ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​ឃើញ​វត្តមាន​លោក ព្រាប សុវត្ថិ តារាចម្រៀង​កំពូល​ប្រចាំ​ផលិតកម្ម​ហង្ស​មាស នៅក្នុង​ក្លឹប​កម្សាន្ត 2ND ទើបតែ​បើក​ថ្មី មួយ​ក្បែរ​វិមានឯករាជ្យ ខណៈ​ភរិយា​ក៏មាន​មុខ​តាម​ទាន់​លោក​នៅក្នុង​នោះដែរ​បង្ក​ការ​ងើយ​ឆ្ងល់​។​

​អ្នកគាំទ្រ​និង​ក្រុម​អ្នកសារព័ត៌មាន ស្មានតែ​ភរិយា​លោក​តាមមើល​ប្តី​ដើរលេង ការពិត​ប្រពន្ធ​លោក ព្រាប សុវត្ថិ មក​ជូន​ប្តី​និង​មើលថែ​កូន ដែល​មក​ច្រៀង​អបអរ​ពិធី​សម្ពោធ​បើក​ក្លឹប​កម្សាន្ត 2 ND សោះ ខណៈ​មហាជន​ងឿ​យ​ឆ្ងល់ ពីព្រោះ​លោក មាន​ទម្លាប់​មិន​ទទួល​ច្រៀង​ឬ​បង្ហាញ​ក្នុង​ក្លឹប​កម្សាន្ត​រាត្រី អស់​រយៈពេល​ជាច្រើន​មកហើយ​។


​ជាមួយគ្នា​នោះ​អ្នកនាង ឡុង ស្រីមុំ បង្ហាញមុខ​ចំពោះ​អ្នកកាសែត​ឱ្យដឹងថា អ្នកនាង​មិនមែន​ប្រច័ណ្ឌ ឬ ហួងហែង​លោក ព្រាប សុវត្ថិ នោះទេ ប៉ុន្តែ​វត្តមាន​របស់​អ្នកនាង​ដើម្បី​ស្វាមី និង​ផ្តល់​ភាពកក់ក្តៅ​ជូន​កូនៗ ដោយសារតែ​សម្លៀកបំពាក់ គ្រឿង​តុបតែង​ខ្លួន គឺ​អ្នកនាង​ជា​អ្នករៀបចំ​ទាំងអស់​ទាំង​មុន​ច្រៀង និង​ក្រោយ​ច្រៀង​ចប់​។ ម្យ៉ាង​អ្នកនាង​ត្រូវតែ​មើល​ការងារ​កូនប្រុស​ទាំងបី​អ្នកនាង ឱ្យ​បានល្អ​ពេលចេញ​ច្រៀង​ជាមួយ​ឪពុក ខណៈ​កូនប្រុស​អ្នកនាង​កាន់តែ​មាន​ប្រជាប្រិយភាព​ចូលក្នុង​វិស័យ​សិល្បៈ​ដែរនោះ​។ ដូច្នេះ​សម្លៀកបំពាក់ និង​គ្រឿង​តុបតែង​ខ្លួន​របស់​អ្នក​ទាំង​កូន ៣ និង​ស្វាមី​អ្នកនាង ត្រូវ​សមនិង​ល្អ​។ នេះហើយ​ដែលជា​ហេតុផល​នាំឱ្យ​អ្នកនាង​ដែលជា​ភរិយា និង ជា​ម្តាយ តែងតែ​ដើរ​តាម​លោក​ព្រាប សុវត្ថិ បើទោះបីជា​ចូល​ក្លឹប​កម្សាន្ត​ទាំង​កណ្តាលយប់​ក៏ដោយ​។

សូមបញ្ជាក់ថា លោក ព្រាប សុវត្ថិ ត្រូវគេ​ឃើញ​ច្រៀង​កូរ​ក្នុង​ក្លិប បន្ទាប់ពី​បង្ហាញ​វត្តមាន​ឈរ​កាត់​ខ្សែបូ​រណ៍ ខណៈដែល​ពេលដែល​លោក​បកស្រាយ​បទ​ចម្រៀង គឺ​ទោះជា​បទ​ទាំងនោះ​ត្រូវបាន​គេ​ស្ដាប់​ឡើង​ស៊ាំ​ត្រចៀក​ទៅហើយ​ក្ដី ក៏​អ្នកគាំទ្រ​នៅតែ​កញ្ជ្រោល​នឹង​ការគាំទ្រ​ចំពោះ​លោក​រហូតដល់​ចប់​។​


​លោក​បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា ខ្លួន​លោក​មិនសូវមាន​ចំណូលចិត្ត​ក្នុងការ​បង្ហាញខ្លួន​ចេញ​ច្រៀង​តាំង​ក្លិប​រាត្រី​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​ម្ចាស់​ក្លិប​សុទ្ធ​តែមាន​ទំនាក់ទំនង​ស្គាល់​លោក​ជា​យូរ​មកហើយ ទើប​លោក​ទទួល​ច្រៀង​។ ប៉ុន្តែ លោក​ទទួលស្គាល់ថា​ចំពោះ​តម្លៃ​ក៏ត្រូវ​តែ​ខ្ពស់​ផងដែរ ដោយសារតែ​ពេល​លោក​ចេញ​ច្រៀង​បែបនេះ​ម្ដងៗ ក៏ត្រូវ​ចំណាយ​លើ​ក្រុមការងារ ក្រុម​រាំ និង​ត្រូវ​ទទួលបាន​នូវ​កម្រៃ​អោយ​សម​នឹង​តម្លៃ​ដែល​លោក​គឺជា​តារាចម្រៀង​ម្នាក់​របស់​ហង្ស​មាស​។

​លោក ចេង វណ្ណា ម្ចាស់​ភាគហ៊ុន​ន​ធំ​មួយ​ប្រចាំ​ក្លិប 2ND បាន​អះអាងថា ការបង្ហាញ​ខ្លួន​របស់​លោក ព្រាប សុវត្ថិ ក្នុង​ពិធី​បើកសម្ពោធ​ផ្លូវការ​របស់​ក្លិប​នោះ មានតម្លៃ​មិន​ថោក​នោះទេ តែ​លោក​បដិសេធ​ទម្លាយ​អោយដឹងពី​តួលេខ​នៃ​ទឹកប្រាក់ ដោយ​លោក​បញ្ជាក់ថា​ជា​កិច្ចព្រមព្រៀង និង​ថា​អាច​ប្រាប់​បាន​ត្រឹម​ច្រើន​ពាន់​ដុល្លារ ដោយ​គ្រាន់តែ​បង្ហាញខ្លួន​មិន​ដល់​មួយ​ម៉ោង​នោះ​។ លោ​កថា​ព្រាប សុវត្ថិ ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​ពិធី​កាត់​ខ្សែបូរ និង​ច្រៀង​រាំ​ប្រមាណ​ជា​៤​បទ​ប៉ុណ្ណោះ ដើម្បី​ជា​កិត្តិយស​របស់​ក្លិប តែដោយសារ​តែ​លោក​គឺជា​តារា​ល្បី ហើយ​ក៏បាន​ដឹកនាំ​ក្រុម​រាំ​អោយមក​ច្រៀង​ឡើង​កក្រើក​ក្នុង​រាត្រី​នោះ​ផង ទើប​ស័​ក្ដ​សម​នឹង​ខ្ទង់ពាន់​ដុល្លារ​ដែល​លោក​ត្រូវបាន​។


​ម្ចាស់​ភាគហ៊ុន​ន​ធំ​មួយ​ប្រចាំ​ក្លិប 2ND បាន​បញ្ជាក់ថា លោក​នៅតែ​ចាត់ទុកថា​វត្តមាន​រប​ស់លោក​ព្រាប សុវត្ថិ គឺជា​មុខមាត់​របស់​ក្លិប​ដ៏​ធំ ដោយសារតែ​តារាចម្រៀង​រូបនេះ កម្រ​ទទួល​ច្រៀង​តាម​ក្លិប​រាត្រី​ខ្លាំងណាស់ ចាប់តាំងពី​លោក​ឡើង​កូដ និង​មាន​ទីផ្សារ​វ៉ា​ដាច់​តារាចម្រៀង​លំ​បាប់​ប្រទេស​ផ្សេងទៀត​។ នៅក្នុង​ពិធី​សម្ពោធ​ទ្រង់ទ្រាយ​ធំ​នោះ លោ​កថា​បាន​អញ្ជើញ​តារា​សិល្បៈ​ច្រើន​នាក់ ហើយ​លោក​ក៏មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ដែរ ដែល​ឃើញ​វត្តមាន​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នា​យប់នោះ​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង