ថ្នាំប្រភេទ Cefixime គឺជាថ្នាំផ្សះមួយប្រភេទដែលស្ថិតក្នុងត្រកូល Cephalosporin ជំនាន់ទី ៣ ដ៏សកម្មមួយ ដែលប្រើសម្រាប់ការលេបតាមមាត់ ហើយវាត្រូវបានគ្រូពេទ្យប្រើប្រាស់ដើម្បីព្យាបាលលើការបង្ករោគជាច្រើនដែលបង្កឡើងដោយបាក់តេរីដូចជា រលាកទងសួត អំបៅអំបែក ការបង្ករោគនៅបំពង់ក ការរលាកក្រពេញអាមីដាស ការបង្ករោគនៅផ្លូវទឹកម៉ូត្រ និងជំងឺប្រមេះទឹកបាយ។ វាក៏ធ្វើឲ្យមានភាពហ្នឹងនរខ្លាំងចំពោះវត្តមានរបស់អង់ស៊ីម Beta-lactamase ដោយធ្វើការក្នុងនាមសម្លាប់បាក់តេរីតែម្តង។ ថ្នាំផ្សះប្រភេទ Cefixime នេះមិនមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្តាសាយ ឬការបង្ករោគដោយវីរុសផ្សេងៗឡើយ។ ការប្រើប្រាស់ថ្នាំផ្សះច្រើននៅពេលមិនចាំបាច់នឹងបង្កើនការប្រឈមនឹងការបង្ករោគនៅថ្ងៃក្រោយ ហើយអាចស៊ាំថ្នាំផ្សះថែមទៀត។ 

យន្តការថ្នាំផ្សះលើការសម្លាប់បាក់តេរី

ថ្នាំ Cefixime នឹងទៅតោង Penicillin-binding Proteins (PBPs) ពិសេស ដែលស្ថិតនៅក្នុងជញ្ជាំងកោសិកាបាក់តេរី ដើម្បីបញ្ជប់ការសំយោគជញ្ជាំងបាក់តេរីដំណាក់កាលទីបី និងចុងក្រោយ។ ក្រោយបីជញ្ជាំងកោសិកាត្រូវបានរំលាយចោលហើយ កោសិកាបាក់តេរីនឹងត្រូវងាប់ ដូច្នេះថ្នាំ Cefixime ដើរតួនាទីទៅរំខានការរស់នៅរបស់បាក់តេរី ជាមួយនឹងការរំលាយកោសិការបាក់តេរីឲ្យងាប់តែម្តង។ 

ផលរំខាន

ផលរំខានធ្ងន់ធ្ងរនៃការប្រើថ្នាំផ្សះប្រភេទនេះមានដូចជា ការរាករូសដែលមានឈាម ឬរាកសុទ្ធតែទឹក វិលមុខ ឈឺចាប់ ឬពិបាកនោម ឬប្រែប្រួលចំនួនទឹកនោម ប្រកាច់ អស់កម្លាំងខុសធម្មតា ប្រតិកម្មអាឡែហ្ស៊ីដូចជា កន្ទួលរមាស់ ហើមមុខ ហើមបបូរមាត់ ឬអណ្តាត មានបញ្ហាក្នុងការដកដង្ហើម ក្តៅខ្លួន ឡើងក្រហមស្បែក មានពងបែកលើស្បែក ហូរឈាម ឬជាំលើស្បែក ភ្នែកទៅជាលឿង។ ចំពោះផលរំខានធ្ងន់ធ្ងរដែលមិនសូវកើតមានវិញមានដូចជា ចង្អោ ក្អួត ឈឺក្បាល រាករូស ឈឺពោះ ផោមច្រើន រលាករន្ធគូថ ឬប្រដាប់ភេទ។

ការប្រើប្រាស់សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន

ការសិក្សាជាច្រើនដែលត្រូវបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរ ក្នុងកម្រិតប្រើលើសមនុស្ស ៤០០ដង នោះ បានបង្ហាញថា វាមិនមានផលប៉ះពាល់អ្វីទៅលើលទ្ធភាពនៃការមានកូន ឬគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃឡើយ។ វាមិនមានផលវិបាកអ្វីទាំងអស់ ហើយការសិក្សាដែលមានការគ្រប់គ្រងល្អលើស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនក៏មិនមានអ្វីគួរឲ្យកត់សម្គាល់ដែរ។ ថ្នាំ Cefixime មិនត្រូវប្រើលើស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនឡើយបើសិនជាមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ 

កម្រិតនៃការប្រើប្រាស់

សម្រាប់មនុស្សពេញវ័យដែលមានជំងឺអំបៅអំបែក រលាកក្រពេញអាមីដាស រលាកបំពង់ករ និងការបង្ករោគនៅផ្លូវទឹកម៉ូត្រ គឺត្រូវប្រើ ៤០០មីលីក្រាម តែម្តងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ឬបែងចែកជា ២០០មីលីក្រាម ជារៀងរាល់ ១២ម៉ោងម្តង។ សម្រាប់ក្មេងៗវិញ ដែលមានអាយុចាប់ពី ៦ខែឡើងទៅ អាចប្រើក្នុងកម្រិត ៨មីលីក្រាមក្នុងមួយគីឡូក្រាមក្នុងមួយថ្ងៃ ដោយប្រើតែម្តងក្នុងមួយថ្ងៃ ឬបែងចែកជា ៤មីលីក្រាមក្នុងមួយកីឡូក្រាមជារៀងរាល់ ១២ម៉ោងក៏បាន។ 

ដើម្បីបន្ថយបញ្ហាស៊ាំថ្នាំផ្សះ និងរក្សាប្រសិទ្ធភាពនៃការប្រើថ្នាំ Cefixime និងថ្នាំផ្សះផ្សេងៗទៀត ថ្នាំ Cefixime គួរតែប្រើប្រាស់ក្នុងករណីព្យាបាលការបង្ករោគដែលមានការធ្វើតេស្តរួច ឬសង្ស័យថាបង្កឡើងដោយបាក់តេរីខ្លាំង៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here