ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុដែលអាចធ្វើឲ្យមនុស្សស្លាប់បាន ខណៈពេលដែលវាជាជំងឺដែលអាចបង្ការបាន។ វេជ្ជបណ្ឌិត Mitchell Elkind សាស្រ្តាចារ្យខាងផ្នែកសរសៃប្រសាទ និងអេពីដេមីសាស្រ្ត នៅឯសាកលវិទ្យាល័យកូឡុំបី ក្នុងទីក្រុងញ៉ូយក និងជាប្រធានសមាគមន៍ជំងឺដាច់សរសៃឈាមខួរក្បាលអាមេរិកទៀតនោះ បាននិយាយថា យើងត្រូវតែបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីបន្ថយជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសក្នុងសហគមន៍វប្បធម៌ចម្រុះ និងឲ្យដល់អ្នកដែលមានវ័យក្មេងៗបានដឹងដែរ។ 

ជំងឺដាច់សរសៃឈាមខួរក្បាលមានច្រើនប្រភេទដូចជា Ischemic, Hemorrhagic និង Transient Ischemic Attack (TIA)។ ប្រភេទ Ischemic គឺជាការស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារតែកំណកឈាម ខណៈពេលដែល Hemorrahgic កើតឡើងដោយសារតែសរសៃឈាមក្នុងខួរក្បាលដាច់រហែក។ ចំពោះ TIA ឬ Mini-stroke វិញ បង្កឡើងដោយការស្ទះសរសៃឈាមក្នុងខួរក្បាលបណ្តោះអាសន្ន។ យ៉ាងណាមិញ ៨៧ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់គឺជាប្រភេទ Ischemic។ 

ក្នុងពេលដែលមនុស្សម្នាក់ៗកើតជំងឺដាច់សរសៃឈាមខួរក្បាលម្តងៗ មានកោសិកាខួរក្បាលជិត ១២០លានកោសិកាដែលស្លាប់ជារៀងរាល់ម៉ោង។ បើប្រៀបធឿបជាមួយនឹងអត្រាធម្មតានៃការចាស់ទៅតាមអាយុរបស់ខួរក្បាល ខួរក្បាលមានអាយុ ៣.៦ឆ្នាំជារៀងរាល់ម៉ោងក្នុងពេលដាច់សរសៃឈាមខួរក្បាលម្តងៗ។ កាលណាអ្នកជំងឺទទួលបានការថែទាំ និងព្យាបាលកាន់តែលឿន ឱកាសជាសះស្បើយវិញកាន់តែលឿនដែរ។ ប្រហែល ៦៦ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានសម្គាល់ដឹងដោយមនុស្សនៅជុំវិញខ្លួន ប៉ុន្តែមិនសូវមាននរណាដឹងអំពីអាការៈព្រមានរបស់ជំងឺនេះឡើយដូចជា ធ្លាក់មុខ ខ្សោយដៃ ពិបាកនិយាយ ហើយក៏ត្រូវទាក់ទងទៅលេងរថយន្តសង្គ្រោះបន្ទាន់ដែឬ។ 

អ្នកជំងឺដាច់សរសៃឈាមខួរក្បាលម្នាក់ក្នុងចំណោម ៤នាក់ដែលមានជីវិតរស់អាចនឹងមានជំងឺនេះម្តងទៀត។ ការបង្ការគឺជារឿងសំខាន់សម្រាប់អ្នកមានជីវិតដោយសារតែជំងឺនេះ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលដែលកើតឡើងជាលើកទីពីរអាចនឹងធ្ងន់ធ្ងរជាងលើកដំបូងខ្លាំង។

ជំងឺលើសសម្ពាធឈាមគឺជាមូលហេតុដ៏ញឹកញាប់មួយរបស់ជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែវាអាចគ្រប់គ្រងបាន។ កត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមួរក្បាលផ្សេងៗទៀតរួមមានដូចជា ធាត់ជ្រុល ទឹកនោមផ្អែម លើសកូឡេស្តេរ៉ុលក្នុងឈាម ជក់បារី និងមានប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ។ ៨០ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាលគឺអាចការពារបាន ហើយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលអាចកាត់បន្ថយបានទៀតតាមរយៈរបៀបរស់នៅដែលផ្តល់សុខភាពដូចជា ការញ៉ាំអាហារផ្តល់សុខភាព និងរស់នៅបែបសកម្មរាងកាយ៕