ប្រសិនជាអ្នកចង់ឲ្យបេះដូងអ្នកដំណើរការល្អ ដោយមិនងាយមានបញ្ហា អ្នកគួរតែពិសារអាហារទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែញ៉ាំផ្ទីឲ្យបានច្រើន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយការពារមិនឲ្យសរសៃឈាមអ្នកឆាប់ស្ទះ ថែមទាំងអាចធ្វើឲ្យបេះដូងអ្នកមិនងាយកើតមានបញ្ហាឡើយ។
2. ការ៉ុត គឺជាមិត្តល្អរបស់នារីដែលចង់ស្រកទម្ងន់ ថែមទាំងជាមិត្តល្អរបស់បេះដូងផងដែរ។ ដូចនេះ អ្នកអាចបរិភោគបាន នោះកាឡូរីអាចធ្លាក់ចុះ ថែមទាំងអាចការពារបេះដូងអ្នកឲ្យដំណើរការប្រក្រតីផងដែរ។
3. ប៉េងប៉ោះ ជាបន្លែពណ៌ក្រហម ដែលមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដោយអាចការពារសរសៃឈាមអ្នកមិនងាយកករឹងឡើយ ថែមទាំងជាជំនួយការដ៏ល្អរបស់បេះដូងទៀត។
4. ផ្លែប៊័រ ជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនសេ ដោយអាចជួយបញ្ចុះកាឡូរី និងជួយកាត់បន្ថយអត្រានៃគ្រោះថ្នាក់របស់បេះដូងអ្នកឲ្យចុះមកទាប។ ម្យ៉ាងទៀត ក្នុងនោះមានផ្ទុកវីតាមីនE ដែលអាចជួយការពារមិនឲ្យអ្នកប្រទះនឹងអាការៈស្ទះសរសៃឈាមនោះឡើយ។
5. ពពួកសណ្តែក មិនថាសណ្តែកណាទេ អ្នកគួរតែបរិភោគទាំងអស់ ព្រោះក្នុងនោះមានផ្ទុកសារធាតុច្រើន ដែលអាចជួយការពារមិនឲ្យបេះដូងអ្នកងាយមានគ្រោះថ្នាក់នោះឡើយ។
6. ត្រីមានផ្ទុកអូមេហ្កា៣ដែលអាចជួយជម្រះជាតិពុលពីសរសៃឈាមអ្នក ដោយការពារសរសៃឈាមអ្នកឲ្យមានសុខភាពល្អ។ ជាពិសេស បេះដូងអ្នកក៏ត្រូវបានសារធាតុក្នុងត្រីនេះការពារបានល្អដែរ។ ដូចនេះ អ្នកគួរតែបរិភោគត្រីឲ្យបានច្រើន។
7. សូកូឡាខ្មៅ នឹងជួយសរសៃឈាមអ្នកឲ្យដំណើរការល្អ មិនងាយឲ្យសរសៃឈាមអ្នកងាយកើតជំងឺឡើយ។ ជាពិសេស សូកូឡាកាន់តែខ្មៅ កាន់តែល្វីង នឹងកាន់តែល្អចំពោះសុខភាពបេះដូងអ្នក និងសរសៃឈាម។
8. ស្រាក្រហម ជាមិត្តល្អរបស់បេះដូង។ ដូចនេះ នៅពេលដែលអ្នកចង់ញ៉ាំស្រា អ្នកគួរតែពិសារស្រាក្រហម ជំនួសស្រាបៀរវិញ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចជួយថែរក្សាសុខភាពបានទៀតផង៕