ការភ្លាត់កែងដៃកើតឡើងនៅពេលដែលឆ្អឹងក្នុងសន្លាក់កែងដៃរបេះចេញពីគ្នាជាពិសេសកើតឡើងនៅពេលដែលអ្នកជំងឺដួលជ្រាត់ដៃតែម្តង។ ចំពោះក្មេងទើបតែចេះដើរប្រហែលជាជួបបញ្ហាភ្លាត់កែងដៃនេះបើសិនជាពួកគេត្រូវបានមនុស្សធំចាប់កំភួនដៃលើក ឬយោល។

បើសិនជាកូនមានបញ្ហាភ្លាត់កែងដៃ ចូរស្វែងរកការព្យាបាលភ្លាម។ ចំពោះផលវិបាករបស់វាកើតឡើងនៅពេលដែលការភ្លាត់នោះធ្វើអោយគៀបដល់សរសៃប្រសាទ និងសរសៃឈាមសម្រាប់ផ្គត់ផ្គង់ដល់ដៃ និងប្រអប់ដៃ។ ករណីភាគច្រើន ការភ្លាត់កែងដៃអាចតម្រងវិញបានដោយមិនបាច់វះកាត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងដែលអាចធ្វើអោយកែងដៃភ្លាត់បានក៏អាចធ្វើអោយឆ្អឹងនៅសន្លាក់កែងដៃនោះបាក់បានដែរ ដូច្នេះការព្យាបាលតម្រូវអោយមានការវះកាត់ទើបត្រឹមត្រូវ។

រោគសញ្ញា

រោគសញ្ញានៃការបាក់ភ្លាត់កែងដៃច្រើនតែមានសញ្ញាដូចជា៖

  • ឈឺចាប់ខ្លាំង
  • មើលឃើញសន្លាក់កែងដៃភ្លាត់តែម្តង

ករណីខ្លះ កែងដៃគ្រាន់តែភ្លាត់បន្តិចប៉ុណ្ណោះដែលជាហេតុនាំអោយមានស្នាមជាំ និងឈឺចាប់នៅកន្លែងដែលមានសរសៃពួចង់ឆ្អឹងនឹងឆ្អឹងរហែក ឬយឺត។

មូលហេតុ

ចំពោះមនុស្សពេញវ័យ មូលហេតុដែលនាំអោយមានបញ្ហាភ្លាត់កែងដៃញឹកញាប់បំផុតនោះមានដូចជា៖

  • ការដួល៖ ការដួលដោយជ្រាត់ដៃអាចធ្វើអោយឆ្អឹងដៃផ្នែកខាងលើរុញផ្តាច់សរសៃចងឆ្អឹងនឹងឆ្អឹងនៅសន្លាក់កែងដៃបាន។
  • គ្រោះថ្នាក់ចរាចរណ៍៖ ការភ្លាត់កែងដៃអាចកើតឡើងដូចគ្នានៅពេលដែលអ្នកធ្វើដំណើរជិះដោយម៉ូតូទទួលរងគ្រោះថ្នាក់ចរាចរណ៍។

ចំពោះក្មេងៗវិញ ការមានរបួសច្រើនតែកើតឡើងនៅពេលដែលមានការប្រើកម្លាំងទាញដៃផ្នែកខាងលើរបស់ពួកគេកាន់តែខ្លាំងថែមទៀតដូចជា៖

