ប្រសិនជាអ្នកចង់ឲ្យអតិថិជនតែងតែមកទិញទំនិញរបស់អ្នក អ្នកគួរតែផ្តល់តម្លៃដល់អតិថិជន ទើបអាចទាក់ទាញគេបាន។ តើមានអ្វីខ្លះទៅ?
1. មិនថាអតិថិជនចូលក្នុងហាងអ្នកស្លៀកពាក់បែបណា ទិញ ឬមិនទិញ អ្នកគួរតែប្រើអាកប្បកិរិយាប្រកបដោយការគោរព ដើម្បីទទួលស្វាគមន៍ ហើយផ្តល់តម្លៃដល់ពួកគេ។ ជាពិសេស អ្នកគួរតែនិយាយថាអរគុណគ្រប់ពេលដែលគេទិញ ឬមិនទិញ ទើបអាចធ្វើឲ្យអតិថិជនអ្នកមានភាពកក់ក្តៅ។
2. អ្នកគួរតែផ្តោតអារម្មណ៍ទៅលើអតិថិជនរបស់អ្នក ទើបអ្នកអាចឆ្លើយគ្រប់ចម្ងល់ដែលគេមាន។ ដូចនេះ អ្នកនឹងអាចណែនាំផលិតផលដែលល្អចំពោះពួកគេបានយ៉ាងងាយ។
3. អ្នកគួរតែទទួលយកការរិះគន់របស់អតិថិជន ទើបអាចកែលំអកំហុសឆ្គងទាំងឡាយ។ ដូចនេះ អ្នកនឹងអាចធ្វើឲ្យផលិតផលអ្នកកាន់តែល្បី ហើយលក់ដាច់ទៀតផង។
4. អ្នកគួរតែផ្តល់កាតសមាជិកដល់អតិថិជនជាប្រចាំរបស់អ្នក ដើម្បីលើកទឹកចិត្តឲ្យគេមកទិញផលិតផលអ្នកទៀត ថែមទាំងអាចណែនាំដល់មិត្តរបស់គេទៀតផង។ នៅពេលដែលអ្នកទុកគេសំខាន់ នោះគេនឹងដឹងថាអ្នកផ្តល់តម្លៃខ្ពស់ដល់គេ។
5. អ្នកគួរតែរៀបចំផលិតផលឲ្យមានរបៀប ហើយស្អាត មើលទៅទាក់ទាញ។ ជាពិសេស បុគ្គលលិកអ្នកក៏គួរតែស្លៀកពាក់ឲ្យមានរបៀបរៀបរយដែរ ទើបអាចធ្វើឲ្យអតិថិជនចង់ចូលមកទិញរបស់ក្នុងហាងអ្នក។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះ ដើម្បីជួយទាក់ទាញភ្ញៀវមកច្រើន៕