ការញ៉ាំទឹកគឺបានដើរតួនាទីដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយសារតែយើងត្រូវការបង្គ្រប់ជាតិទឹកក្នុងខ្លួន មានភាពប្រុងប្រយ័ត្ន និងសុខភាពល្អ។ ប៉ុន្តែមានពេលវេលាច្រើនណាស់ដែលយើងត្រូវការធ្វើការងារច្រើនជាងសម្គាល់រាងកាយខ្លួនឯងថា ញ៉ាំទឹកមិនបានគ្រប់។ បើសិនជាអ្នកគិតថា ការធ្វើការច្រើនម៉ោងដោយគ្មានញ៉ាំទឹកទេ ហើយគិតថាមិនអីទេនោះ ចូរគិតឡើងវិញម្តងទៀត ហើយស្វែងរកទឹកញ៉ាំឲ្យបានលឿនវិញ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវសញ្ញាព្រមានមួយចំនួនដែលបញ្ជាក់ថា រាងកាយកំពុងតែទទួលទានជាតិទឹកមិនគ្រប់គ្រាន់ទេ៖

ឈឺក្បាល

បើសិនជាអ្នកមានអារម្មណ៍ថា មានការឈឺក្បាលនៅម្តុំខាងក្រោយនៃក្បាល ឬខាងមុខ វាប្រហែលជាកើតឡើងដោយសារការឈឺក្បាលប្រភេទ Tension Hedache ឬទាក់ទងនឹងការញ៉ាំទឹកមិនគ្រប់គ្រាន់ហើយ។ បើសិនជាការឈឺក្បាលមានជាប់ទាក់ទងនឹងការធីងធោងទៀត មានន័យថាអាការៈនេះច្បាស់ជាបង្កឡើងដោយកង្វះជាតិទឹក និងត្រូវការញ៉ាំឲ្យច្រើនតាមតែអាចធ្វើទៅបានហើយ។ គ្មានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ខួរក្បាលនឹងមិនអាចធ្វើការងាររបស់វាបានល្អឡើយ។

ស្បែកស្ងួត

អាការៈមួយផ្សេងទៀតដែលរាងកាយអ្នកត្រូវការជាតិទឹកគ្រប់គ្រាន់ដែរនោះគឺនៅពេលស្បែកចាប់ផ្តើមស្ងួត។ ដោយសារតែស្បែកជាសរីរាង្គដែលធំជាងគេបំផុតនៃរាងកាយ ដូច្នេះវានៅតែត្រូវការជាតិទឹកកាន់តែច្រើនតាមតែអាចធ្វើបាន ហើយដើម្បីបង្គ្រប់ជាតិទឹក អ្នកត្រូវតែញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ស្បែកដែលស្ងួតគឺជាសញ្ញាមុនគេបង្អោះដែលបញ្ជាក់ថា រាងកាយកំពុងតែខ្សោះជាតិទឹក ហើយកាលណាមានបញ្ហានេះ រាងកាយនងឹមិនអាចបង្កើតជាញើសដើម្បីបញ្ចេញជាតិពុលដែលមានក្នុងខ្លួន មកខាងក្រៅបានឡើយ។ 

ខ្យល់ដកដង្ហើមមិនល្អ និងស្ងួតមាត់

បើសិនជាមាត់អ្នកទៅជាស្ងួត វាអាចដោយសារតែអ្នកមិនបានទទួលបានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ឡើយ។ ដោយសារតែវាមានការកង្វះជាតិទឹកក្នុងខ្លួន មាត់មនុស្សយើងនឹងមិនអាចបង្កើតសំណើមបានគ្រប់គ្រាន់ឡើយ។ មានន័យថា បាក់តេរីអាចរស់នៅក្នុងស្ថានភាពបែបនេះ ហើយក៏បង្កជាក្លិនមាត់នៅពេលនិយាយផងដែរ។ ដើម្បីបង្ការរឿងនេះ គ្មានអ្វីក្រៅពីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ឡើយ។ 

បន្ថយទំហំសាច់ដុំ

អាការៈមួយផ្សេងទៀតដែលបញ្ជាក់ថា អ្នកកំពុងតែខ្សោះជាតិទឹកគឺការបាត់បង់ទំហំរបស់សាច់ដុំ។ សាច់ដុំមនុស្សយើងក៏ផ្ទុកទៅដោយជាតិទឹកដែលមានន័យថា បើសិនជាមិនមានទឹកគ្រប់គ្រាន់ អ្នកនឹងសម្គាល់ដឹងថា សាច់ដុំមានទំហំតូចជាងមុនហើយ។ អ្នកជំនាញនិយាយថា អ្នកគួរតែញ៉ាំទឹកមុន ក្នុងពេល ព្រមទាំងក្រោយពេលហាត់ប្រាណ ទើបមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន មានកម្លាំង និងផាសុកភាព។ ការបង្គ្រប់ជាតិទឹកនៅពេលហាត់ប្រាណ នឹងជម្រុញដល់ការផ្គត់ផ្គង់ជាតិទឹកដល់សាច់ដុំ ខណៈពេលដែលជួយបង្ការការឈឺសាច់ដុំផង។ 

ទល់លាមក

បើសិនជាអ្នកកំពុងតែរាករូស ឬក្អួតជាប់ អ្នកប្រហែលជាធ្លាប់មានបញ្ហាទល់លាមកហើយ ដោយសារតែអ្នកបានបាត់បង់ជាតិទឹកច្រើន។ ការខ្សោះជាតិទឹកអាចបង្កឲ្យទល់លាមកដែរ។ ការបង្កើនការញ៉ាំទឹក អាចជួយធ្វើឲ្យលាមកធូរ ដូច្នេះ វានឹងជួយឲ្យការបន្ទោបង់កាន់តែស្រួលផង។ 

មានជំងឺមិនងាយជា

បើសិនជាអ្នកមិនស្រួលខ្លួនរយៈពេលច្រើនជាងមួយសប្តាហ៍ វាទំនងជាអាចនិយាយថា អ្នកមិនបានទទួលជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយដើម្បីច្រោះបាក់តេរី ឬមេរោគផ្សេងៗចេញពីរាងកាយឡើយ។ រឿងនេះមិនមែននិយាយតែទឹកមួយមុខទេ តែក៏ចង់សម្តៅទៅលើទឹកណាដែលមានវីតាមីន និងជាតិរ៉ែដែរ ព្រោះវាអាចជួយបំបាត់បញ្ហាពីខាងក្នុងខ្លួនផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង