ជម្ងឺរលាកខួរក្បាលច្រើនបណ្តាលមកពីជម្ងឺឆ្លងដោយសារវីរ៉ុស ។ ជម្ងឺនេះអាចបង្កអោយមានរោគសញ្ញាដូចជាជម្ងឺផ្តាសាយដូចជា ក្តៅខ្លួន ឬឈឺក្បាលខ្លាំងព្រមទាំងគិតអ្វីមួយមិនចេញ ប្រកាច់ ឬមានបញ្ហាជាមួយនឹងវិញៀន ឬការធ្វើចលនា ។ ករណីជាច្រើននៃជម្ងឺរលាកខួរក្បាលប្រហែលជាមិនបានសម្គាលដឹងទេដោយសារតែវាកើតឡើងជាលក្ខណៈផ្តាសាយស្រាល ឬមិនមានរោគសញ្ញាសោះ ។ ករណីធ្ងន់ធ្ងរ ដែលជាបញ្ហាកម្រនោះគឺអាចគំរាមគំហែងដល់ជីវិតបាន ។
ដោយសារតែរយៈពេលនៃការកើតជម្ងឺរលាកខួរក្បាលមិនអាចព្យាករណ៍ទុកបាន ការដាក់រោគវិនិច្ឆ័យ និងព្យាបាលគឺជារឿងសំខាន់ ។
រោគសញ្ញា
មនុស្សភាគច្រើនដែលមានបញ្ហារលាកខួរក្បាលដោយសារវីរ៉ុសច្រើនតែមិនមានរោគសញ្ញា ឬមានរោគសញ្ញាដូចជម្ងឺផ្តាសាយ៖
- ឈឺក្បាល
- ក្តៅខ្លួន
- ឈឺសាច់ដុំ ឬសន្លាក់
- អស់កម្លាំង ឬខ្សោយ
ករណីដែលធ្ងន់ធ្ងរត្រូវតែមានការព្យាបាលអោយបានលឿន ។ រោគសញ្ញាប្រហែលជាមានដូចជា៖
- ឈឺក្បាលខ្លាំង
- ក្តៅខ្លួន
- ផ្លាស់ប្តូរស្មារតី
- វង្វេងវង្វាន់ ឬឡេះឡាស
- ប្រែប្រួលចរិកលក្ខណៈ
- ប្រកាច់
- បាត់បង់ញាណ ឬស្លាប់មួយចំហៀងខ្លួន
- ខ្សោយសាច់ដុំ
- ឃើញរបស់អ្វីដែលគេមើលមិនឃើញ
- មើលឃើញពីរៗ
- មានក្លិនស្អុយ
- មានបញ្ហាលើការនិយាយ ឬស្លាប់
- បាត់បង់ស្មារតី
រោគសញ្ញារបស់ទារក និងកុមារតូចៗមានដូចជា៖
- ប្រហើយឡើងប៉ោង និងទន់
- ក្អួតចង្អោ
- រឹងខ្លួន
- យំអត់ឈប់
- យំកាន់តែខ្លាំងនៅពេលលើកឡើង
- មិនបៅ
ពេលត្រូវជួបជាមួយគ្រូពេទ្យ
ត្រូវតែមានការថែទាំជាបន្ទាន់ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាលធ្លាប់មានរោគសញ្ញាពាក់ ព័ន្ធនឹងករណីធ្ងន់ធ្ងររបស់ជម្ងឺរលាកខួរក្បាល ។ ការឈឺក្បាល ក្តៅខ្លួន និងប្រែប្រួសស្មារតីធ្ងន់ធ្ងរច្រើនតែកើតមានជារលាកខួរក្បាលលើកុមារធំៗ និងមនុស្សវ័យកណ្តាល ហើយត្រូវតែមានការថែទាំជាបន្ទាន់ ។
ទារកទើបនឹងកើត និងក្មេងតូចៗដែលមានរោគសញ្ញរលាកខួរក្បាលគួរតែទទួលបាននូវការថែទាំងយ៉ាងលឿនបំផុត ។
មូលហេតុ
មូលហេតុនៃជម្ងឺរលាកខួរក្បាលច្រើនតែមិនទាន់ដឹងទេ ប៉ុន្តែរោគវិនិច្ឆ័យភាគច្រើនដែលបង្កបញ្ហានោះគឺជម្ងឺឆ្លងដោយសារវីរ៉ុស ។ មូលហេតុដែលគេស្គាល់ថាធ្វើអោយមានរលាកខួរក្បាលប្រហែលជាមានដូចជា៖
- វីរ៉ុស
- បាក់តេរី
- ផ្សិត
- ប៉ារ៉ាសិត
ជម្ងឺឆ្លងប្រហែលជាកើតឡើងពីបញ្ហាមួយ ឬពីរដែលប៉ះពាល់ទៅលើខួរក្បាល ដូចជា៖
- រលាកខួរក្បាលដំបូង កើតឡើងនៅពេលដែលវីរ៉ុស ឬជម្ងឺឆ្លងផ្សេងៗទៀតកើតផ្ទាល់ទៅលើខួរក្បាលតែម្តង់ ។ ជម្ងឺឆ្លងប្រហែលជាកើតតែមួយកន្លែង ឬរាលដាលច្រើនកន្លែង ។ ជម្ងឺឆ្លងដំបូងប្រហែលជាកើតឡើងម្តង់ទៀតដោយសារវីរ៉ុសដែលសង្ងំបន្ទាប់ពីមានជម្ងឺកាលពីលើកមុន ។
- រលាកខួរក្បាលលើកទីពីរ គឺកើតឡើងដោយសារកំហុសរបស់ប្រតិកម្មប្រព័ន្ធការពារក្នុងការប្រឆាំងនឹងជម្ងឺនៅកន្លែងផ្សេងៗនៃរាងកាយ ។ នេះច្រើនតែកើតឡើងនៅពេលដែលកងការពារសម្រាប់ប្រឆាំងការពារជម្ងឺក្នុងខ្លួនយើងមានការយល់ច្រឡំបំផ្លាញលើម៉ូលេគុលធម្មតាក្នុងខួរក្បាល ។ រលាកខួរក្បាលលើកទីពីរកើតឡើងជាផលវិបាកនៃការចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជម្ងឺឆ្លងដោយសារវីរ៉ុស ។
វីរ៉ុសដែលច្រើនបង្កអោយមានរលាកខួរក្បាល
- Herpes Simplex Virus (HSV)៖ វីរ៉ុសប្រភេទនេះមានពីរប្រភេទនោះគឺ HSV ប្រភេទទី១ (HSV-1) ដែលច្រើនបង្កអោយមានជម្ងឺផ្តាសាយ ក្តៅខ្លួន ឬពងទឹកនៅជុំវិញមាត់ ចំនែក HSV ប្រភេទទី២វិញ (HSV-2) ច្រើនបង្កអោយមានបញ្ហាលើប្រដាប់បន្តពូជ ។ ខណៈពេលដែល HSV-1 ធ្វើអោយរលាកខួរក្បាលគឺជារឿងមួយកម្រ ហើយវាមាននិន្នាការដ៏ខ្លាំងក្លាក្នុងការធ្វើអោយខូចខាត់ខួរក្បាល ឬស្លាប់ ។
- វីរ៉ុស Herpes ផ្សេងៗទៀត៖ វីរ៉ុស Herpes ផ្សេងៗទៀតដែលអាចបង្កអោយរលាកខួរកក្បាលបានរួមមាន Epstein-Barr Virus ដែលច្រើនបង្កអោយមានជម្ងឺ Mononucleosis និង Varicella-zoster Virus ដែលបង្កអោយមានជម្ងឺអុកស្វាយ និងរើម
- Enterovirus៖ វីរ៉ុសទាំងនេះរួមមាន Poliovirus និង Coxsackievirus ដែលជាធម្មតាធ្វើអោយមានជម្ងឺដូចផ្តាសាយ រលាកភ្នែក និងឈឺពោះ ។
- Mosquito-borne Viruses៖ Arboviruses ឬ Arthropod-borne Viruses ត្រូវបានចម្លងដោយសត្វមូស ឬសត្វល្អិតដែលបើតឈាមជាអាហារ ។ Mosquito-borne Viruses អាចបង្កអោយមានជម្ងឺឆ្លងដូចជា រលាកខួរក្បាលបែប West Nile, La Cross, St. Louis, Western Equine និង Estern Equine ។ មូសចម្លងវីរ៉ុសពីសត្វដូចជាបក្សី កំប្រុក ឬសេះ ទៅអោយមនុស្ស ។ រោគសញ្ញានៃជម្ងឺឆ្លងប្រហែលជាកើតមានរយៈពេលតែ ពីរបីថ្ងៃទៅច្រើនសប្តាហ៍ បន្ទាប់ពីប្រឈមនឹង Arbovirus ហើយ ។
- Tick-borne Viruses៖ នៅសហរដ្ឋអាមេរិក វីរ៉ុសទិចដែលអាចចម្លងជម្ងឺរលាកខួរក្បាលបានគឺ Powassan Virus ។ រោគសញ្ញាជាធម្មតាកើតមានប្រហែលជាមួយសប្តាហ៍បន្ទាប់ពីប្រឈមនឹងវីវ៉ុសហើយ ។
- Rabies Virus៖ ជម្ងឺឆ្លងដោយសារវីរ៉ុស Rabies ច្រើនតែកើតឡើងដោយសារសត្វមានជម្ងឺខាំ ហើយបង្កអោយមានជម្ងឺរលាកខួរក្បាលយ៉ាងលឿននៅពេលចាប់ផ្តើមមានរោគសញ្ញា ។ ជម្ងឺនេះអាចបង្កអោយស្លាប់បានប្រសិនបើមិនបានព្យាបាលមុនពេលវីរ៉ុសចូលទៅដល់ខួរឆ្អឹងខ្នង និងខួរក្បាល ។
- ជម្ងឺឆ្លងលើកុមារ៖ ជម្ងឺឆ្លងលើកុមារមានដូចជាកញ្ច្រើល ស្រឡាតែន និងស្អូច ។ ជម្ងឺទាំងនេះច្រើនបង្កអោយមានជម្ងឺរលាកខួរក្បាលលើកទីពីរ ។ បញ្ហាទាំងនេះក្នុងពេលបច្ចុប្បន្នកម្រនឹងកើតមានណាស់ដោយសារការចាក់វ៉ាកស៊ាំង ។
ការប្រឈមមុខ
មនុស្សគ្រប់គ្នាអាចនឹងវិវត្តន៍ទៅជារលាកខួរក្បាលបានទាំងអស់ ។ កត្តាដែលធ្វើអោយប្រឈមកាន់តែខ្លាំងនឹងបញ្ហានេះមានដូចជា៖
- អាយុ៖ ជម្ងឺរលាកខួរក្បាលមួយចំនួនច្រើនតែកើតមានជាញឹកញាប់ ឬមានភាពធ្ងន់ធ្ងរទៅតាមអាយុ ។ ជាទូទៅ ក្មេងតូចៗ និងមនុស្សចាស់មានការប្រឈមខ្លាំងទៅលើជម្ងឺរលាកខួរក្បាលដោយសារវីរ៉ុស ។ ជម្ងឺរលាកខួរក្បាលដោយសារ Herpes Simplex Virus ច្រើនកើតលើមនុស្សក្នុងវ័យ ២០ ទៅ៤០ឆ្នាំ ។
- ប្រព័ន្ធការពារចុះខ្សោយ៖ មនុស្សដែលមានជម្ងឺអេដស៍ ប្រើថ្នាំទប់ទលប្រព័ន្ធការពារឬកំពុងបញ្ហាខ្សោយប្រព័ន្ធការពារខ្លួនមានការប្រឈមកាន់តែខ្លាំងនឹងជម្ងឺរលាកខួរក្បាល ។
- តាមដំបន់៖ Mosquito-borne ឬ Tick-borne Virus ច្រើនតែបង្កជាជម្ងឺនៅតាមដំបន់ ។
ផលវិបាក
ផលវិបាកនៃជម្ងឺរលាកខួរក្បាលគឺយោងទៅតាមកត្តាជាច្រើនដូចជាអាយុ មូលហេតុ ភាពធ្ងន់ធ្ងរនៃជម្ងឺ និងពេលវេលានៃការចាប់ផ្តើមមានជម្ងឺរហូតដល់ការព្យាបាល ។
ករណីភាគច្រើន មនុស្សដែលមានជម្ងឺស្រាលនឹងជាមកវិញក្នុងរយៈពេលពីរបីសប្តាហ៍ ដោយមិនមានផលវិបាកអ្វីយូរអង្វែង ។
ផលវិបាកនៃជម្ងឺធ្ងន់ធ្ងរ
ការគ្រោះថ្នាក់ទៅលើខួរក្បាលដោយសារការរលាកអាចបណ្តាលមកពីបញ្ហាមួយចំនួន ។ ករណីធ្ងន់ធ្ងរភាគច្រើនអាចបណ្តាលមកពី៖
- ឈប់ដកដង្ហើម
- សន្លប់
- ស្លាប់
ផលវិបាកផ្សេងៗទៀតប្រហែលជាកើតជាប់រហូតជាច្រើនខែដូចជា៖
- អស់កំលាំង
- ខ្សោយ
- បញ្ហាដល់សាតិអារម្មណ៍
- ប្រែប្រួលអត្តចរិកផ្ទាល់ខ្លួន
- បញ្ហាលើការចងចាំ
- អសមត្ថភាពខាងបញ្ញា
- កង្វះខាងការគ្រប់គ្រងសាច់ដុំ
- ស្លាប់មួយចំហៀងខ្លួន
- មានបញ្ហាក្នុងការស្តាប់ ឬមើល
- មានបញ្ហាក្នុងការនិយាយ
ការធ្វើតេស្ត និងរោគវិនិច្ឆ័យ
សំនួរអំពីរោគសញ្ញា កត្តាប្រឈមមុខ និងប្រវត្តិជម្ងឺគឺជាចំនុចសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជម្ងឺរលាកខួរក្បាល ។ តេស្តរោគវិនិច្ឆ័យដែលត្រូវការធ្វើមានដូចជា៖
- ការថតខួរក្បាល៖ ការថតខួរក្បាលច្រើនតែជាតេស្តដំបូងគេប្រសិនបើរោគសញ្ញា និប្រវត្តិរបស់អ្នកជម្ងឺសនិ្នដ្ឋានបានថាជាជម្ងឺរលាកខួរក្បាល ។ រូបភាពប្រហែលជាបង្ហាញអោយឃើញនូវការហើមរបស់ខួរក្បាល ឬបញ្ហាផ្សេងៗទៀតដែលធ្វើអោយមានរោគសញ្ញាដូចជាដោយសារដុំសាច់ ។ បច្ចេកវិទ្យាប្រហែលជាមានដាក់បញ្ចូលនូវ Magnetic Resonance Imaging (MRI) ដែលអាចបញ្ជាក់អោយកាន់តែច្បាស់ពីរូបភាពខួរក្បាលលក្ខណៈ 3D ឬការប្រើ Computerized Tomography (CT) ដើម្បីបង្កើតបានជារូបភាព ។
- បូមទឹកខួរឆ្អឹងខ្នង៖ គ្រូពេទ្យប្រហែលជាត្រូវប្រើម្ជុលតូចមួយដើម្បីបូមទឹកខួរឆ្អឹងខ្នងរបស់អ្នក (CSF) ពីចង្កេះផ្នែកខាងក្រោយខ្នង ។ វត្តមានកោសិការឈាម និងប្រូតេអ៊ីនប្រព័ន្ធការពារខ្លួនអាចបញ្ជាក់ពីការមានជម្ងឺឆ្លង និងរលាកនៅក្នុងខួរក្បាលបាន ។ ករណីមួយចំនួន ទឹកCSF អាចធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដើម្បីរកមើលប្រភេទរបស់វីរ៉ុស ឬមេរោគផ្សេងៗទៀតបាន ។
- តេស្តផ្សេងៗទៀត៖ គ្រូពេទ្យ ឬអ្នកថែទាំវេជ្ជសាស្រ្តប្រហែលជាត្រូវយកទឹកនោម ឈាម ឬទឹកក្នុងទ្រូងមកពិនិត្យបន្ថែម ។ របស់អស់ទាំងនេះអាចធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដើម្បីរកមើលវីរ៉ុស ឬមេរោគផ្សេងៗទៀតដែលធ្វើអោយមានជម្ងឺរលាកខួរក្បាល ។
- Electroencephalogram (EEG)៖គ្រូពេទ្យប្រហែលជាអោយអ្នកធ្វើ Electroencephalogram (EEG) ដើម្បីពិនិត្យលើសកម្មភាពអេឡិចត្រុងនៅក្នុងខួរក្បាល ។ សកម្មភាពមិនធម្មតាប្រហែលជាចង្អុលបញ្ហាញពីជម្ងឺរលាកខួរក្បាលបានដែរ ។
- ធ្វើអាណាប៉ាតលើខួរក្បាល៖ ជាការកម្រ ការច្រឹបយកជាលិការខួរក្បាលដើម្បីពិនិត្យប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ការព្យាបាលមិនទទួលលទ្ធផល គ្មានមធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ ។
ការព្យាបាល
ការព្យាបាលលើជម្ងឺដែលស្រាលមានដូចជា៖
- សម្រាក់អោយបានច្រើន
- ទទួលទានទឹកអោយបានច្រើន
- ប្រើថ្នាំប្រឆាំងនឹងការរលាកដូចជា Acetaminophen (Tylenol) Ibuprofen (Advil, Motrin) និង Naproxen (Aleve) ដើម្បីបំបាត់ការឈឺក្បាល និងក្តៅខ្លួន ។
ថ្នាំប្រឆាំងវីរ៉ុស
ករណីធ្ងន់ធ្ងរកាន់តែខ្លាំងរបស់ជម្ងឺរលាកខួរក្បាលត្រូវតែប្រើថ្នាំប្រឆាំងនឹងវីរ៉ុស ។ ថ្នាំប្រឆាំងនឹងវីរ៉ុសសម្រាប់ព្យាបាលជម្ងឺរលាកខួរក្បាលមានដូចជា៖
- Acyclovir (Zovirax)
- Ganciclovir (Cytovene)
វីរ៉ុសមួយចំនួនដូចជា Insect-borne Viruses មិនអាចបំបាត់បានដោយសារព្យាបាលដូចខាងលើទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវីរ៉ុសពិសេសដែលបង្កអោយមានជម្ងឺមិនអាចរកឃើញភ្លាមៗ ការព្យាបាលដោយប្រើ Acyclovir ត្រូវតែប្រើភ្លាមៗដែរ ។ ថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹង Herpes Simplex Virus ដែលអាចបង្កជាផលវិបាក ឬស្លាប់បានប្រសិនបើគ្មានការព្យាបាល ។
ផលប៉ះពាលនៃថ្នាំប្រឆាំងនឹងវីរ៉ុសមានដូចជា ក្អួតចង្អោ រាគ មិនឃ្លានអាហារ និងឈឺសាច់ដុំ ឬសន្លាក់ ។ អ្វីដែលកម្រនឹងកើតមាននោះគឺមានបញ្ហាទៅលើមុខងារតម្រងនោម និងថ្លើម ឬប៉ះពាល់ទៅដល់ខួរឆ្អឹងខ្នង ។ តេស្តដែលសមស្របត្រូវបានប្រើប្រាស់ដើម្បីតាមដានផលប៉ះពាល់ដែលធ្ងន់ធ្ងរ ។
ការការពារ
មធ្យោបាយដ៏ល្អបំផុតសម្រាប់ការពារជម្ងឺរលាកខួរក្បាលដោយសារវីរ៉ុសគឺចៀសវាងការប្រឈមនឹងវីរ៉ុស៖
- អនុវត្តន៍អនាម័យអោយបានល្អ៖ លៀងដៃអោយញឹកញាប់ និងដោយសាប៊ូ ជាពិសេសក្រោយចេញពីបន្ទប់ទឹក មុន និងក្រោយបរិភោគអាហារ
- មិនត្រូវប្រើរបស់របបទទួលទានអាហាររួមគ្នា
- បង្រៀនកូនរបស់អ្នកអោយមានទម្លាប់ល្អ៖ បង្រៀនពួកគេអោយចេះមានអនាម័យ និងចៀសវាងការប្រើរបស់រួមគ្នាទាំងក្នុងផ្ទះ និងសាលារៀន ។
- ចាក់វ៉ាក់ស៊ាំង៖ ចូរការពារកូនរបស់អ្នកដោយការចាក់វ៉ាក់ស៊ាំង ។ មុនពេលធ្វើដំណើរ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់ស៊ាំង ។