នៅពេលដែលអ្នកឆុងទឹកដោះគោឲ្យកូន អ្នកត្រូវតែប្រយ័ត្នពីចំនុចមួយចំនួន ទើបវាមិនប៉ះពាល់ដល់សុខភាពកូន។ ដូចនេះតើគួរតែប្រយ័ត្នពីអ្វីទៅ?

នៅពេលដែលអ្នកឆុងទឹកដោះគោឲ្យកូនបៅ អ្នកគួរតែប្រើទឹកដែលមានសីតុណ្ហភាពពី៤០ដល់៥០អង្សាសេ ទើបម្សៅទឹកដោះគោអាចរលាយអស់ មិនកកជាដុំៗ។ ក្រោយពេលដែលឆុងរួច អ្នកត្រូវទុកវាឲ្យមានសីតុណ្ហភាព៣៧អង្សាសេសិនទើបឲ្យកូនបៅបាន ដោយអ្នកអាចសាកល្បងនៅបាតដៃរបស់អ្នកបាន ប្រសិនជាវាមិនសូវក្តៅ ហើយក្តៅអ៊ុនៗ អ្នកអាចឲ្យកូនបៅបានហើយ ទើបវាមិនរលាកមាត់របស់កូន។ នៅមុនពេលដែលអ្នកឆុង អ្នកត្រូវតែលាងដៃ និងលាងដបឲ្យស្អាត ដោយត្រូវតែប្រើសីតុណ្ហភាពខ្ពស់ដើម្បីសម្លាប់មេរោគក្នុងដបនោះ។ ចំណែកបរិមាណទឹកនៃការឆុង អ្នកអាចមើលតាមសេចក្តីណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោបាន៕