អ្វីទៅហៅថាជំងឺទឹកដក់ក្នុងថង់ពងស្វាស?

ជំងឺដកទឹកក្នុងថង់ពងស្វាសច្រើនតែកើតមានជាញឹកញាប់លើទារកទើបនឹងកើត និងច្រើនតែបាត់ទៅវិញដោយមិនបាច់ព្យាបាលអ្វីទេនៅរយៈពេលមួយឆ្នាំក្រោយ។ ចំពោះក្មេងធំ និងបុរសវ័យកណ្តាលវិញអាចនឹងកើតជំងឺទឹកដ់កក្នុងថង់ពងស្វាសបានដោយសារតែការរលាក ឬមានរបួសនៅថង់ពងស្វាស។

ជំងឺដក់ទឹកក្នុងថង់ពងស្វាសច្រើនតែមិនមានការឈឺចាប់ ឬគ្រោះថ្នាក់អ្វីទេ ហើយវាប្រហែលជាមិនចាំបាច់ត្រូវព្យាបាលអ្វីដែរ។​ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានបញ្ហាហើមថង់ពងស្វាស ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការទាត់ចោលនូវមូលហេតុផ្សេងៗទៅ។

ពេលណាដែលសង្ស័យថាអ្នកមានជំងឺទឹកដក់ក្នុងថង់ពងស្វាស?

ជាធម្មតា រឿងដែលស្រួលបញ្ជាក់ថាមានទឹកដក់ក្នុងថង់ពងស្វាសនោះគឺ ជាការហើមពងស្វាសម្ខាង ឬទាំងសងខាងដោយមិនមានការឈឺចាប់អ្វីទាំងអស់។

សម្រាប់មនុស្សប្រុសពេញវ័យដែលមានទឹកដ់កក្នុងថង់ពងស្វាសប្រហែលជាធ្លាប់មានអាការៈមិនមានផាសុកភាពរហូតដល់ ពងស្វាសធ្ងន់ទៅៗ។ ការឈឺចាប់ជាទូទៅនឹងកើនឡើងជាមួយនឹងទំហំនៃការរលាក។ ពេលខ្លះ តំបន់ដែលហើមប្រហែលជាតូចជាងមុននៅពេលព្រឹក ហើយធំនៅពេលថ្ងៃ។

ជំងឺទឹកដក់ក្នុងថង់ពងស្វាសបង្កឡើងដោយសារអ្វី?

ជំងឺដកទឹកក្នុងថង់ពងស្វាសមិនមានការឈឺចាប់អ្វីទេ គ្រាន់តែមានចំនួនទឹកក្នុងថង់ពងស្វាសច្រើនប៉ុណ្ណោះ ដែលជាហេតុនាំអោយថង់ពងស្វាស ឬគ្រលានហើម។ ទោះបីជាជំងឺនេះច្រើនតែកើតមានជាញឹកញាប់លើទារកទើបនឹងកើតក៏ដោយ ក៏វាអាចកើតលើមនុស្សគ្រប់វ័យបានដែរ។

ចំពោះមូលហេតុរបស់ជំងឺនេះគេមិនទាន់ដឹងនៅឡើយទេ។ ជំងឺទឹកដក់ក្នុងថង់ពងស្វាសលើទារកទើបនឹងកើតប្រហែលជាមានប្រហោងមួយនៅចន្លោះពោះ និងថង់ពងស្វាសហើយ ដែលធម្មតាប្រហោងនេះនឹងបិទទៅវិញមុនពេលសម្រាល ឬសម្រាលរួចរយៈពេលខ្លី។

ជំងឺទឹកដក់ក្នុងថង់ពងស្វាសដែលកើតលើមនុស្សធំប្រហែលជាបណ្តាលមកពីការមានរបួស ឬវះកាត់នៅថង់ពងស្វាស, តំបន់គ្រលាន, រលាក ឬមានការបង្ករោគនៅបំពង់អេពីឌីឌីម ឬពងស្វាស។ ករណីដ៏កម្រនោះគឺថា ជំងឺនេះប្រហែលជាកើតឡើងជាមួយនឹងជំងឺមហារីកពងស្វាស ឬតម្រងនោមខាងឆ្វេង ព្រោះវាអាចកើតលើមនុស្សប្រុសគ្រប់វ័យ ប៉ុន្តែភាគច្រើនបំផុតគឺអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។

ធ្វើដូចម្តេចដើម្បីកុំអោយកើតជំងឺទឹកដក់ក្នុងថង់ពងស្វាស?

មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺទឹកដក់ក្នុងថង់ពងស្វាសគឺធ្វើយ៉ាងណាកុំឲ្យពងស្វាស និងថង់ពងស្វាសមានរបួសអ្វីទាំងអស់។ ឧទាហរណ៍ បើសិនជាត្រូវការលេងកីឡាដែលប៉ះពាល់ខ្លាំង ចូរប្រើប្រាស់ឧបករណ៍ការពារសម្ពាធជាពិសេស។

ថ្វីបើជំងឺទឹកដក់ក្នុងថង់ពងស្វាសច្រើនតែមិនមែនជាបញ្ហាសុខភាពដ៏សំខាន់ អ្នកគួរតែប្រាប់ដល់គ្រូពេទ្យអំពីភាពមិនធម្មតា ឬការហើមក្នុងថង់ពងស្វាសបន្ថែមទៅ។ ជំងឺផ្សេងៗប្រហែលជាកំពុងតែធ្វើឲ្យមានមានភាពមិនធម្មតាស្រដៀងគ្នានេះដែរ។

វិធីបញ្ជាក់ថាអ្នកមានជំងឺទឹកដក់ក្នុងថង់ពងស្វាស?

គ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យទៅលើរាងកាយដែលមានដូចជា៖

 • ពិនិត្យរកមើលការតឹងនៅក្នុងថង់ពងស្វាសដែលកំពុងតែរីកធំ
 • ការសង្កត់ទៅលើពោះ និងថង់ពងស្វាសរកមើលក្លននៅគ្រលាន
 • ការចាំងភ្លើងនៅថង់ពងស្វាស។ បើសិនជាអ្នកមានជំងឺទឹកដក់ក្នុងថង់ពងស្វាសមែននោះ តេស្តដោយការចាំងភ្លើងនឹងបង្ហាញនូវត្តមានទឹកដ៏ថ្លានៅជុំវិញពងស្វាសជាមិនខាន។

ក្រោយមកទៀតគ្រូពេទ្យប្រហែលជាណែនាំអោយធ្វើរឿងបន្ថែមទៀតដូចជា៖

 • តេស្តឈាម និងតេស្តទឹកនោមដើម្បីកំណត់អោយដឹងថាតើអ្នកមានការបង្ករោគដូចជាការរលាកបំពង់អេពីឌីឌីមដែរឬអត់

ការថតអេកូដើម្បីទាត់ចោលបញ្ហាក្លន, ដុំសាច់ក្នុងថង់ពងស្វាស ឬមូលហេតុផ្សេងៗទៀតដែលនាំអោយថង់ពងស្វាសរីកធំ។

ពេលណាត្រូវទៅជួបគ្រូពេទ្យ?

ចូរទៅជួបគ្រូពេទ្យបើសិនជាអ្នក ឬកូនអ្នកធ្លាប់មានការហើមថង់ពងស្វាស។ យកល្អគួរតែទាត់ចោលមូលហេតុផ្សេងៗទៀតនៃការហើមដែលត្រូវការការព្យាបាលផង។ ឧទាហរណ៍ ជំងឺទឹកដក់ក្នុងថង់ពងស្វាសប្រហែលជាជាប់ទាក់ទងនឹងតំបន់ដែលខ្សោយនៅជញ្ជាំងពោះ ដែលអាចធ្វើឲ្យពោះវៀនលូនចូលទៅក្នុងថង់ពងស្វាសបាន។

ជំងឺទឹកដក់ក្នុងថង់ពងស្វាសលើទារកជាធម្មតានឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែបើសិនជាវាមិនបាត់ទៅវិញនៅរយៈពេលមួយឆ្នាំក្រោយទេ ឬរីកធំជាងមុនទៀត ចូរសុំឲ្យគ្រូពេទ្យពិនិត្យពងស្វាសម្តងទៀត។

ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាអ្នក ឬកូនអ្នកស្រាប់តែកើតការឈឺចាប់ភ្លាមៗ ឈឺចាប់ក្នុងថង់ពងស្វាសខ្លាំងក្លា ឬហើម ជាពិសេសច្រើនម៉ោងក្រោយពីរបួសនៅពងស្វាសរួច។ សញ្ញាទាំងនេះអាចកើតឡើងជាមួយនឹងជំងឺមួយចំនួនដែរដូចជា ការស្ទះលំហូរឈាមដោយសារតែពងស្វាសរមួល។ ការរមួលពងស្វាសត្រូវតែព្យាបាលភ្លាមៗដើម្បីសង្គ្រោះពងស្វាសបាន។

ជំងឺទឹកដក់ក្នុងថង់ពងស្វាសអាចសម្លាប់អ្នកដោយរបៀបណា?

ជំងឺទឹកដកក្នុងថង់ពងស្វាសមិនអាចសម្លាប់មនុស្សបានទេ វាគ្រាន់តែធ្វើឲ្យរំខានដល់ការរស់នៅ និងឈឺចាប់ ព្រមទាំងប៉ះពាល់ដល់ជីវិតផ្លូវភេទប៉ុណ្ណោះ។

អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងជំងឺទឹកដក់ក្នុងថង់ពងស្វាស?

ក្នុងករណីជំងឺទឹកដក់ក្នុងថង់ពងស្វាសតិចតួចទៅកម្រិតមធ្យម អ្នកអាចសាកល្បងវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះ

 • ញ៉ាំផ្លែឈើឲ្យបានច្រើន ឬ ៣ពេលក្នុងមួយថ្ងៃ ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ក្រូច ម្នាស់ជាដើម។
 • ញ៉ាំបន្លែឆ្អិន
 • អ្វីដែលចៀសវាង៖  
  • គ្រឿងស្រវឹង តែ កាហ្វេ
   
  • ការជក់បារី
   
  • សកម្មភាពផ្សេងៗដែលតម្រូវការឲ្យប្រឹងនៅតំបន់រាងកាយខាងក្រោមដូចជា ការលើករបស់ធ្ងន់ធ្ងរ លំហាត់ប្រាណខ្លាំងក្លា ការឈររយៈពេលយូរ
   
  • សម្លៀកបំពាក់តឹងៗ
   
  • ការញ៉ាំអាហារច្រើនៗនៅពេលល្ងាច ឬយប់
   
  • ការគេងភ្លាមៗក្រោយបាយរួច
 • ការប្រើឧបករណ៍ទ្រពងស្វាស

គ្រូពេទ្យព្យាបាលជំងឺទឹកដក់ក្នុងថង់ពងស្វាសយ៉ាងដូចម្តេច?

ជំងឺទឹកដក់ក្នុងថង់ពងស្វាសជាធម្មតាមិនមានអ្វីគ្រោះថ្នាក់ទេ ហើយត្រូវការព្យាបាលតែពេលមានអាការៈឈឺចាប់ ឬអ្នកជំងឺមានភាពអៀនខ្មាស ឬមានការថយចុះនូវលំហូរឈាមទៅក្នុងលិង្គ (កម្រ)។ ការព្យាបាលមិនមែនតែងតែជាតម្រូវការនោះទេបើសិនជាទឹកដក់ក្នុងថង់ពងស្វាសនោះមិនមានការប្រែប្រួលទំហំ ឬទំហំរបស់វាកាន់តែតូចទៅៗ។ ទឹកដក់ក្នុងថង់ពងស្វាសលើបុរសវ័យក្មេងជាង ៦៥ឆ្នាំប្រហែលជាបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែបើកើតលើមនុស្សវ័យចំណាស់វិញច្រើនតែមិនបាត់ទៅវិញទេ។

ជាតិទឹកក៏អាចដកចេញពីពងស្វាសតាមរយៈការប្រើម្ជុលបូមបានដែរ។ ប៉ុន្តែក្រោយពីបូមរួច វាច្រើនតែកើតមកវិញម្តងទៀត ដូច្នេះត្រូវតែធ្វើការវះកាត់ទើបបាន។ ការបូមទឹកចេញពីថង់ពងស្វាសត្រូវបានណែនាំអោយធ្វើតែលើបុរសណាដែលមិនអាចទទួលយកការវះកាត់បានប៉ុណ្ណោះ ព្រោះវានឹងមានការប្រឈមនឹងការបង្ករោគ និងកើតឡើងម្តងទៀត។

បើសិនជាទឹកដក់ក្នុងថង់ពងស្វាសកាន់តែរីកធំៗទៅ ឬធ្វើអោយពុំមានផាសុខភាពនោះ ការវះកាត់ដកចេញប្រហែលជាត្រូវធ្វើជាចាំបាច់ហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង