ថ្នាំ​ផ្សះ​ដែល​មាន​វេជ្ជបញ្ជា​ភាគច្រើន​ដែល​តែងតែ​ផ្តល់​ឲ្យ​ទារក​ទើប​នឹង​កើត ឬ​កុមារ​តូចៗ គឺ​ថ្នាំ​អា​ម៉ុក​ស៊ី​លីន (Amoxicillin) ព្រោះ​វា​អាច​ប្រើ​ដើម្បី​ព្យាបាល​ការបង្ក​រោគ​ដោយ​បាក់តេរី​ជាច្រើន​ដូចជា ជំងឺ​រលាក​សួត ការបង្ក​រោគ​នៅ​ត្រចៀក បំពង់ក ស្បែក ឬ​ផ្លូវទឹក​ម៉ូ​ត្រ​។

​ទោះបីជា​វា​ត្រូវបាន​គេ​យល់ថា​វា​មាន​សុវត្ថិភាព​ខ្លាំង​សម្រាប់​កុមារ​ប្រើ​ថ្នាំ​ផ្សះ​ក៏ដោយ តែ​ថ្នាំ​ប្រភេទ​អា​ម៉ុក​ស៊ី​លីន​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​រំខាន​ដ៏​គួរឲ្យខ្លាច​មួយចំនួនដែរ​។ មាន​សេចក្តីរាយការណ៍​ជា​ច្រើន​និយាយ​អំពី​ករណី​កម្រ​មួយ​ចំនួន​អំពី​ជំងឺ​រលាក​ថ្លើម​ដោយសារតែ​ការប្រើ​ថ្នាំ ព្រោះ​វា​មានប្រតិកម្ម​ជាមួយនឹង​ប្រភេទ​ថ្នាំ Amoxicillin-clavulanic Acid​។ ជាក់ស្តែង បុរស​វ័យ ៥៣​ឆ្នាំ​ម្នាក់​បាន​កើត​ជំងឺ​រលាក​ថ្លើម ក្រោយ​ពី​ប្រើ​ថ្នាំ Amoxicillin-clavulanic Acid រយៈពេល​៤​សប្តាហ៍​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​រ៉ាំរ៉ៃ (Chronic Rhinosinusitis)​។ ថ្នាំ​ផ្សះ​អា​ម៉ុក​ស៊ី​លីន​ត្រូវបាន​គេ​ស្គាល់​ថា មាន​ឥទ្ធិពល​ទៅលើ​ថ្លើម និង​តម្រងនោម រយៈពេល​ខ្លី​។ ករណីបែបនេះ អ្នកជំងឺ​ក៏​មិន​មាន​បញ្ហា​អ្វី​រយៈពេល​យូរ​ដែរ​។

ប៉ុន្តែ​តើ​វា​មាន​ផល​រំខាន​អ្វី​ខ្លះ​ទៅ​ចំ​ពោះ​ទារក​? តាម​ការ​សិក្សា​ដែល​បាន​ធ្វើ​ការប្រៀបធៀប​គ្នា​ទៅ​នឹង​ថ្នាំ​ផ្សេងៗ​ទៀត​ដូចជា Cefuroxime Axetil និង Cefaclor បានឲ្យដឹងថា ទារក​ទើបនឹង​កើត និង​កុមារ​តូចៗ ដែល​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​អា​ម៉ុក​ស៊ី​លីន​ឃើញថា មាន​ផល​រំខាន​ច្រើនជាង​ថ្នាំ​ទាំង​ពីរ​ខាងលើ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​មានន័យថា កុមារ​គ្រប់រូប​ដឹង​តែ​មាន​ផល​រំខាន​ទាំង​អស់​ឡើយ​ក្រោយ​ពី​ប្រើ​ថ្នាំ​ផ្សះ​រួច​ទេ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​សម្គាល់​ឃើញ​កូន​មាន​ផល​រំខាន ដូចខាងក្រោម​នេះ​ក្រោយ​ពី​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​អា​ម៉ុក​ស៊ី​លីន យក​ល្អ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដែល​ចេញ​ថ្នាំ​ឲ្យប្រើ​នោះ​ភ្លាមៗ​។

ផល​រំខាន​របស់​ថ្នាំ​អា​ម៉ុក​ស៊ី​លីន​ចំពោះ​កុមារ​តូចៗ​មានដូចជា​៖

  • ​រាក​រូស​
  • ​កន្ទួលរ​មាស់​នៅ​ស្បែក​
  • ​ក្អួត​
  • ​ឡើង​កន្ទួលរ​មាស់​នៅ​ស្បែក​ត្រង់​ខោ​ទឹកនោម​
  • ខូច​ស្រទាប​ការពារ​របស់​ធ្មេញ​

​ដោយ​យោង​ទៅ​តាម​ការសិក្សា​កាលពី​ឆ្នាំ ២០១៥ បានឲ្យដឹងថា ការប្រើ​ថ្នាំ​ផ្សះ​ប្រភេទ អា​ម៉ុក​ស៊ី​លីន​អាចមាន​ផលប៉ះពាល់​ដល់​ក្មេង​រយៈពេល​យូរ​។ ឆ្លង​តាម​ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​រកឃើញថា ការប្រើ​ថ្នាំ​ផ្សះ​នេះ​យូរ ធ្វើ​ឲ្យ​រំខាន​ដល់​ការលូតលាស់​សាច់ដុំ និង​ឆ្អឹង​។ វា​ក៏​នាំឲ្យ​មាន​ការប្រែប្រួល​ដល់​រចនា​សម្ព័ន្ធ​នៃ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ថ្នាំ​អា​ម៉ុក​ស៊ី​លីន​អាច​បណ្តាល​ឲ្យ​ឆ្អឹង​លូត​ធំ​មិន​ធម្មតា និង​កង្វះ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ទៀត​។

​ដូច្នេះ​ថ្ងៃ​ក្រោយ ពេល​គ្រូពេទ្យ​ចេញ​ថ្នាំ​អា​ម៉ុក​ស៊ី​លីន​ឲ្យ​កូន​ប្រើ ចូរ​កុំ​ភ្លេច​ពិភាក្សា​អំពី​ផល​រំខាន​ដែល​អាច​កើត​មាន​របស់​វា​ជាមួយ​គ្រូពេទ្យ​ផង​មុន​ពេល​សម្រេច​ចិត្ត​ធ្វើការ​ព្យាបាល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង