​គ្រូពេទ្យ​ច្រើនតែ​ធ្វើការ​ញែក​ឲ្យដាច់​ទៅ​លើ​ករណី​ដែល​ថា​មាន​ឈាម​ក្នុង​ទឹកនោម ដោយ​មើលឃើញ​ឈាម​ផ្ទាល់​នឹង​ភ្នែក និង​ការមើលឃើញ​តាម​មីក្រូ​ទស្សន៍​។ វត្ត​មាន​ឈាម​ក្នុង​ទឹកនោម​អាច​កើតឡើង​ដោយសារតែ​មូលហេតុ និង​ជំងឺ​ជាច្រើន​ប្រភេទ​។ ឈាម​ក្នុង​ទឹកនោម​ប្រហែលជា​ជាប់​ទាក់ទង​នឹង​ការឈឺចាប់​ខ្លាំង​ក្នុងពេល​នោម ឈឺ​ពោះ ឬ​ឈ​អាង​ត្រគាក មាន​ខ្ទុះ​ក្នុង​ទឹកនោម ឬ​អា​ការៈផ្សេងៗ​ទៀត អាស្រ័យ​ទោ​តាម​មូលហេតុ​របស់​វា​។ វា​ក៏​អាច​កើតឡើង​ដែរ​ក្នុង​ការ​ដែល​មាន​ឈាម​ក្នុង​ទឹកនោម ហើយ​មិន​ជាប់ទាក់ទង​នឹង​ការឈឺចាប់ ឬ​អា​ការៈផ្សេងៗ​ទៀត​។

​តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការ​នាំឲ្យ​មាន​ឈាម​ក្នុង​ទឹកនោម​?

  • ​ការបង្ក​រោគ​៖ ឈាម​ក្នុង​ទឹកនោម​អាច​ជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ ការបង្ក​រោគ​មួយ​អាច​មាន​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ (​ប្លោកនោម ឬ​បង្ហួរនោម​) ឬ​អាច​ដល់​តម្រងនោម​តែម្តង​ក៏មានដែរ​។
  • គ្រួស​ក្នុង​តម្រង​នោម​៖ កាលណា​ដែលមាន​គ្រួស​ក្នុង​តម្រង​នោម ឬ​ប្លោកនោម វា​អាច​ធ្វើ​ឲ្យ​ហូរឈាម ហើយ​ក៏​ចេញមកក្រៅ​តាមរយៈ​ទឹកនោម​បានដែរ​។​
  • ជំងឺ​តម្រងនោម​៖ ជំងឺ​របស់​តម្រងនោម​អាច​ជាប់​ទាក់ទង​នឹង​ការ​ហូរ​ឈាម​ក្នុង​ទឹកនោម​
  • ​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​៖ ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​អាច​ទោ​សង្កត់ដ​ល់​បង្ហួរនោម និង​ធ្វើ​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​បាន​។ ឈាម​ក្នុង​ទឹកនោម​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ឬ​មហារីក​ក្រពេញប្រូ​ស្តាត​ដែរ​។
  • មហារីក​៖ មហារីក​តម្រងនោម និង​ប្លោកនោម​ប្រហែល​ជាប់​ទាក់ទង​នឹង​ការ​ហូរ​ឈាម​ក្នុង​ទឹកនោម​ដែរ​។
  • របួស​៖ ការ​ប៉ះទង្គិច​ដល់​ផ្លូវទឹក​ម៉ូ​ត្រ​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​បាន​។
  • ការប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​ដូចជា អាស្ពីរីន Heparin និង Penicillin អាច​បង្ក​ជា​ការ​ហូរឈាម​តាម​ទឹកនោម​ដែរ​។
  • ការ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​៖ ថ្វី​បើ​ហេតុផល​ជាច្រើន​មិនសូវ​មាន​ការយល់​ច្បាស់​ក៏ដោយ តែ​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​ត្រូវបាន​គេ​ដឹងថា​មាន​ជាប់​ទាក់ទង​នឹង​វត្ត​មាន​ឈាម​ក្នុង​ទឹកនោម​ដែរ​។
  • ជំងឺ​ឈាម​៖ ជំងឺ​ដែល​ប៉ះពាល់​ដល់​ឈាម ឬ​សមត្ថភាព​នៃ​ការធ្វើ​ឲ្យ​ឈាមកក​ពេលខ្លះ​អាច​នាំឲ្យ​មាន​ការហូរឈាម​តាមទឹក​នោម​ដែរ​។ ជំងឺ​គ្រាប់​ឈាម Sickle Cell Disease គឺជា​ឧទាហរណ៍​មួយ​នៃ​ជំងឺ​ឈាម​ដែល​នាំ​ឲ្យ​ហូរ​ឈាម​តាម​ទឹកនោម​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ EMedicineHealth

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង