មន្ត្រីឲ្យដឹងថាសន្តិសុខផ្សារជម្ពូវ័ន្តបានរើសដែកគោល និងវីសជាច្រើននៅលើផ្លូវជាតិលេខ៤ ដោយថាមានមនុស្សមួយក្រុមតូចបានដើរបាចដែកគោល ឬវីសនេះដើម្បីឲ្យមុតកង់យានជំនិះដែលធ្វើដំណើរតាមនោះ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ សរសេរលើ ទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះថាសន្តិសុខផ្សារជម្ពូវ័ន្តបានឃើញ និងបានដើរប្រមូលដែកគោល និងវីសទាំងនេះចេញពីផ្លូវ និងថាបានចំនួនច្រើនទៀតផង។
លោកសរសេរថា៖ «មនុស្សមួយចំនួនតូចបានដើរបាចដែកគោល និងវីស ដើម្បីឲ្យយាន្តគេធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន ។ បើចង់មានលុយច្រើន មិនត្រូវមានគំនិតអាក្រក់យ៉ាងនេះទេ ហើយក៍សូមអរគុណដល់ប្រធានផ្សារនិងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាតតាមផ្លូវជាតិលេខ៤ ប្រមូលបានវីសនិងដែកគោលជាច្រើន »។
អភិបាលខណ្ឌបានបន្តឆ្លើយឆ្លងក្នុងហ្វេសប៊ុក Comment ថាលោកបានដឹងករណីនេះ តាមរយៈសន្តិសុខផ្សារ ហើយថាបើរកឃើញអ្នកប្រព្រឹត្តនឹងចាប់ខ្លួនបញ្ជូនទៅតុលាការ។ លោកសរសេរបន្ថែមថា៖ «ខ្ញុំរកឃើញករណីនេះដោយសន្តិសុខផ្សារគាត់ដើរបោសសម្អាតតាមផ្លូវ ក្នុងមួយដងៗមានដែកគោលនិងវីសទាំងចានៗ បានដាក់ការសង្ស័យថាជាការបាចដើម្បីរកលុយ តាមការប៉ះកង់នេះឯង បើចាប់បានខ្ញុំនឹងបញ្ជូនទៅតុលាការដើម្បីដាក់ទោសហើយ »៕
ប្រភព៖ sabay.com.kh