នៅពេលដែលអ្នកធ្វើជាប្តីប្រពន្ធនឹងគ្នាដល់អាយុ៤០ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីថែរក្សាមនោសញ្ចេតនាអ្នកបានល្អ។ តើមានអ្វីខ្លះទៅ?
1. ប្តីប្រពន្ធដែលដើរដល់អាយុនេះ មិនគួរបន្តចង់យកឈ្នះគ្នាទៀតទេ ដោយមិនគួរតាមរកកំហុសគ្នាឡើយ ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកណាស់។ ដូចនេះ អ្នកគួរតែចេះអធ្យាស្រ័យដល់គ្នា ទើបអាចរស់នៅបានយ៉ាងសប្បាយរីករាយជាមួយគ្នា។
2. នៅពេលដែលកើតមានបញ្ហា អ្នកមិនគួរសស្ស័យ ឬទម្លាក់កំហុសដាក់គ្នាទេ ដោយអ្នកគួរតែរកវិធីដោះស្រាយជាមួយគ្នា ទើបអាចថែរក្សាមនោសញ្ចេតនាប្តីប្រពន្ធអ្នកមិនងាយបែកបាក់។
3. អ្នកមិនគួរភ្លេចពីរឿងទាំងឡាយដែលកើតឡើងរវាងអ្នកទាំងពីរតាំងពីពេលស្រឡាញ់គ្នារហូតដល់ពេលនេះទេ ព្រោះអានុស្សារីយ៍ទាំងនេះ អាចធ្វើឲ្យមនោសញ្ចេតនាអ្នកកាន់តែរឹងមាំបាន។ វានឹងអាចធ្វើឲ្យអ្នកកាន់តែចេះថែរក្សាគ្នាបានល្អ មិនងាយធុញនឹងគ្នាឡើយ។
4. មិនថាអ្នកដើរដល់អាយុណាទេ អ្នកគួរតែមានពេលកំដរគ្នា ទើបមិនធ្វើឲ្យអារម្មណ៍អ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាបាន។ ដូចនេះ មិនថាអ្នករស់នៅជាមួយគ្នាដល់អាយុចាស់ប៉ុណ្ណាទេ ក៏គ្មានអ្វីមកបំបែកអ្នកទាំងពីរបានដែរ។
5. ចុងក្រោយ មិនថាអ្នកឈ្លោះគ្នាបែបណាទេ អ្នកគួរតែបញ្ចប់ត្រឹមមួយយប់ មិនគួរបន្តដល់ស្អែកឡើយ។ ជាពិសេស មិនគួរចេញពីផ្ទះទៅក្រៅឡើយទោះកើតរឿងធំយ៉ាងណាក៏ដោយ ព្រោះបើអ្នកហ៊ានតែឈានជើងចេញក្រៅ នោះមនោសញ្ចេតនាអ្នកនឹងអាចបែកបាក់យ៉ាងងាយ៕