ជាទូទៅមានស្រ្តីច្រើនជាង ៥០ភាគរយហើយដែលធ្លាប់មានអាការៈដុំសាច់ក្នុងសុដន់ប្រភេទ Fibrocystic Breasts។ ប៉ុន្តែវាមិនមែនជាជំងឺនោះទេ។ ទោះបីជាការប្រែប្រួលសុដន់បង្កអោយមានដុំសាច់បែបនេះគឺជារឿងធម្មតាក៏ដោយ ក៏វាអាចធ្វើអោយឈឺសុដន់ និងតឹងសុដន់ដែរ ជាពិសេសស្ថិតនៅតំបន់ផ្នែកខាងលើ និងខាងក្រៅនៃសុដន់តែម្តង។ រោគសញ្ញាដែលមាននៅសុដន់បែបនេះច្រើនតែមានបញ្ហាខ្លាំងនៅមុនពេលមករដូវប៉ុណ្ណោះ។ ការថែរក្សាខ្លួនឯងជាធម្មតាច្រើនតែអាចបំបាត់នូវអាការៈគ្មានផាសុខភាពដែលទាក់ទងនឹងមានដុំសាច់ក្នុងសុដន់នេះបាន។

យកល្អគួរតែធ្វើការវាយតម្លៃទៅលើសុដន់អ្នកបន្ថែមទៀតបើសិនជាអ្នកការឈឺចាប់ចេះតែបន្ត ឬកាន់តែធ្ងន់ធ្ងរជាងមុន ឬដុំនោះទៅជាក្រាស, ធំទៅៗ ឬកើតមាននៅកន្លែងផ្សេងទៀតក្រោយពីមករដូវរួច។ គ្រូពេទ្យអាចនឹងធ្វើការពិនិត្យដើម្បីអោយដឹងថាតើមានការប្រែប្រួលថ្មីទៀតឬអស់ ព្រមទាំងបំបាត់នូវមូលហេតុរបស់វា។

រោគសញ្ញា
  • ដុំក្នុងសុដន់ ឬតំបន់ណាមួយនៃសុដន់ដែលក្រាស់
  • ឈឺ ឬតឹងពេញសុដន់តែម្តង។
  • ដុំក្នុងសុដន់មានការប្រែប្រួលទំហំ
  • ហូរទឹករំអិលចេញពីក្បាលសុដន់ដែលមានពណ៌បៃតង ឬខ្មៅ ដោយការច្របាច់ ឬហូរដោយខ្លួនឯង
  • ការប្រែប្រួលកើតឡើងលើសុដន់ទាំងសងខាង ច្រើនជាងតែម្ខាង
  • ការឈឺសុដន់ ឬមានដុំក្នុងសុដន់កើនឡើងជារៀងរាល់ខែគឺចាប់ពីពាក់កណ្តាលនៃវដ្តរដូវរហូតដល់មុនពេលមករដូវ។

ដុំសាច់ក្នុងសុដន់ប្រភេទ Fibrocystic Breast ច្រើនតែកើតឡើងលើស្រ្តីវ័យចាប់ពី ២០ ទៅ៥០ឆ្នាំ។ អ្វីដែលកម្រនោះគឺវាកើតឡើងលើស្រ្តីដែលរ៉ាំងរដូវរួច ប៉ុន្តែវាអាចកើតបានលុះត្រាតែស្រ្តីនោះទទួលយកការព្យាបាលដោយប្រើអ័រម៉ូន។

ភាគច្រើនដុំសាច់ក្នុងសុដន់ប្រភេទនេះគឺជារឿងធម្មតាទេ។ ប៉ុន្តែបើសិនជាអ្នកយល់ថាមានដុំសាច់ក្នុងសុដន់ដែលនៅកន្លែងណាផ្សេង ឬមានសភាពក្រាស់ ព្រមទាំងកើតមានជាប់រហូតទោះបីជាមករដូវហើយនោះ អ្នកគួរតែអោយគ្រូពេទ្យពិនិត្យបន្ថែមហើយ។

មូលហេតុ

មូលហេតុពិតប្រាកដនៃការកើតមានដុំសាច់ក្នុងសុដន់ប្រភេទនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកជំនាញបានសង្ស័យទៅលើតួនាទីរបស់អ័រម៉ូនភេទ អេស្រ្តូជែន តែម្តង។

បើសិនជាអ្នកមិនទាន់រ៉ាំងរដូវទេនោះ អាការៈគ្មានផាសុខភាពរបស់អ្នកប្រហែលជាបណ្តាលមកពីការប្រែប្រួលអ័រម៉ូនក្នុងពេលមករដូវហើយ។ ការប្រែប្រួលនេះអាចធ្វើអោយសុដន់ទៅជាមានដុំសាច់ដែលក្រាស់ ដែលជាហេតុនាំអោយឈឺ, តឹង និងហើម។ ការប្រែប្រួលដែលបណ្តាលមកពីដុំសាច់ក្នុងសុដន់ប្រភេទ Fibrocystic Breast នេះច្រើនតែមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗមុនពេលមករដូវ ហើយការឈឺចាប់នេះនឹងបាត់ទៅវិញនៅពេលចាប់ផ្តើមមករដូវ។

នៅពេលធ្វើការពិនិត្យតាមមីក្រូទស្សន៍ ដុំសាច់ក្នុងសុដន់អាចនឹងមានធាតុផ្សំរបស់វាដូចជា៖

  • គីស (ពងទឹក)
  • កំពកដែលមានលក្ខណៈដូចសម្លាកជាលិការ
  • ការលូតលាស់ខ្លាំងពេកនៃកោសិការភ្នាស់កម្រាលបំពង់បង្ហូរទឹកដោះ ឬជាលិការផលិតទឹកដោះ
  • ក្លែបក្នុងសុដន់ទៅជារីកធំ
ផលវិបាក

ការដែលមានដុំសាច់ក្នុងសុដន់បែប Fibrocystic Breast មិនបណ្តាលអោយប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់ទេ លុះត្រាតែការប្រែប្រួលសុដន់មានជាប់ទាក់ទងនឹងភាពមិនធម្មតានៃរូបរាងខាងក្រៅ និងការលូតលាស់របស់កោសិការក្នុងភ្នាស់កម្រាលក្លែបសុដន់ និងបំពង់បង្ហូរទឹកដោះមិនធម្មតា។

តេស្ត និងការកំណត់រោគវិនិច្ឆ័យ

តេស្តដើម្បីវាយតម្លៃទៅលើស្ថានភាពសុដន់មានដូចជា៖

  • ការពិនិត្យសុដន់ដោយភ្នែកផ្ទាល់ និងដៃ
  • កាថតសុដន់ Mammogram
  • ការថតអេកូ
  • ការចាក់ម្ជុលក្នុងសុដន់ដើម្បីយកជាលិការមកវិភាគ (Fine-needle Aspiration)
ការព្យាបាល

បើសិនជាអ្នកមិនធ្លាប់មានរោគសញ្ញជា ឬរោគសញ្ញមានតិចតួចនោះ គឺមិនបាច់ធ្វើព្យាបាលអ្វីនោះទេ។ តែបើសិនជាការឈឺចាប់ធ្ងន់ធ្ងរ ឬដុំក្នុងសុដន់កាន់តែធំ អ្នកប្រហែលជាត្រូវស្វែងរកការព្យាបាលហើយ។ ជម្រើសនៃការព្យាបាលមានដូចជា៖

  • ការចាក់ម្ជុលបូមទឹកក្នុងដុំសាច់ក្នុងសុដន់
  • ការវះកាត់យកដុំគីសដែលមានជាប់រហូតនោះចេញ

ចំពោះការឈឺសុដន់អាចព្យាបាលដូចខាងក្រោមនេះ៖

  • ថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol)ឬ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដែលមានដូចជា Ibuprofen (Advil, Motrin) ឬថ្នាំតាមវេជ្ជបញ្ជា។
  • ថ្នាំគ្រាប់ពន្យាកំណើត
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង

អ្នកប្រហែលជាអាចបំបាត់រោគសញ្ញានៃការឈឺចាប់ដោយសារតែដុំសាច់ក្នុងសុដន់បានដូចខាងក្រោមនេះ៖

  • ពាក់អាវទ្រនាប់ដែលមានកាទ្រទ្រង់ត្រឹមត្រូវ
  • ពាក់អាវទ្រនាប់កីឡាក្នុងពេលហាត់ប្រាណ ឬដេក
  • កាត់បន្ថយ ឬចៀសវាងជាតិកាហ្វេអ៊ីន
  • បន្ថយអាហារមានជាតិខ្លាញ់ច្រើន
  • បន្ថយ ឬបញ្ឈប់ការប្រើថ្នាំប្រភេទអ័រម៉ូន
  • ស្អំទឹកក្តៅ ឬត្រជាក់
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង