​សំណួរ​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​ច្រើន​តែ​ចោទ​សួរ​មក​គ្រូពេទ្យ​ជា​ញឹកញាប់​មួយ​នោះ​គឺថា តើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​មាន​សារៈសំខាន់ ឬ​ល្អ​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​ទេ​? យ៉ាងណាមិញ មាន​គ្រូពេទ្យ​ជាច្រើន​តែងតែ​ចេញ​ជា​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ដល់​អ្នកជំងឺ​របស់ខ្លួន​ដែល​មាន​បញ្ហា​ឆ្អឹង ឬ​សន្លាក់​។ ដូច្នេះ​បើ​សិន​ជា​អ្នក​នៅ​តែ​មាន​ចម្ងល់​អំពី​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​បែប​នេះ​ទៀត យក​ល្អ​គួរតែ​ចំណាយ​ពេល​អាន​អត្ថបទ​នេះ​សិន​ទៅ​។​

​មុន​ពេល​ប្រើ​ថ្នាំ​នេះ ចូរ​វាយតម្លៃ​ទៅលើ​ការហូបចុក​របស់​អ្នក​សិន​
បើសិន​ជា​របប​អាហារ​អ្នក​សម្បូរ​ជាតិ​កាលស្យូម​ស្រាប់​ដូចជា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​បន្លែ​ពណ៌​បៃតង​ហើយ​នោះ យក​ល្អ​អ្នក​មិន​បាច់​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​កាលស្យូម​បន្ថែម​ឡើយ ព្រោះ​ថា​អ្នក​កំពុង​តែ​ទទួលបាន​ជីវជាតិ​នេះ​យ៉ាង​គ្រប់គ្រាន់​រួចទៅហើយ​។​

តែង​យល់ថា មិន​ទទួលបាន​កាលស្យូម​គ្រប់​គ្រាន់​ពី​ចំណីអាហារ​
ទោះបីជា​យ៉ាងណា​ក៏ដោយ នេះ​មិនមែណ​ជា​ហេតុផល​ដែល​ត្រឹមត្រូវ​ឡើយ​។ ទោះបីជា​អ្នក​ជា​មនុស្ស​ញ៉ាំ​អាហា​របួស​ក៏ដោយ កាលណា​អ្នក​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់ វា​កម្រ​នឹង​ធ្វើឲ្យ​រាងកាយ​ទទួលបាន​ជាតិ​កាលស្យូម​មិន​គ្រប់​ណាស់​។​

មនុស្ស​ជាច្រើន​គិតថា ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ចាស់​
យ៉ាងណាមិញ រឿង​នេះ​មិន​ទាន់​ពិតប្រាកដ​នោះ​ទេ ខណៈពេល​ដែល​ការស្រាវជ្រាវ​ជាច្រើន​បាន​អះអាងថា កាលស្យូម​គ្មានអ្វី​អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ធំ​ឡើយ​។ មាន​កត្តា​ជាច្រើន​ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​គឺ​គ្មាន​អ្វី​ដែល​អាច​ជួយ​ទប់ស្កាត់​បាន​ឡើយ​។​

ការប្រើ​ថ្នាំ​កាលស្យូម​ច្រើន​នាំ​ឲ្យ​ឈឺក្រពះ ទល់លាមក​ឡើយ និង​ផ្សេងៗ​ទៀត​
មាន​ការបារម្ភ​មួយ​ដែល​និយាយថា ការ​ទទួលទាន​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ជា​ទៀងទាត់​អាច​បង្ក​ជា​គ្រួស​ក្នុង​តម្រងនោម​បាន ប៉ុន្តែ​រឿង​នេះ​មិនទាន់​មាន​ការអះអាង​ថា​ត្រឹមត្រូវ​ឬ​អត់​នៅ​ឡើយ​ទេ​។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​ជា​ច្រើន​បានបង្ហាញ​ថា ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ធំ នឹង​កាន់តែ​ខ្ពស់​លើ​បុគ្គល​ណា​ដែល​ប្រើ​ថ្នាំ​គ្រាប់​បំប៉ន​ជាតិ​កាលស្យូម​ជា​ទៀងទាត់​។ ការសិក្សា​ផ្សេងទៀត​និយាយថា ថ្នាំ​បំប៉ន​ប្រភេទ​នេះ​ដើរតួនាទី​យ៉​ងា​សំខាន់​ក្នុង​ការបង្កើត​ជា​កំណក​ឈាម ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម និង​ចុងក្រោយ​បង្ក​ការ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​តែម្តង​។ ដូច្នេះហើយ អ្នក​ដែល​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើនពេក​ប្រឈម​ខ្ពស់​នឹង​បញ្ហា​អស់ទាំង​នេះ ព្រមទាំង​បង្ក​ជា​ជំងឺ​ភ្លេចភ្លាំង​លើ​មនុស្ស​ចាស់​ផង​ដែរ​។​

អ្នកជំងឺ​យល់ថា ការប្រើ​ថ្នាំ​នេះ​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​
តាមពិតទៅ គឺថា ថ្នាំ​គ្រាប់​ជាតិ​កាលស្យូម​ត្រូវបាន​គេ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ទម្រ​ង​ច្រើន​ប្រភេទ​ណាស់ ហើយក៏​មាន​ទម្រ​ង​ខ្លះ​លាយ​ជាមួយ​នឹង​វីតាមីន D ទៀត​។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​ធ្វើឲ្យ​អ្នក​ទទួល​ទានវា មាន​អារម្មណ៍ល្អ ហើយ​អារម្មណ៍​នេះ​មិនមែន​ដោយសារ​តែ​កាលស្យូម​ទេ តែ​ដោយសារ​វីតាមីន D ទៅវិញ​។​

ដោយ​យោង​ទៅតាម​អ្នកជំនាញ​បានឲ្យដឹងថា របប​អាហារ​ជា​របស់​មនុស្ស​ម្នាក់​ជា​មធ្យម​គឺមាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់ ហើយក៏​មិន​បាច់​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ​បន្ថែម​ទៀត​ដែរ​។ ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើន​តែ​ត្រូវបាន​គ្រូពេទ្យ​ចេញ​ឲ្យប្រើ​ប្រា​ស់លើ​កុមារ​ដែល​កំពុងតែ​លូតលាស់ ស្ត្រី​មាន​ផ្ទៃពោះ ម្តាយ​បំបៅ​ដោះកូន និង​អ្នកជំងឺ​បាក់ឆ្អឹង ឬ​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ ក្រៅពីនេះ ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ក៏​ធ្វើឲ្យមាន​បញ្ហា​ច្រើន​ជាង​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​តែងតែ​ចេញ​ជា​វីតាមីន D ដល់​អ្នកជំងឺ​ប្រើប្រាស់ ឬ​ឲ្យ​ពួកគេ​ចំណាយពេល ៣០​នាទី ជា​រៀងរាល់ថ្ងៃ​ក្នុងការ​ហាលថ្ងៃ​ដើម្បី​ជំរុញ​ដល់​ការបង្កើន​ជាតិ​កាលស្យូម​ក្នុង​រាងកាយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង