យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ការញ៉ាំសណ្តែកដីច្រើនដងក្នុងមួយសប្តាហ៍ប្រហែលជាជួយកាត់បន្ថយឱកាសកើតជំងឺបេះដូងលោតខុសចង្វាក់មួយប្រភេទឈ្មោះថា Atrial Fibrillation និងជំងឺខ្សោយបេះដូងបាន។

ក្នុងការសិក្សាដ៏ធំមួយ អ្នកស្រាវជ្រាវជនជាតិ Swedish បានរកឃើញថា ការញ៉ាំសណ្តែកដីចាប់ពី ៣ដងឡើងទៅក្នុងមួយសប្តាហ៍ជាប់ទាក់ទងនឹងការបន្ថយឱកាសកើតជំងឺ Atrial Fibrillation ១៨ភាគរយ។ វាក៏ជួយកាត់បន្ថយឱកាសកើតជំងឺខ្សោយបេះដូងផងដែរ។ ការសិក្សានិយាយថា ទោះបីជាញ៉ាំសណ្តែកដីក្នុងចំនួនតិចតួចក៏ដោយ ក៏ប្រហែលជាអាចមានប្រយោជន៍ខ្លាំងលើការបន្ថយការកើតជំងឺបេះដូងទាំងពីរនេះដែរ។ 

សណ្តែកដីសម្បូរទៅដោយអាស៊ីតខ្លាញ់ Unsaturated Fat ប្រូតេអ៊ីន ជាតិសរសៃ ជាតិរ៉ែ វីតាមីន E, Folate និងសារធាតុគីមីផ្សេងៗទៀត។ ការសិក្សាពីមុនបានណែនាំថា ការញ៉ាំសណ្តែកដីប្រហែលជាមានអង់ទីអុកស៊ីដង់ និងឥទ្ធិពលប្រឆាំងនឹងការរលាក ហើយអាចពង្រឹងដល់កូឡេស្តេរ៉ុលក្នុងឈាម ជួយឲ្យសរសៃឈាមធ្វើការកាន់តែល្អ និងបង្ការការឡើងទម្ងន់។ 

អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យដែលបានមកពីការសិក្សារបស់ Swedish ចំនួនពីរ ដែលមានមនុស្សចូលរួម ៦១៣៥៤នាក់ ដែលតម្រូវឲ្យបំពេញនូវតារាងសំណួរទាក់ទងនឹងទម្លាប់ញ៉ាំអាហាររបស់ពួកគេ និងត្រូវបានគេតាមដានសុខភាពរយៈពេល ១៧ឆ្នាំ។ អ្នកដែលញ៉ាំសណ្តែកដីគឺងាយនឹងមានការអប់រំ និងមានរបៀបរស់នៅផ្តល់សុខភាពល្អជាងអ្នកដែលមិនបានញ៉ាំ។ ពួកគេមិនងាយឡើងទម្ងន់ ហាត់ប្រាណច្រើន ញ៉ាំគ្រឿងស្រវឹងច្រើន និងញ៉ាំបន្លែ និងផ្លែឈើ។ អ្នកដែលញ៉ាំសណ្តែកដីក្នុងកម្រិតមធ្យម គឺមិនងាយមានជំងឺខ្សោយបេះដូងឡើយ។ 

អ្នកស្រាវជ្រាវនិយាយថា ពួកគេមិនអាចទាត់ចោលថា ទំនាក់ទំនងទាំងឡាយគឺដោយសារតែរឿងជាច្រើនដែលពួកគេមិនបានរាប់បញ្ចូលនោះទេដូចជា ប្រាក់ចំណូល និងការងារ ព្រោះថារឿងទាំងនេះមិនត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្តែពួកគេនិយាយថា ភាពខ្លាំងរបស់ការសិក្សានេះគឺផ្អែកទៅលើទំហំសិក្សាដែលធំ និងចំនួនដ៏ច្រើននៃជំងឺបេះដូងដែលគេនិយាយ៕