  • ការចាប់ដៃក្មេងលើកខុសទំនង៖ ការព្យាយាមកាន់ដៃកូនក្មេងលើក ឬយោលក៏អាចធ្វើអោយភ្លាត់កែងដៃបានដែរ។
  • ការទាញភ្លាមៗ៖ ការទាញដៃកូនចេញពីកន្លែងណាមួយភ្លាមៗអាចធ្វើអោយរហែកសរសៃចងឆ្អឹងកែងដៃ និងបង្កការភ្លាត់បាន។
កត្តាប្រឈមមុខ
  • អាយុ៖ កែងដៃរបស់ក្មេងតូចៗទំនងជាងងាយបត់បែនច្រើនជាងមនុស្សធំ ដូច្នេះវាក៏ងាយនឹងធ្វើអោយភ្លាត់បានដែរ។
  • ភេទ៖ ការភ្លាត់កែងដៃកើតឡើងជាញឹកញាប់លើបុរសជាងស្រ្តី
  • ដំណពូជ៖ អ្នកខ្លះកើតមកមានសរសៃចងឆ្អឹងកែងដៃធូរជាងមនុស្សធម្មតាដូច្នេះវានឹងងាយធ្វើអោយភ្លាត់ខ្លាំងណាស់។
  • លេងកីឡា៖ ការភ្លាត់កែងដៃភាគច្រើនគឺទាក់ទងនឹងការលេងកីឡាតែម្តង ប៉ុន្តែក៏គ្មានកីឡាណាមួយហាក់បីដូចជាប្រឈមមុខខ្លាំងជាងកីឡាណាដែរ។
ផលវិបាក
  • គៀបសរសៃប្រសាទ៖ អ្វីដែលកម្រនោះគឺថា សរសៃប្រសាទដែលរត់ឆ្លងកាត់កែងដៃអាចនឹងគាប់នៅចន្លោះឆ្អឹងដែលកំពុងតែភ្លាត់។ រឿងនេះអាចធ្វើអោយដៃទៅជាស្ពឹកបាន។
  • គៀបសរសៃឈាម៖ ករណីនេះក៏កម្រដែរ។ សរសៃឈាមដែលទៅចិញ្ចឹមដៃ និងប្រអប់ដៃអាចនឹងត្រូវគៀបនៅចន្លោះឆ្អឹងដែលកំពុងតែភ្លាត់។ ដូច្នេះហើយវានឹងកង្វះការផ្គត់ផ្គង់ឈាមដែលជាហេតុនាំអោយឈឺចាប់ខ្លាំង និងខូចខាតដល់ជាលិការក្នុងដៃ និងប្រអប់ដៃជាប់រហូត។
  • បាក់ឆ្អឹងដោយសារដាច់សរសៃពួរចងឆ្អឹង៖ ករណីភ្លាត់កែងដៃខ្លះ វាក៏អាចធ្វើអោយសរសៃពួរចងឆ្អឹងនឹងឆ្អឹងទាញ់ឆ្អឹងនោះបាក់បានដែរ។ រឿងនេះច្រើនតែកើតមានលើកូនក្មេងតែម្តង។
  • ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់៖ សន្លាក់ដែលភ្លាត់ប្រហែលជាត្រូវប្រឈមកាន់តែខ្លាំងនឹងការរលាកឆ្អឹងខ្ចីក្នុងសន្លាក់នៅពេលអនាគត់។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការពិនិត្យលើសន្លាក់ដែលមានរបួសយ៉ាងប្រុងប្រយ័ត្នដើម្បីអោយដឹងថាដៃអ្នកត្រជាក់ ឬស្ពឹក ដែលវាជាសញ្ញាបញ្ជាក់ថាមានការគៀបលើសរសៃឈាមអាក់ទែ ឬសរសៃប្រសាទ។ គាត់ប្រហែលជាត្រូវទាញឆ្អឹងអោយចូលកន្លែងដើមក្រោយពីថតកាំរស្មីអ៊ិចរួចថាគ្មានការបាក់ឆ្អឹងនៅសន្លាក់ទេ។

ការព្យាបាល

ការភ្លាត់សន្លាក់កែងដៃខ្លះអាចនឹងចូលមកកន្លែងដើមដោយខ្លួនឯង ប៉ុន្តែភាគច្រើនគឺត្រូវការគ្រូពេទ្យទាញដើម្បីអោយចូលត្រូវកន្លែងរបស់វា។

ការប្រើថ្នាំ

មុនពេលឆ្អឹងត្រូវទាញចូលកន្លែងដើមវាវិញ អ្នក ឬកូនប្រហែលជាត្រូវប្រើថ្នាំដើម្បីបំបាត់ការឈឺចាប់ និងថ្នាំបន្ធូរសាច់ដុំ។

ក្រោយពីឆ្អឹងរបស់សន្លាក់ទាញមករកកន្លែងធម្មតាវាវិញហើយ អ្នកនឹងតម្រូវអោយពាក់របស់រុំកែងដៃ ឬទប់កែងដៃមិនអោយធ្វើចលនារយៈពេលបីសប្តាហ៍។ អ្នកក៏ប្រហែលជាត្រូវធ្វើលំហាត់ប្រាណរាងកាយដើម្បីពង្រឹងដល់ចលនាសន្លាក់ និងភាពរឹងមាំរបស់សន្លាក់ដែរ។

ការវះកាត់

ការវះកាត់តម្រូវអោយធ្វើលុះត្រាតែ៖

  • ការភ្លាត់ដែលមានការបាក់ឆ្អឹងដែរ
  • រហែកសរសៃពួរចង់ឆ្អឹងនឹងឆ្អឹង
  • ខូចខាតសរសៃប្រសាទ ឬសរសៃឈាមដែលត្រូវការជួសជុល
ការបង្ការ

ចូរចៀសវាងការចាប់ដៃក្មេងលើក ឬយោល។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង