អ្នកប្រហែលជាធ្លាប់ដឹង ឬលឺច្រើនអំពីរបបអាហារ ឬថ្នាំបំប៉នដែលអាចសម្រកទម្ងន់ពីមនុស្សជុំវិញខ្លួនហើយ។ ប៉ុន្តែមុនពេលដែលអ្នកសម្រេចចិត្តសាកល្បងវាដើម្បីសម្រកទំ្ងន់ ហេតុអ្វីបានជាអ្នកមិនប្រើវិធីតាំងសមាធិដំបូងគេសិនទៅ? អ្នកវិទ្យាសាស្រ្តបាននិយាយថា ការចំណាយពេលប្រហែល ២០នាទីក្នុងមួយថ្ងៃក្នុងការតាំងសមាធិ ពិតជាអាចជួយសម្រកទម្ងន់បាន។
ខាងក្រោមនេះ អ្នកនឹងសិក្សាដឹងថា ហេតុអ្វីបានជាការតាំងសមាធិអាចប្រើដើម្បីជាវិធីសាស្រ្តជួយសម្រកទម្ងន់យើងបានយ៉ាងមានប្រសិទ្ធភាព ហើយតាមបែបធម្មជាតិទៀត។
ទម្លាប់ញ៉ាំអាហារមិនល្អ និងរបៀបរស់នៅបែបស៊ីដេកៗមិនមែនគ្រាន់តែជាដើមហេតុនោះទេ
យើងទាំអអស់គ្នាដឹងហើយថា ការដែលមានទម្លាប់ញ៉ាំអាហារលឿនដូចជា ដំឡូងបារាំងចៀន ភីហ្សា បឺហ្គឺ នំដូណាត ឬហតដក សុទ្ធតែអាចធ្វើឲ្យចង្កេះរីកធំបាន។ រឿងដែលដូចគ្នាដែរនោះគឺថា ការអង្គុយមើលទូរទស្សន៍ និងគេងលើគ្រែងច្រើនម៉ោងជាប់ក៏ធ្វើឲ្យមានបញ្ហានេះដែរ។ អ្នកជំនាញនិយាយថា មូលហេតុមួយដែលធ្វើឲ្យឡើងទម្ងន់ ឬធាត់ជ្រុលគឺសម្តៅទៅលើភាពមានស្រ្តេសច្រើនក្នុងខ្លួន។ មានន័យថា អ្នកអាចនៅឆ្ងាយពីអ្វីៗដែលមានជាតិស្ករច្រើន និងចំណាយពេលឲ្យច្រើនវិញនៅកន្លែងហាត់ប្រាណ។
ស្រ្តេសអ័រម៉ូនអាចធ្វើឲ្យកកកុញជាតិខ្លាញ់
គ្រូពេទ្យបាននិយាយថា ស្រ្តេសធ្វើឲ្យរាងកាយផ្ទុកអ័រម៉ូនកាន់តែច្រើន។ រឿងនេះគឺធ្វើឡើងដើម្បីការពាររាងកាយពីឥទ្ធិពលអាក្រក់ជាច្រើនរបស់ស្រ្តេស។ យ៉ាងណាមិញ បញ្ហាមួយអាចកើតឡើងដែរបើសិនជាមនុស្សម្នាក់មានស្រ្តេសជាប់រហូត។ រឿងអវិជ្ជមានមួយក្នុងចំណោមរឿងជាច្រើនដែលធ្វើឲ្យស្រ្តេសកាន់តែច្រើន អាចធ្វើឲ្យកកកុញកោសិកាជាតិខ្លាញ់ច្រើន។ អ្នកពិតជាមិនអាចបន្ទោសរាងកាយបានឡើយដោយសារតែរឿងនេះ អ្វីដែលរាងកាយធ្វើគឺដើម្បីការពារសរីរាង្គក្នុងខ្លួនប៉ុណ្ណោះ។
ស្ត្រេសអ័រម៉ុនអាចធ្វើឲ្យញ៉ាំច្រើនបានដែរ
តើអ្នកមានសម្គាល់ឃើញទេថា អ្នកងាយនឹងមានអារម្មណ៍ឃ្លានគ្រប់ពេលដែលអ្នកស្រ្តេសទេ? នេះដោយសារតែរាងកាយអ្នកផ្តល់អារម្មណ៍ថា កាលណាមានអ្វីញ៉ាំ វាកាន់តែធ្វើឲ្យមានភាពធូរស្រាលក្នុងចិត្ត។ ជាអកុលស្យ វាមិនមែនតែងតែនាំឲ្យមានលទ្ធផលវិជ្ជមាននោះទេ តែវានឹងធ្វើឲ្យអ្នកធាត់បាន។
ការតាំងសមាធិនឹងជួយដោះស្រាយបញ្ហាស្រ្តេសកាន់តែមានប្រសិទ្ធភាព
ដោយសារតែអ្វីៗដែលបានរៀបរាប់ខាងលើនោះគឺជាឥទ្ធិពលរបស់ស្រ្តេស ដូច្នេះយកល្អ មនុស្សយើងគ្រប់គ្នាដែលកំពុងតែរស់នៅក្នុងជីវិតដែលមានភាពតានតឹងខ្លាំង គួរតែមានទម្លាប់តាំងសមាធិជាទៀងទាត់ផង។ អ្នកចាប់ផ្តើមប្រហែលជាអាចធ្វើរឿងនេះ ៥នាទីក្នុងមួយដង និងចំនួនពីរដងក្នុងមួយថ្ងៃ ដោយម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលល្ងាច។ បន្ទាប់មក អ្នកអាចបន្ថែមពេលវេលាមក ២០នាទីក្នុងមួយថ្ងៃបានហើយ៕