ប្រសិនជាអ្នកចង់ថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ អ្នកគួរតែចៀសពីការញ៉ាំអាហារពណ៌ស៣នេះ និងពិសារអាហារពណ៌ខ្មៅ៣ទៀតជំនួសវិញ។ តើមានអ្វីខ្លះទៅ?
អាហារពណ៌ស៣ក្នុងទីនេះ សំដៅដល់អំបិល ស្ករ និងខ្លាញ់ជ្រូក។ នៅពេលដែលអ្នកញ៉ាំអំបិលច្រើនពេក នឹងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម សរសៃឈាមឆាប់កករឹង ថែមទាំងអាចផ្តល់សម្ពាធដល់ក្រលៀនអ្នកទៀតផង។ បើអ្នកពិសារស្ករច្រើន នឹងអាចធ្វើឲ្យអ្នកធាត់ លើសសម្ពាធឈាម និងបំផ្លាញថ្លើមអ្នកយ៉ាងងាយ។ ម្យ៉ាងទៀត អ្នកក៏មិនគួរញ៉ាំខ្លាញ់ជ្រូកច្រើនដែរ ព្រោះអាចបង្កើនកាឡូរីក្នុងរាងកាយអ្នក ថែមទាំងធ្វើឲ្យសរសៃឈាមឆាប់កករឹងទៀតផង។
អាហារពណ៌ខ្មៅ៣ដែលអ្នកគួរតែបរិភោគច្រើន សំដៅដល់ផ្សិតចំបើង ត្រចៀកកណ្តុរក្រៀម និងអង្ករខ្មៅ។ ផ្សិតចំបើង អាចជួយពន្យារភាពចាស់របស់អ្នក ថែមទាំងអាចជួយបញ្ចុះកាឡូរី និងជួយការពារឆ្អឹងអ្នកមិនងាយពុកឡើយ។ ចំណែកត្រចៀកកណ្តុរក្រៀម អាចជួយប៉ូវឈាម ថែមទាំងអាចការពារបេះដូងអ្នកផងដែរ។ អង្ករខ្មៅវិញ អាចផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នកបានគ្រប់គ្រាន់ ថែមទាំងធ្វើឲ្យដៃជើងរបស់មនុស្សចាស់ដំណើរការល្អទៀតផង។ ដូចនេះ អ្នកគួរតែបរិភោគឲ្យបានច្រើន៕