ស្រ្តីម្នាក់ៗគឺមានភាគរយខ្ពស់ណាស់ក្នុងការកើតដុំសាច់ក្នុងស្បូនជាពិសេសនៅពេលពួកគេអាយុបាន ៥០ឆ្នាំ។ តាមស្ថិតិបានបង្ហាញថា ប្រហែល ៧០ភាគរយនៃស្រ្តីស្បែកស និង៨០ ទៅ៩០ភាគរយនៃស្រ្តីជនជាតិអាហ្វ្រិក កាត់អាមេរិក កើតជំងឺនេះ។ អ្វីគួរឲ្យភ្ញាក់ផ្អើលនោះគឺថា មានមនុស្សតិចតួចណាស់ដែលដឹងអំពីរឿងនេះ។ ក្រៅពីនេះ ស្រ្តីភាគច្រើនមិនបានដឹងថា ការកើតដុំសាច់នេះមានទំនាក់ទំនងរវាងសកម្មភាពរាងកាយ របបអាហារ និងស្រ្តេសទេ។ ដុំសាច់នេះគឺច្រើនតែកើតមានជាមួយនឹងការឈឺចាប់ ព្រមទាំងបញ្ហាសុខភាពជាច្រើនទៀតដែលអ្នកត្រូវដោះស្រាយ។ យ៉ាងណាមិញ អ្នកអាចចាប់ផ្តើមផ្លាស់ប្តូររបបអាហារ និងធ្វើទៅតាមក្បួនដូចខាងក្រោមនេះដើម្បីបន្ថយការកើតជំងឺដុំសាច់ក្នុងស្បូនបាន។

បង្កើនការញ៉ាំអាហារដែលជម្រុញដល់តុល្យភាពអ័រម៉ូន

ការដែលមានចំនួនខ្ពស់របស់អ័រម៉ូនអេស្រ្តូជែនអាចធ្វើឲ្យអតុល្យភាពដល់អ័រម៉ូនជាច្រើនក្នុងខ្លួន ដែលអាចបង្កើនការប្រឈមនឹងដុំសាច់ក្នុងស្បូនបាន។ យ៉ាងណាមិញ វាត្រូវបានគេរកឃើញថា រឿងនេះកើតឡើងដូចគ្នាដែរនៅពេលអ័រម៉ូនមួយនេះចុះទាប។ វិធីដ៏ល្អបំផុតដែលអាចបន្ថយចំនួនអ័រម៉ូនអេស្រ្តូជែនក្នុងរាងកាយ គឺសម្រកទម្ងន់ ព្រមទាំងបន្ថែមរបបអាហារសម្បូរជាតិសរសៃឲ្យបានច្រើន។ សម្រាប់របបអាហារបែបបន្លែ និងផ្លែឈើ ក៏ល្អចំពោះសុខភាពទូទៅដែរក្នុងការជម្រុញដល់តុល្យភាពអ័រម៉ូន។

លុបបំបាត់អាហារបង្កអាឡែហ្ស៊ី

ដើម្បីបន្ថយការកើតដុំសាច់ក្នុងស្បូន អ្នកគួរតែបន្ថយការញ៉ាំអាហារណាដែលបង្កអាឡែហ្ស៊ី។ នៅពេលរាងកាយមានប្រតិកម្មនឹងអ្វីដែលអ្នកបានញ៉ាំ នោះវានឹងបង្កការរលាកដែលនឹងមិនបាត់ទៅវិញឡើយ។ រឿងនេះអាចបង្កើនការប្រឈមនឹងការលូតលាស់ដុំសាច់ក្នុងស្បូនបាន។ មានមធ្យោបាយច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីលុបបំបាត់អាហារបង្កការរលាកពីរបបអាហារបាន។ 

ញ៉ាំសណ្តែកឲ្យបានច្រើន

នៅពេលនិយាយដល់ការបន្ថយទំហំរបស់ដុំសាច់ក្នុងស្បូន យកល្អគួរតែគួរបន្ថែមសណ្តែកទៅក្នុងរបបអាហារឲ្យបានច្រើន។ ក្រៅពីមានកាឡូរីទាប វាក៏សម្បូរជាតិសរសៃ ដែឡមានប្រយោជន៍ក្នុងការជួយសម្រកទម្ងន់ដែឬ។ ក្រៅពីនេះ ប្រភេទសណ្តែកមានសំបកគឺមានជាតិស្ករទាប ដែលមិនប៉ះពាល់ដល់ជាតិស្ករក្នុងឈាមឡើយ។ ការសិក្សាបានបង្ហាញថា ការផ្លាស់ប្តូរកម្រិតជាតិកាបូអ៊ីដ្រាតពីក្នុងអាហារពណ៌សរហូតដល់សណ្តែកនេះ អាចមានឥទ្ធិពលវិជ្ជមានចំពោះដុំសាច់ក្នុងស្បូនបាន។ 

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ

បើសិនជាអ្នកចង់បញ្ឈប់ការលូតលាស់របស់ដុំសាច់ក្នុងស្បូន វិធីដំបូងគឺពង្រឹងដល់ប្រព័ន្ធភាពស៊ាំសិន។ មានន័យថា អ្នកត្រូវតែហាត់ប្រាណជាទៀងទាត់ និងរាល់ថ្ងៃ ឈប់ជគ់បារី និងញ៉ាំគ្រឿងស្រវឹង ព្រមទាំងញ៉ាំតែអាហារណាដែលផ្តល់សុខភាពដូចជា បន្លែ ផ្លែឈើ និងជម្រើសអាហារផ្តល់សុខភាពផ្សេងៗទៀត។ កាលណាអ្នកយកចិត្តទុកដាក់ចំពោះរាងកាយកាន់តែច្រើន រាងកាយនឹងកាន់តែបញ្ឈប់ការលូតលាស់ដុំសាច់ក្នុងស្បូនកាន់តែល្អ៕