បើយើងនិយាយផ្ទុយពីជំនឿដ៏ពេញនិយមមួយថា ការដែលសម្រកទំ្ងន់មិនគ្រាន់តែជាគំនិតដ៏ល្អមួយសម្រាប់អ្នកធាត់ឡើយ តែវាក៏អាចធ្វើឡើងចំពោះអ្នកដែលមានជំងឺ ឬអ្នកដែលប្រឈមនឹងជំងឺខ្ពស់ដែរ។ ដូច្នេះមិនខ្វល់ថាហេតុផលអ្វីឡើយ ការថែរក្សាទម្ងន់ឲ្យស្ថិតក្នុងសភាពផ្តល់សុខភាពនៅតែជារឿងសំខាន់។ យ៉ាងណាមិញ ក្រៅពីការជួយឲ្យរាងស្អាតហើយ ការសម្រកទម្ងន់អាចជួយជម្រុញ និងបង្ការសុខភាពដូចខាងក្រោមនេះ៖
បន្ថយការប្រឈមនឹងជំងឺបេះដូង
យោងទៅតាមគ្រូពេទ្យបានឲ្យដឹងថា ការលើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុលអាក្រក់ សុទ្ធតែជាកត្តាដែលនាំឲ្យកើតជំងឺបេះដូងទាំងអស់។ នេះហើយជាមូលហេតុដែលអ្នកត្រូវលុបបំបាត់មូលហេតុរបស់វា។ មធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយ គឺសម្រកទម្ងន់ ព្រោះកាលណាទម្ងន់ដែលលើសស្រកកាន់តែច្រើន សម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់ក៏ថយចុះតាមគ្នាដែរ។ តាមពិតទៅ អ្នកធាត់ ឬអ្នកដែលមានជំងឺលើសសម្ពាធឈាម និងលើសជាតិខ្លាញ់ក្នុងឈាម ត្រូវបានគ្រូពេទ្យណែនាំឲ្យសម្រកទម្ងន់។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ការធាត់ជ្រុល និងជំងឺទឹកនោមផ្អែមមិនចូលគ្នាទេ ព្រោះជំងឺមួយអាចធ្វើឲ្យមួយទៀតកាន់តែធ្ងន់ធ្ងរបាន។ បើសិនជាអ្នកត្រូវបានគេរកឃើញថា មានជំងឺទឹកនោមផ្អែម ហើយក៏ត្រូវបានគ្រូពេទ្យប្រាប់ថា ធាត់ទៀត យកល្អគួរតែសម្រកទម្ងន់ឲ្យស្ថិតក្នុងទម្ងន់មានសុខភាពហើយ។
បន្ថយការឈឺចាប់នៅសន្លាក់ និងសាច់ដុំ
អ្នកដែលធាត់ ឬធាត់ជ្រុលគឺងាយនឹងជួបបញ្ហាឈឺសន្លាក់ និងសាច់ដុំជាងអ្នកផ្សេងណាស់។ នេះដោយសារតែសន្លាក់ ជាពិសេសសន្លាក់កែងជើង ជង្គង់ និងត្រគាក ព្រមទាំងសាច់ដុំទ្រទ្រង់ផ្សេងៗទៀតត្រូវការធ្វើការងារច្រើន ដែលជាហេតុនាំឲ្យវាងាយនឹងឈឺ និងហើមណាស់។
ពង្រឹងដល់គុណភាពនៃការគេង
តើអ្នកកំពុងតែមានបញ្ហាគេងបាត់ដង្ហើមដែលធ្វើឲ្យអ្នកភ្ញាក់ពីគេងព្រឹកឡើងអស់កម្លាំងមែនទេ? ដូច្នេះអ្នកអាចនឹងដោះស្រាយវាបានតាមរយៈការសម្រកទម្ងន់ហើយ។ អ្នកជំនាញនិយាយថា ការសម្រកទំ្ងន់អាចជួយដល់ការគេងបាត់ដង្ហើមបាន។ បើសិនជាអ្នកមិនមានបញ្ហាគេងទេ ការសម្រកទម្ងន់ ក៏អាចធ្វើឲ្យអ្នកកាន់តែងាយស្រួលគេងជាងធម្មតា ព្រមទាំងគេងលក់ស្រួលផងដែរ។
បង្កើនថាមពលក្នុងខ្លួន
នៅពេលដែលអ្នកលែងទៅណាមកណាយួរតែខ្លួននោះ ការសម្រកទម្ងន់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកម្លាំងជាងមុន។ រឿងនេះអាចបង្កើតបាននូវវដ្តផ្តល់សុខភាពបាន ដោយកាលណាអ្នកធ្វើសកម្មភាពរាងកាយកាន់តែច្រើន អ្នកកាន់តែសម្រកទម្ងន់ និងមានកម្លាំងកាន់ច្រើនដែរ។
បង្កើនភាពស្រស់ស្អាតដល់ស្បែក
បើសិនជាអ្នកជាមនុស្សស្រឡាញ់រូបសម្រស់ អ្នកនឹងរីករាយក្នុងការដឹងថា ការសម្រាកទម្ងន់នឹងជួយឲ្យស្បែកកាន់តែស្រស់ស្អាត និងគួរឲ្យស្រឡាញ់ថែមទៀត។ ការសម្រកទម្ងន់ជាមួយនឹងការញ៉ាំអាហារផ្តល់សុខភាព រាងកាយនឹងទទួលបានវីតាមីន ជាតិរ៉ែ និងអង់ទីអុកស៊ីដង់ដែលជួយផ្គត់ផ្គង់ភាពស្រស់ស្អាតដល់ស្បែកបាន៕