តើអ្នកជាមនុស្សងាយនឹងឈឺក្បាលណាស់មែនទេ? មុនពេលអ្នកចាប់ផ្តើមភ័យខ្លាចដោយគិតថា អ្នកអាចមានជំងឺរលាកស្រោមខួរក្បាល ឬដុំសាច់ក្នុងខួរក្បាលនោះ យកល្អគួរតែអានអត្ថបទនេះសិនទៅ។ ខាងក្រោមនេះ អ្នកនឹងដឹងអំពីទម្លាប់ប្រចាំថ្ងៃ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា ធ្វើឲ្យឈឺក្បាលជាញឹកញ៉ាប់។ ដូច្នេះនៅពេលដែលដឹងថា អ្នកមានទម្លាប់នេះហើយ យកល្អគួរតែព្យាយាមបញ្ឈប់វាឲ្យបានលឿនតាមតែអាចធ្វើទៅបាន។
ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង
មិនខ្វល់ថាអ្នកអង្គុយនៅមុខកុំព្យូទ័រច្រើនម៉ោងដោយសារតែធ្វើការ ឬការលេងសប្បាយឡើយ វាគឺជារឿងដែលអាចធ្វើឲ្យអ្នកមានការឈឺក្បាលគ្រប់ពេល។ អ្នកវិទ្យាសាស្រ្តបាននិយាយថា ការប្រើប្រាស់កុំព្យូទ័ររយៈពេលចាប់ពី ៥ម៉ោងឡើងទៅ អាចធ្វើឲ្យឈឺក្បាល ដោយសារតែភ្នែកមានសម្ពាធពេក ព្រមទាំងមានសម្ពាធនៅលើសាច់ដុំក និងស្មាផង។ ដំណោះស្រាយ គឺត្រូវការសម្រាករយៈពេល ៥នាទី។
ញ៉ាំទឹកមិនគ្រប់គ្រាន់
តើអ្នកមានញ៉ាំទឹកបានប្រហែល២លីត្រក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃទេ? បើសិនជាអត់ ហើយអ្នកមានអាការៈឈឺក្បាលទៀងទាត់ទៀតនោះ វាប្រហែលជារឿងដែលអ្នកត្រូវបន្ទោសហើយ។ ជាធម្មតា ខួរក្បាលមានជាតិទឹកយ៉ាងហោចណាស់ ៧៥ភាគរយ។ បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ក្នុងមួយថ្ងៃទេ ខួរក្បាលអាចនឹងស្វិត និងធ្វើការកាន់តែខ្លាំង ហើយក៏ជាហេតុផលនាំឲ្យឈឺក្បាលដែរ។ និយាយឲ្យខ្លីទៅគឺថា ការដែលញ៉ាំទឹកបានគ្រប់គ្រាន់ អាចជួយកាត់បន្ថយការឈឺក្បាលបានយ៉ាងល្អ។
កំពុងតែស្រ្តេស
វាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលឡើយក្នុងការជួបបញ្ហាឈឺក្បាលដោយសារតែស្រ្តេសខ្លាំង។ គ្រូពេទ្យនិយាយថា ការឈឺក្បាលបែប Tension ជាធម្មតាកើតចេញពីមនុស្សដែលស្រ្តេសច្រើន។ ការឈឺក្បាលបែប Tension នេះដែរក៏អាចធ្វើឲ្យឈឺចាប់នៅកញ្ចឹងក និងស្មាដែរ។ ដូច្នេះ ដើម្បីកុំឲ្យមានការឈឺក្បាលបែបនេះ យកល្អគួរតែកាត់បន្ថយភាពស្រ្តេសឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
មានការថប់អារម្មណ៍គ្រប់ពេល
បើសិនជាអ្នកត្រូវបានរកឃើញថា មានជំងឺថប់អារម្មណ៍ខុសធម្មតា នោះ វាទំនងជារោគសញ្ញារាងកាយដែលកាន់តែធ្ងន់ធ្ងរហើយក្នុងការឈឺក្បាលខ្លាំងគ្រប់ពេល។ អ្នកជំនាញខាងសុខភាពផ្លូវចិត្តនិយាយថា ការដែលមិនអាចគ្រប់គ្រងភាពតានតឹងបាន អាចនាំឲ្យមានផលវិបាកច្រើន ហើយវាក៏មិនមែនជារឿងធម្មតាក្នុងជីវិតដែរ។
គេងមិនបានគ្រប់គ្រាន់
តើអ្នកចូលចិត្តចូលរួមកម្មវិធីជប់លៀងរាល់យប់ដែរទេ? តើអ្នកចូលចិត្តចំណាយពេលច្រើនៗម៉ោងលេងបណ្តាញសង្គមដាច់យប់ដែរទេ? តើអ្នកមានបញ្ហាគេងមិនលក់ដោយសារតែស្រ្តេស ឬថប់អារម្មណ៍ដែរទេ? បើសិនជាចម្លើយថា ពិតមែនទាំងអស់នោះ មានន័យថា អ្នកអាចនឹងរងការឈឺក្បាលជាញឹកញាប់ហើយ។ នេះដោយសារតែការគេងមិនបានគ្រប់គ្រាន់។ ចូរប្រាកដថា អ្នកគេងបាន ៧ ទៅ៩ម៉ោងក្នុងមួយយប់៕