ខោទឹកនោមពិតជាសំខាន់ណាស់សម្រាប់កូន ហើយវាក៏អាចកំណត់សុខភាពកូនបានដែរ ព្រោះវាជាកន្លែងដែលនៅជិតប្រដាប់ភេទរបស់កូន។ ដូចនេះមុនពេលដែលអ្នកទិញ អ្នកត្រូវតែជ្រើសរើសឲ្យបានប្រយ័ត្ន។ តើគួរតែជ្រើសរើសខោទឹកនោមប្រភេទណាទើបល្អចំពោះកូននោះ?
- ល្មមខ្លួន
ដំបូងអ្នកត្រូវតែជ្រើសរើសខោទឹកនោមដែលល្មមនឹងខ្លួនកូន ព្រោះបើតូចពេក វាអាចធ្វើឲ្យស្បែកកូនឡើងក្រហមបាន ថែមទាំងអាចឡើងកន្ទួលទៀតផង។
- មិនត្រូវឲ្យមានប្រហោង
អ្នកមិនត្រូវទិញខោទឹកនោមដែលធំពេក ដោយពេលដែលស្លៀករួចចេញប្រហោងសងខាងនោះទេ ព្រោះនៅពេលដែលកូននោម ទឹកនោមនោះអាចហូរចេញមកក្រៅបាន។ ជាហេតុដែលអាចធ្វើឲ្យអ្នកពិបាកសម្អាត ដោយសារតែវាហូរពេញផ្ទះ។
- ស្រូបលឿន
អ្នកត្រូវតែជ្រើសរើសខោទឹកនោមដែលមានសមត្ថភាពស្រូបយកទឹកនោមលឿនក្រោយពេលដែលកូនបត់ជើងរួច ព្រោះបើវាស្រូបយឺត នោះគូទរបស់កូនអាចមានអាការៈរមាស់ ហើយឡើងកន្ទួលក្រហមបាន ធ្វើឲ្យកូនពិបាកទ្រាំខ្លាំងណាស់។
- លក្ខណៈទន់
អ្នកត្រូវតែទិញខោទឹកនោមដែលមានលក្ខណៈទន់ឲ្យកូនស្លៀកដើម្បីកុំឲ្យប៉ះពាល់ដល់គូទរបស់កូនដែលធ្វើឲ្យគេកើតជំងឺរមាស់ ឬកើតមានអាការៈឈឺជាដើម។
- ខោទឹកនោមស្តើង
អ្នកត្រូវតែជ្រើសរើសខោទឹកនោមដែលរាងស្តើងឲ្យកូនស្លៀក ព្រោះបើក្រាស់ពេក នៅពេលដែលកូនបត់ជើងរួច វាធ្វើឲ្យកូននៅមិនសុខឡើយ ដោយសារតែវាធ្ងន់។ ដូចនេះកូននឹងតែងតែរករឿងអ្នកជានិច្ច។
- ពណ៌នៃខោ
អ្នកត្រូវតែទិញខោទឹកនោមណាដែលនៅពេលដែលកូននោមរួច វាប្រែពណ៌ខាងក្រៅឲ្យអ្នកដឹងបាន នោះអ្នកនឹងអាចដឹង ហើយប្តូរឲ្យកូនបានទាន់ពេល នោះកូននឹងមានសុខភាពល្អជាមិនខាន៕