ការញ៉ាំអាហារច្រើន ជាពិសេសអាហារសម្បូរជាតិខ្លាញ់ និងហិរ ពិតជាងាយនឹងធ្វើឲ្យក្រពះធ្វើទុក្ខខ្លាំងណាស់។ រឿងនេះអាចនាំឲ្យមានការឈឺចាប់ ឬមិនមានផាសុកភាពខ្លាំងដូចជា ឈឺរមួលៗក្នុងពោះ ឈឺក្បាល ចង្អោ ក្អួត និងរាករូស។ សំណាងដែរ បញ្ហានេះមានវិធីព្យាបាលច្រើនណាស់។ តាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញអំពីវិធីព្យាបាលការឈឺក្រពះតាមបែបប្រជាជនថៃចំនួនពីររបៀបដូចខាងក្រោម៖ 

ញ៉ាំតែស្លឹកគ្រៃ

បើសិនជាអ្នកងាយនឹងឈឺក្រពះដោយសារតែមិនអាចបញ្ឈប់ការញ៉ាំអាហារមានជាតិខ្លាញ់ និងហិរច្រើនទេនោះ យកល្អគួរតែប្រើវិធីញ៉ាំតែស្លឹកគ្រៃដើម្បីជួយសម្រួលការឈឺក្រពះនេះទៅ។ ក្នុងប្រទេសថៃ តែស្លឹកគ្រៃគឺជាការព្យាបាលការឈឺក្រពះដ៏ពេញនិយមបំផុតហើយ។ តែស្លឹកគ្រៃមានប្រសិទ្ធភាពយ៉ាងល្អដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក។ អ្វីដែលកាន់តែសំខាន់នោះគឺថា វាល្អបំផុតក្នុងការសម្រួលដល់បញ្ហាឈឺពោះបែបរមួលៗតែម្តង។ ក្រោយពីញ៉ាំតែនេះមួយពែងហើយ អ្នកនឹងយល់ថាមានភាពធូរស្រាលយ៉ាងច្រើនជាមិនខាន។ 

ញ៉ាំបាយ ឬបបរក្តៅ

នៅប្រទេសថៃ ភាគច្រើន អ្នកដែលឈឺក្រពះគឺចូលចិត្តញ៉ាំបបរមួយចានតូច។ និយាយដល់រឿងបបរនេះ វាក៏មិនខុសគ្នាពីខ្មែរយើងដែរ គឺអាចធ្វើញ៉ាំបានយ៉ាងស្រួល តែត្រូវចាំថា គួរតែដាក់ទឹកឲ្យច្រើនបន្តិច។ មុននឹងញ៉ាំបបរនេះ គួរតែដាក់អំបិលបន្តិចផង ដើម្បីជួយឲ្យការព្យាបាលនេះកាន់តែមានរសជាតិបន្តិច៕