វាហាក់បីដូចជា ប្រជាជនកូរ៉េជាច្រើនបានឆ្លើយសំណួរជាច្រើនទាក់ទងនឹងបញ្ហាសម្រស់អីចឹង។ នេះដោយសារតែ ស្បែករបស់ពួកគេត្រូវបានមនុស្សជាច្រើននៅទូរទាំងពិភពលោកមើលឃើញ។ យ៉ាងណាមិញ មិនខ្វល់ថា ប្រជាជនកូរ៉េស្រស់ស្អាតប៉ុណ្ណាឡើយ តែពួកគេនៅតែប្រឈមនឹងការឈឺក្បាលដូចមនុស្សយើងគ្រប់គ្នាដែរ។ សំណាងដែរ ពួកគេនៅតែមានមធ្យោបាយដ៏អស្ចារ្យសម្រាប់ព្យាបាលការឈឺក្បាលនេះ។ 

ស្អំទឹកកក ឬក្តៅ

មធ្យោបាយមួយដ៏លឿនបំផុតក្នុងការបន្ថយការឈឺក្បាល គឺស្អំទឹកក្តៅ ឬទឹកកក។ ពិតណាស់ ប្រជាជនកូរ៉េភាគច្រើនប្រើប្រាស់វិធីស្អំទឹកកក និងទឹកក្តៅឆ្លាសគ្នា។ អ្នកវិទ្យាសាស្រ្តនិយាយថា ការប្រើប្រាស់ការស្អំទឹកកក និងទឹកក្តៅឆ្លាសគ្នា នឹងជួយពង្រឹងដល់របត់ឈាមរត់ទៅក្បាល ហើយក៏បន្ថយការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាពដែរ។ 

បន្ថយស្រ្តេស

សព្វថ្ងៃនេះ មានប្រជាជនជាច្រើន រួមទាំងប្រជាជនកូរ៉េផងនោះគឺងាយនឹងមានស្រ្តេសខ្លាំងណាស់។ ចំពោះមូលហេតុរបស់វាវិញក៏មានច្រើនណាស់ដែរ ហើយរឿងមួយដែលកើតមានញឹកញាប់នោះគឺការឈឺក្បាលតែម្តង។ ជាធម្មតា ប្រជាជនកូរ៉េដោះស្រាយជាមួយនឹងការឈឺក្បាលដោយការស្រ្តេសនោះគឺ ព្យាយាមបន្ធូរអារម្មណ៍វិញ។ វិធីធម្មជាតិដើម្បីបន្ថយអារម្មណ៍ និងបន្ថយស្រ្តេសគួរតែជាការស្តាប់ចម្រៀងស្រទន់ៗ ហាត់យូហ្គា តាំសមាធិ និងសរសេរអ្វីដែលអ្នកកំពុងតែស្រ្តេសនោះក្នុងក្រដាសសៀវភៅ។ 

សរសេរកំណត់ហេតុអាហារ

និយាយដល់ការសរសេរ ប្រជាជនកូរ៉េភាគច្រើនតែងសរសេរកំណត់ហេតុអាហារ ដោយសារតែពួកគេដឹងយ៉ាងច្បាស់ថា មានបញ្ហាច្រើនទាក់ទងនឹងរបបអាហារដែលគេទទួលទាន។ អ្នកវិទ្យាសាស្រ្តយល់ស្របថា មានអាហារ និងភេសជ្ជៈមួយចំនួនអាចធ្វើឲ្យឈឺក្បាលបាន។ យកល្អអ្នកគួរតែសម្គាល់មើលថា តើអាហារណាដែលធ្វើឲ្យអ្នកឈឺក្បាលខ្លះ។ សម្រាប់មនុស្សភាគច្រើន អាហារដែលនាំឲ្យឈឺក្បាលមានដូចជា៖ សណ្តែកដី គ្រាប់ផ្លែឈើ ប៉េងប៉ោះ និងផលិតផលធ្វើពីប៉េងប៉ោះ សាច់គ្រឿងក្នុង អាហារប្រភេទជ្រួក និងស្រាក្រហម។ 

ចៀសវាងសារធាតុបង្ករលាក

មានការឈឺក្បាលច្រើនណាស់ដែលវាកើតឡើងដោយសារតែការប៉ះពាល់នឹងសារធាតុបង្កររលាកក្នុងមជ្ឈដ្ឋានជុំវិញខ្លួន។ បើសិនជាអ្នកជក់បារី យកល្អគួរតែចៀសវាងវា ឬឈប់ជក់តែម្តងទៅ ព្រោះវាមិនត្រឹមតែធ្វើឲ្យឈឺក្បាលទែ តែក៏បង្កជាបញ្ហាដល់សុខភាពធ្ងន់ធ្ងរបំផុតដែរ។ ចូរនៅឲ្យឆ្ងាយពីសមាជិកគ្រួសារ ឬមិត្តភក្តិដែលជក់បារី។ បើសិនជាអ្នករស់នៅក្នុងទីក្រុងដែលមានផ្សែងពុលច្រើន យកល្អគួរតែព្យាយាមពាក់ម៉ាសពេលទៅណាមកណា។

ឲ្យភ្នែកសម្រាកខ្លះ

តើអ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងដើម្បីធ្វើការ ឬកម្សាន្តមែនទេ? បើសិនជាអ្នកឈឺក្បាលកាន់តែច្រើនទៅៗ អ្នកអាចប្រើពេលដើម្បីសម្រាកភ្នែកពីការប្រើប្រាស់កុំព្យូទ័រសិនទៅ។ យកល្អគួរតែសម្រាកពីការមើលកុំព្យូទ័រជារៀងរាល់ ២០នាទីម្តង។ សម្រាប់ ២០វិនាទីបន្ទាប់ ចូរមើលអ្វីដែលនៅឆ្ងាយពីខ្លួនចំងាយ ២០ហ្វីត។ ចូរចំណាយពេលព្រិចភ្នែកចំនួន ១០ដងដើម្បីបន្ថយការដាក់សម្ពាធនៅភ្នែក និងការឈឺក្បាលផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង