មានឳពុកម្តាយជាច្រើនតែងតែផ្លាស់ប្តូរម្សៅទឹកដោះគោឲ្យកូនជានិច្ចនៅពេលដែលគេឃើញផលិតផលថ្មី ហើយអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កូន ដោយមិនគិតថានៅពេលដែលកូនផ្លាស់ប្តូរម្សៅទឹកដោះគោច្រើន វាអាចប៉ះពាល់សុខភាពកូនបាន ដោយអាចធ្វើឲ្យកូនប្រតិកម្មបាន។ ដូចនេះគួរតែមើលតាមណាទើបដឹងថាកូនប្រតិកម្មជាមួយម្សៅទឹកដោះគោឬទេ?

1.    កូននឹងមានអាការៈហើមពោះ ក្អួត មិនព្រមផឹកទឹកដោះគោ។ បើធ្ងន់ធ្ងរកូនអាចបត់ជើងធំចេញឈាម ឬទល់លាមកជាដើម។ ដូចនេះ អ្នកគួរតែសង្កេតឲ្យបានច្បាស់នៅពេលដែលផ្លាស់ប្តូរម្សៅទឹកដោះគោដល់កូន។

2.    កូនអាចមានអាការៈដកដង្ហើមញាប់ តែងតែក្អក ហៀរសំបោរ ឬប្រតិកម្មច្រមុះជាដើមដោយតែងតែកណ្តាស់។

3.    ស្បែកកូនអាចនឹងប្រតិកម្ម ដោយកូនអាចនឹងមានកន្ទួរក្រហមពេញខ្លួន មុខកូនអាចហើមទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន។

4.    កូនអាចមានចិត្តមួលម៉ៅដោយប៉ះពួកគេមិនបានឡើយ ហើយគេនឹងតែងតែយំ រករឿងរហូត ជាងនេះទៅទៀតកូននឹងមានអាការៈលូតលាស់យឺត ថែមទាំងអាចមានជំងឺខ្វះឈាមជាដើម។ ដូចនេះ បើកូនកើតមានអាការៈទាំងនេះ អ្នកគួរតែបញ្ឈប់ក្នុងការបន្តឲ្យកូនបៅម្សៅទឹកដោះគោមួយនេះ ព្រោះអាចធ្វើឲ្យកូនមានគ្រោះថ្នាក់ខ្លាំងណាស់៕