នៅពេលដែលអ្នកកើតកូនទី២ តើអ្នកធ្លាប់សង្កេតឃើញទេថា កូនច្បងតែងតែមានភាពច្រណែន ហើយមិនសូវត្រូវគ្នាជាមួយប្អូនឡើយ ហើយគេតែងតែឈ្លោះជាមួយប្អូនទៀតផង។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅទើបគេអាចស្រលាញ់ប្អូនបាននោះ ហើយត្រូវគ្នា?
ចែករំលែកប្រដាប់ប្រដាល់លេង
នៅពេលដែលអ្នកទិញប្រដាប់ប្រដាល់លេងឲ្យកូន អ្នកមិនត្រូវទិញដូចគ្នាទេ ហើយអ្នកត្រូវទិញប្រដាប់ប្រដាល់លេងប្លែកៗឲ្យពួកគេលេង ដោយបង្រៀនឲ្យគេចេះចែករំលែកប្រដាប់ប្រដាល់លេងជាមួយគ្នា ទើបមនោសញ្ចេតនាបងប្អូនគេល្អ។
ចែករំលែកអាហារ
នៅពេលដែលអ្នកទិញការ៉េម ឬនំដែលឆ្ងាញ់ឲ្យកូន អ្នកមិនត្រូវទិញ២ទេ អ្នកត្រូវទិញតែមួយ ហើយបង្រៀនកូនឲ្យចែកគ្នាបរិភោគ ព្រោះបើអ្នកទិញឲ្យគេម្នាក់មួយ នោះគេនឹងមិនមានភាពស្និទ្ធស្នាលឡើយ។ ប៉ុន្តែបើគេបរិភោគជាមួយគ្នា នោះមនោសញ្ចេតនារបស់គេទាំងពីរនឹងកាន់តែល្អ។
ឱប
អ្នកត្រូវតែឧស្សាហ៍ឲ្យគេឱបគ្នា ព្រោះការឱបនេះអាចបញ្ជាក់ពីការស្រលាញ់របស់បងចំពោះប្អូន។ ដូចនេះគេនឹងកាន់តែត្រូវគ្នា ហើយកាន់តែស្រលាញ់ប្អូនជាងមុន ជាងនេះទៅទៀតគេនឹងមិនឈ្លោះជាមួយប្អូនឡើយ។
ហៅបងឲ្យជួយប្អូន
អ្នកអាចហៅបងឲ្យជួយពាក់ស្បែកជើងឲ្យប្អូន នាំប្អូនទៅលាងដៃ ឬលាងដៃឲ្យប្អូន នាំប្អូនទៅលេង ឬជិះកង់ជាមួយប្អូន នោះយូរទៅគេនឹងអាចចុះសម្រុងនឹងប្អូនយ៉ាងងាយ ហើយមិនស្អប់ប្អូននោះទេ ព្រោះគេមានប្អូនកំដរគេលេង ហើយលេងបានសប្បាយទៀតផង៕