​គ្រួស​ក្នុង​តម្រងនោម​មាន​ទំហំ​តូច​។ វា​អាច​មាន​ទំហំ​ប៉ុន​គ្រាប់​ខ្សាច់ ឬ​ធំ​ប៉ុន​គ្រាប់ពោត​។ អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់ ហើយក៏​មិន​ដឹង​ថា​ខ្លួនឯង​មាន​វា​ក្នុង​តម្រងនោម​ដែរ​។ ប៉ុន្តែ​រយៈពេល​ក្រោយៗ​ទៀត អ្នកនឹង​ដឹងថា​មាន​វា​ហើយ ដោយសារ​តែ​ទឹកនោម​ធ្វើឲ្យ​វា​មាន​ចលនា និង​បង្ក​ការឈឺចាប់​។

​ការឈឺចាប់​ដែល​អ្នក​កើត​ឡើង​ដោយសារ​តែ​គ្រួស​ក្នុង​តម្រងនោម​អាច​ជា​សញ្ញា​ដ៏​សំខាន់​មួយ​ដែលថា អ្នក​ប្រហែលជា​ញ៉ាំ​ជាតិ​រ៉ែ​ច្រើន និង​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ គ្រួស​ក្នុង​តម្រងនោម​អាច​មាន​ពណ៌​ត្នោត ឬ​លឿង និង​រលោង ឬ​គ្រឺមៗ​។

​មាន​គ្រួស​ក្នុង​តម្រងនោម​អាច​ធ្វើឲ្យ​មាន​អារម្មណ៍​យ៉ាង​ម៉េចទៅ​?
​នៅពេល​ដែល​អ្នក​មាន​គ្រួស​ក្នុង​តម្រងនោម អ្នក​ប្រហែលជា​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់​លុះត្រាតែ​គ្រួស​នេះ​ធ្វើ​ចលនា​។ វា​អាច​ធ្វើ​ចលនា​នៅ​ជុំវិញ​ក្នុង​តម្រង​នោម ឬ​ចូល​ទៅក្នុង​បំពង់​បង្ហូរទឹក​នោម​ពី​តម្រងនោម​ទៅ​ប្លោកនោម​។

​រោគសញ្ញា​អាច​ប្រើ​ប្រួល ហើយក៏​អាច​មាន​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​ដែរ​។ អ្វី​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ​ការឈឺចាប់​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​អំពី​គ្រួស​ក្នុង​តម្រងនោម​នេះ​ដូចជា​៖
•​    ​នៅ​ចំហៀង ឬ​ខ្នង ក្រោម​ឆ្អឹងជំនី និង​ឈឺចាប់​អាច​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​
•​    ​នៅក្នុង​គ្រលាន និង​ពោះ​ផ្នែក​ខាងក្រោម​
•​    ​ការឈឺចាប់​អាចមាន​បាត់ៗ និង​ល្អ​ជាង​មុន ឬ​កាន់តែ​យ៉ាប់​ជាង​មុន​
•​    ​អ្នក​ប្រហែលជា​ត្រូវការ​នោម​ញឹក​ញ៉ាប់​ជាង​ធម្មតា​។​

​ការឈឺចាប់​អាច​ផ្លាស់ប្តូរ​ពេញ​រាងកាយ ចាប់ពី​ពោះ ឬ​ខ្នង ទៅ​គ្រលាន​ក៏មាន​ដែរ​។ មានន័យ​ថា គ្រួស​ដែលមាន​នោះ​គឺ​កំពុងតែ​ធ្វើ​ដំណើរ​ចេញពី​តម្រងនោម​ចូលទៅ​ក្នុង​បំពង់​បង្ហូរទឹក​នោម​ពី​តម្រងនោម​ទៅ​ប្លោកនោម​។

​នៅពេល​រឿងនេះ​កើតឡើង អ្នក​ទំនងជា​អាច​មាន​អារម្មណ៍​ថា ក្រហាយៗ​នៅពេល​នោម ឬ​ត្រូវការ​នោម​ញឹក​ជាង​ធម្មតា​។ ពេលខ្លះ អ្នក​អាច​មើលឃើញ​គ្រួស​នេះ​តែម្តង​ក្រោយ​ពី​វា​ធ្លាក់​ចេញមក​ខាងក្រៅ​។

​តើ​គ្រួស​ដែល​ធំៗ​ធ្វើឲ្យ​ឈឺ​ខ្លាំង​មែនទេ​?
​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ទំហំ​នៃ​គ្រួស​ក្នុង​តម្រងនោម​មិន​ស៊ីគ្នា​នឹង​កម្រិត​នៃ​ការឈឺចាប់​ទេ​។ ពេលខ្លះ គ្រួស​តូច​អាច​ធ្វើឲ្យ​ឈឺ​ខ្លាំង​បំផុត ខណៈពេល​ដែល​គ្រួស​ធំៗ​ធ្វើឲ្យ​ឈឺ​បែប​ងំ​ទៅវិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង