉ាំ និងញ៉ាំបានលឿនដែរ។ អាហារទាំងនេះភាគច្រើនគឺជាអាហាររបស់លោកខាងលិចដូចជា បឺហ្គឺរ ដំឡូងចៀនចំណិត ឬភីហ្សាជាដើម។ ថ្វីបើមានការលូតលាស់នូវជម្រើសអាហារលឿនផ្តល់សុខភាពល្អជាងមុនច្រើនក៏ដោយ ក៏អាហារលឿនភាគច្រើននៅតែត្រូវបានគេចាត់ទុកថាជាអាហារមិនផ្តល់សុខភាពដែរ។
អាហារលឿនច្រើនតែផ្ទុកទៅដោយជីវជាតិតិចតួចបំផុត តែមានកាឡូរីខ្ពស់។ បើសិនជាអាហារលឿនគឺជាសមាសធាតុអាហារដែលអ្នកទទួលទានរាល់ថ្ងៃមែននោះ អ្នកប្រហែលជាយល់ថា រាងកាយមានបញ្ហាសុខភាពច្រើនហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវបញ្ហាសុខភាពមួយចំនួនដែលវាអាចកើតឡើងដោយសារតែការញ៉ាំអាហារលឿនច្រើនពេក៖
ប្រព័ន្ធបេះដូងសរសៃឈាម និងរំលាយអាហារ
អាហារលឿនភាគច្រើនរួមទាំងរបស់ញ៉ាំ និងភេសជ្ជៈ តែងផ្ទុកទៅដោយកាបូអ៊ីដ្រាតជាមួយនឹងជាតិសរសៃតិចតួច ឬគ្មានសោះតែម្តង។ នៅពេលយើងនិយាយដល់ប្រព័ន្ធរំលាយអាហារ វានឹងរំលាយអាហារទាំងនេះ ហើយកាបូអ៊ីដ្រាតនឹងត្រូវបានបញ្ចេញជាជាតិស្ករចូលទៅក្នុងចរន្តឈាម។ ដូច្នេះ ជាតិស្ករក្នុងឈាមនឹងកើនឡើង។ ក្នុងនោះដែរ លំពែងដើរតួនាទីបញ្ចុះជាតិស្ករក្នុងឈាមតាមរយៈការបញ្ចេញអ័រម៉ូនអាំងស៊ុយលីន។ បន្ទាប់មក វានឹងបំលែងជាតិស្ករទៅជាថាមពល ហើយក៏ធ្វើឲ្យជាតិស្ករក្នុងឈាមត្រឡប់មកធម្មតាវិញដែរ។ ប៉ុន្តែក្នុងករណីដែលញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតបែបនេះញឹកញាប់ពេក វានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ជាប់ រហូតដល់អាំងស៊ុយលីនមិនអាចធ្វើការងាររបស់វាបានយ៉ាងល្អឡើយ។ ចុងក្រោយអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងឡើងទម្ងន់។
ប្រព័ន្ធសរសៃប្រសាទកណ្តាល
អាហារលឿនប្រហែលជាធ្វើឲ្យអ្នកឃ្លានក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលជាលទ្ធផលរយៈពេលយូរនោះគឺមិនសូវមានអ្វីជាវិជ្ជមានច្រើនឡើយ។ អ្នកដែលញ៉ាំប្រភេទអាហារលឿនច្រើនទំនងជាងាយនឹងកើតជំងឺបាក់ទឹកចិត្ត ៥១ភាគរយ នៅពេលប្រៀបធៀបនឹងអ្នកដែលមិនបានញ៉ាំអាហារនេះ ឬញ៉ាំតិចតួច។
ប្រព័ន្ធស្បែក សក់ និងក្រចក
អាហារដែលអ្នកញ៉ាំប្រហែលជាប៉ះពាល់ដល់រូបរាងរបស់ស្បែក ប៉ុន្តែវាប្រហែលជាមិនមែនជាអាហារដែលអ្នកត្រូវសង្ស័យឡើយ។ អាហារមានជាតិខ្លាញ់ និងសូកូឡារួមទាំងភីហ្សាផងដែរនោះត្រូវបានគេរកឃើញថា ជាដើមហេតុនាំឲ្យកើតមុន។ រឿងនេះដោយសារតែ វាជាអាហារសម្បូរជាតិកាបូអ៊ីដ្រាត ដែលនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយក៏ជាអ្នកនាំឲ្យកើតមុនដែរ។ អ្នកដែលញ៉ាំអាហារលឿនយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ក៏ទំនងជាងាយនឹងកើតជំងឺតាអកដែរ។
ប្រព័ន្ធប្រដាប់បន្តពូជ
ធាតុផ្សំក្នុងអាហារលឿនប្រហែលជាមានផលអវិជ្ជមានមួយចំពោះលទ្ធភាពនៃការមានកូន។ ការសិក្សាមួយបានឲ្យដឹងថា អាហារកៃឆ្នៃផ្ទុកទៅដោយសារធាតុ Phthalates ដែលត្រូវបានគេដឹងថា ជាសារធាតុគីមីមួយ អាចរំខានដល់របៀបដែលអ័រម៉ូនក្នុងខ្លួនយើងធ្វើការបាន។ ការប៉ះពាល់នឹងសារធាតុនេះកាន់តែច្រើន អាចនាំឲ្យមានបញ្ហានៃការបន្តពូជច្រើន ក្នុងនោះក៏មានកូនកើតមកខូចអវៈយវៈដែរ។
ប្រព័ន្ធផ្លូវដង្ហើម
ការដែលញ៉ាំកាឡូរីច្រើនពីអាហារលឿន អាចធ្វើឲ្យឡើងទម្ងន់ ធាត់ជ្រុល ហើយរឿងនេះអាចបន្តរហូតដល់ប្រឈមនឹងជំងឺហឺតកាន់តែខ្លាំងថែមទៀត។ ការដែលឡើងទម្ងន់ អាចដាក់សម្ពាធដល់សួត បេះដូង និងបង្ហាញរោគសញ្ញាប៉ះពាល់នឹងការដកដង្ហើមបន្តិចដែរ។ អ្នកប្រហែលជាសម្គាល់ដឹងថា ខ្លួនឯងពិបាកដកដង្ហើមក្នុងពេលហាត់ប្រាណ ឡើងកាំជណ្តើរ និងដើរ។ សម្រាប់ក្មេងៗ ការប្រឈមនឹងបញ្ហាផ្លូវដង្ហើមបែបនេះគឺជារឿងច្បាស់លាស់មួយ។ ក្មេងដែលញ៉ាំអាហារលឿនយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ទំនងជាងាយនឹងកើតជំងឺហឺតណាស់។
ប្រព័ន្ធគ្រោងឆ្អឹង
ជាតិស្ករ និងកាបូអ៊ីដ្រាតក្នុងអាហារកៃឆ្នៃ និងអាហារលឿនអាចបង្កើនចំនួនអាស៊ីតក្នុងមាត់បាន។ អាស៊ីតទាំងនេះអាចធ្វើឲ្យខូចខាតដល់ស្រទាប់ការពារធ្មេញ។ នៅពេលស្រទាប់ការពារធ្មេញនេះបាត់បង់ បាក់តេរីអាចចូល ហើយក៏បង្កជាជំងឺពុកធ្មេញថែមទៀត។ ជាមួយគ្នានេះដែរ ការធាត់ជ្រុលអាចនាំឲ្យមានផលវិបាកច្រើនជាមួយនឹងទំហំសាច់ដុំ និងកំហាប់ឆ្អឹង។ មនុស្សធាត់ជ្រុលមានការប្រឈមកាន់តែខ្ពស់នឹងការបាក់ឆ្អឹង។ យកល្អគួរតែរក្សាទម្លាប់ហាត់ប្រាណណាដែលជួយបង្កើនសាច់ដុំ សម្រាប់ទ្រទ្រង់ដល់ឆ្អឹង និងញ៉ាំអាហារផ្តល់សុខភាពដើម្បីកាត់បន្ថយការបាត់បង់កំហាប់ឆ្អឹង៕