ដងផ្លូវមិនមែនជាកន្លែងមានសុវត្ថិភាពឡើយចំពោះកុមារ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះការណែនាំឱ្យពួកគេដឹងពីរបៀបថែរក្សាខ្លួនឯងប្រសិនបើពេលណាមួយត្រូវនៅតាមដងផ្លូវ ឬចេញពីផ្ទះដោយគ្មានអ្នក គឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីចំណុចល្អមួយចំនួនដែលឱពុកម្តាយគួរបង្រៀន ឬណែនាំឱ្យកូនដឹង ៖
១. ប្រសិនបើត្រូវនៅក្រៅដល់ពេលយប់
- ប្រសិនបើកូនដឹងថាត្រូវមកផ្ទះយប់ កូនត្រូវចេះប្រាប់ដំណឹងដល់អ្នកផ្ទះជាមុនឱ្យនៅចាំផ្លូវ ហើយក៏កុំភ្លេចត្រូវប្រាប់ពីពេលវេលាដែលត្រលប់មកវិញ។
- ប្រសិនបើកូនត្រូវទៅក្រៅ ឫកន្លែងណាដែលងងឹតត្រូវទៅជាមួយមិត្តភក្តិឱ្យមានគ្នា ហើយត្រូវឆ្លងផ្លូវជាក្រុម
- កុំដើរកាត់ព្រៃ សួន និងកន្លែងស្ងាត់ដែលគ្មានមនុស្សនៅ។
២. ឥរិយាបទចំពោះមនុស្សប្លែកមុខ
- កុំទៅណាជាមួយមនុស្សប្លែកមុខឱ្យសោះ ទោះបីជាគេប្រាប់ថាជាមិត្តរបស់ឪពុកម្ដាយក៏ដោយ
- កុំទទួលយករបស់អ្វីពីមនុស្សប្លែកមុខ ឬអ្នកដែលកូនមិនស្គាល់ឱ្យសោះ
- ប្រសិនបើមនុស្សប្លែកមុខហៅ ឬសុំឱ្យជួយ ត្រូវពឹងមនុស្សធំផ្សេងទៀតកុំហ៊ានចូលទៅក្បែរតែម្នាក់ឯង
៣. ឥរិយាបទពេលឆ្លងផ្លូវ
- អ្នកជាឪពុកម្ដាយគួរណែនាំ ឬបង្រៀនឱ្យកូនស្គាល់ពីភ្លើងសញ្ញារួមទាំងភ្លើងសញ្ញាចរាចរណ៍ ស៊ីប្លេ ស៊ឺរ៉ែន និងភ្លើងស៊ីញ៉ូជាដើម
- ព្យាយាមកុំដើរក្រោយកន្លែងដែលមានឡានចត ព្រោះវាអាចនឹងបាំងផ្លូវមើលពុំឃើញ
- ប្រសិនបើគ្មានផ្លូវសម្រាប់ថ្មើរជើង ចូរដើរលើផ្លូវដែលអាចឱ្យកូនមើលឃើញយានយន្តផ្សេងៗបើកឆ្លងកាត់។
៤. ឥរិយាបទពេលធ្វើដំណើរតាមមធ្យាបាយសាធារណៈ
- ត្រូវឈរចាំនៅកន្លែងដែលមានផ្លាកសញ្ញារងចាំ ហើយត្រូវរក្សាគម្លាតមួយម៉ែតពីផ្លូវ
- កុំជិះឡានដែលគ្មានអត្តសញ្ញាណ ឫចូលឡានជាមួយមនុស្សដែលមិនស្គាល់
- ពេលដែលប្រើប្រាស់មធ្យាបាយសាធារណៈចូលកូននៅក្បែរអ្នកបើកបរដើម្បីឱ្យគេងាយស្រួលមើលឃើញ។ កុំនិយាយជាមួយមនុស្សដែលមិនស្គាល់ ហើយប្រាប់គេពីកន្លែងដែលខ្លួនរស់នៅ ឫទីតាំងដែលត្រូវទៅជាដើម។
៥. ឥរិយាបនៅពេលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
- ប្រសិនបើហាក់ដូចជាមាននរណាម្នាក់កំពុងតាម កូនគួរព្យាយាមដើរ ឬរត់ទៅកន្លែងដែលមានមនុស្សច្រើនដូចជាហាងទំនិញឫកន្លែងផ្សេងទៀតដែលសម្បូរទៅដោយមនុស្ស ហើយព្យាយាមសុំជំនួយ
- ប្រសិនបើជួបក្រុមមនុស្សដែលស្រវឹង ឫស្រែកឡូឡា ត្រូវព្យាយាមដើរគេចទៅផ្លូវម្ខាងទៀត ហើយជៀសវាងបង្កជម្លោះជាមួយពួកគេ។
- ប្រសិនបើមានមនុស្សប្លែកមុខណាម្នាក់ស្ទុះមកចាប់ ត្រូវស្រែកឱ្យខ្លាំងៗថា “អ្នកមិនមែនប៉ា ឬម៉ាក់របស់ខ្ញុំទេ”។
៦. ឥរិយាបទនៅពេលជួបសត្វអនាថា
- កុំបង្អើលសត្វអនាថាព្រោះពួកវាអាចនឹងស្ទុះមកខាំ ឬវាយប្រហារភ្លាមៗមិនខាន៕