តើកូនអ្នកចូលចិត្តពឹងផ្អែកលើអ្នកឬ? តើគេមានភាពទន់ជ្រាយមិនហ៊ានប្រឈមមុខនឹងរឿងផ្សេងៗឬ? បើមានខាងក្រោមនេះយើងខ្ញុំនឹងបង្រៀនអ្នកពីវិធីដែលអាចធ្វើឱ្យគេរឹងពឹង។ តើមានអ្វីខ្លះទៅ?
- អ្នកត្រូវតែបង្រៀនកូនឱ្យចេះរស់នៅ មានន័យថាមិនត្រូវឱ្យគេនៅទំនេរពេកទេ ត្រូវតែឱ្យគេចេះជួយធ្វើការងារផ្ទះខ្លះបើគេធំល្មមអាចនឹងជួយបាន។ នៅពេលដែលអ្នកអាចបង្រៀនគេឲ្យធ្វើការងារផ្ទះតាំងពីតូច នឹងធ្វើឲ្យគេអាចក្លាយជាមនុស្សដែលឯករាជ្យនៅពេលធំឡើង។
- បើកូនអ្នកមានចរិតកំសាក អ្នកត្រូវតែឱ្យគេលេងជាមួយកូនក្មេងដែលមានចរិតក្លាហាន ព្រោះយូរៗទៅគេនឹងរៀនតាមក្មេងដែលមានចិត្តក្លាហានជាមិនខាន ព្រោះក្មេងចូលចិត្តធ្វើតម្រាប់តាមគ្នាណាស់។ ដូចនេះ កូនអ្នកនឹងមិនខ្លាចនរណាទៀតទេ។
- អ្នកត្រូវតែចេះគោរពកូន មិនត្រូវស្តីបន្ទោសឱ្យគេនៅចំពោះមុខអ្នកដទៃឡើយ។ ការធ្វើបែបនេះ ទើបអាចធ្វើឲ្យកូនមានមុខមាត់។ ដូចនេះ កូននឹងអាចរក្សាចរិតរឹងពឹងបាននៅពេលដែលអ្នកចេះគោរពគេ។
- មិនត្រូវជួយដោះស្រាយបញ្ហាគេគ្រប់រឿងឡើយ ត្រូវតែឱ្យគេចេះប្រឈមមុខដោយខ្លួនឯងទើបជាជំរើសដ៏ល្អ ព្រោះបើអ្នកតែងរំពឹងលើអ្នកដើម្បីជួយដោះស្រាយបញ្ហា គេនឹងមិនអាចរឹងពឹងលឿននោះទេ ដោយពឹងលើអ្នកអស់មួយជីវិតបាន៕