នៅពេលអ្នកមានជំងឺ ការញ៉ាំអាហារដែលត្រឹមត្រូវគឺជារឿងដែលសំខាន់ជាអ្វីៗទៅទៀត។ អាហារខ្លះមានសារធាតុដែលចាំបាច់ ហើយអាចទ្រទ្រង់ដល់រាងកាយ ដើម្បីប្រឆាំងនឹងជំងឺបាន។ ជាមួយគ្នានេះដែរ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនខាងក្រោមនេះ ព្រោះវាអាចជួយបំបាត់រោគញ្ញា ហើយក៏ជួយឲ្យអ្នកកាន់តែឆាប់ជាផងដែរ។ 

ផ្លែចេក

ផ្លែចេកគឺជាអាហារដ៏ល្អមួយដែលអ្នកគួរញ៉ាំនៅពេលមានជំងឺ។ វាជាអាហារដែលស្រួលទំពារ តែផ្តល់កាឡូរី និងជីវជាតិគ្រប់គ្រាន់។ ផ្លែចេកត្រូវបានគេណែនាំឲ្យទទួលទានលើករណីមានបញ្ហាចង្អោ។ អត្ថប្រយោជន៍មួយផ្សេងទៀតរបស់ផ្លែចេកគឺសម្បូរជាតិសរសៃ។ បើសិនជាអ្នករាករូស ផ្លែចេកអាចជាអាហារដ៏ល្អបំផុតសម្រាប់អ្នកហើយ ព្រោះជាតិសរសៃរបស់វាអាចជួយបំបាត់ការរាករូសបាន។ 

ទឹកដូង

នៅពេលក្រពះមានការរលាក ឬមានបញ្ហាក្រពះ សារធាតុដែលមានឈ្មោះថា Tannins ដែលមានក្នុងទឹកដូងប្រហែលជាជួយបន្ថយការរលាកនេះបាន។ ជាមួយគ្នានេះដែរ ទឹកដូងសម្បូរជាតិរ៉ែដូចជា ប៉ូតាស្យូម និងសូដ្យូម។ វាអាចជួយរាងកាយបង្គ្រប់ជាតិទឹកបានលឿនក្រោយពីក្អួត ឬរាករូសរួច។ ការសិក្សាបានរកឃើញថា ទឹកដូងប្រហែលជាជួយផ្តល់នូវការបង្គ្រប់ជាតិទឹកដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំងពេលលេងកីឡា។ អ្វីដែលកាន់តែមានប្រយោជន៍គឺទឹកដូងគ្មានជាតិស្ករដែលត្រូវបន្ថែមឡើយ។ 

ទឹកឃ្មុំ

ការឈឺបំពង់ករអាចបង្កឡើងដោយការបង្ករោគពីបាក់តេរី។ ទឹកឃ្មុះផ្ទុកទៅដោយសារធាតុប្រឆាំងនឹងមេរោគដែលអាចជួយបោសសម្អាតការបង្ករោគទាំងនេះបាន។ ជាមួយគ្នានេះដែរ ទឹកឃ្មុំប្រហែលជាមានប្រយោជន៍លើការព្យាបាលការក្អករបស់ក្មេង ប៉ុន្តែចូរចាំថា វាមិនគួរណាប្រើលើទារកទើបនឹងកើតអាយុក្រោម ១២ខែឡើយ។ 

បន្លែពណ៌បៃតង

វាគឺជារឿងសំខាន់ណាស់ដែលអ្នកត្រូវញ៉ាំអាយារមានជាតិរ៉ែ និងវីតាមីនទាំងអស់ខណៈពេលដែលកំពុងតែឈឺ ប៉ុន្តែវាអាចជារឿងពិបាកបំផុតក្នុងការរករបបអាហារបែបនេះ។ បន្លែពណ៌បៃតងដូចជា សាឡាត ឬ ស្ពៃស្ពីណាច ផ្ទុកទៅដោយជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ វាគឺជាប្រភពដ៏ល្អនៃវីតាមីន Folate, C, A និង K។ បន្លែពណ៌បៃតងចាស់ក៏ផ្ទុកទៅដោយសារធាតុមានប្រយោជន៍ច្រើនដែរ ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ដើម្បីជួយការពារកោសិកាពីការខូចខាត និងប្រឆាំងការរលាកផង។ 

ត្រីសាលម៉ុង

ត្រីសាលម៉ុងគឺជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីនដែលអ្នកគួរញ៉ាំនៅពេលឈឺ។ វាងាយស្រួលក្នុងការញ៉ាំ ទន់ និងផ្ទុកទៅដោយប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងជាតម្រូវការរបស់រាងកាយផង។ ត្រីសាលម៉ុងផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីដែលអាចប្រឆាំងនឹងការរលាកយ៉ាងល្អ។ ក្រៅពីនេះ ត្រីសាលម៉ុងក៏ជាប្រភពដ៏ល្អមួយនៃជាតិរ៉ែ និងវីតាមីនដូចជា វីតាមីន D ជាដើម ដែលវាដើរតួនាទីយ៉ាងសំខាន់លើមុខងារប្រព័ន្ធភាពស៊ាំ

ស៊ុប

ស៊ុបគឺជាអាហារដ៏ល្អមួយទៀតដែលគួរញ៉ាំនៅពេលមានអារម្មណ៍មិនស្រួលខ្លួន។ ស៊ុបឆ្អឹងក្តៅឧណ្ហៗនឹងជួយឲ្យធូរស្រាលក្នុងទ្រូងនៅពេលអ្នកកំពុងតែថប់ដង្ហើម។ ខ្ទឹមស និងខ្ទឹមបារាំងក្នុងទឹកស៊ុបនេះ គឺជាជីវជាតិដ៏អស្ចារ្យ ហើយក៏អាចសម្លាប់មេរោគនានាបានថែមទៀតផង។ ការសិក្សាមិនបានណែណាំថា ស៊ុបមាន់ក្តៅឧណ្ហៗមួយចាននឹងជួយព្យាបាលជំងឺឡើយ តែវាជាអ្វីដែលជួយឲ្យមានផាសុកភាព និងជាការព្យាបាលដ៏ពេញនិយមនួយក្នុងការជួយបង្គ្រប់ជាតិទឹកក្នុងរាងកាយ ដើម្បីបន្ថយការរលាក ប្រឆាំងការបង្ករោគ និងមិនឲ្យតឹងច្រមុះ ស្ទះផ្លូវដង្ហើម និងបំពង់ករ៕