ជំងឺគ្រុនឈាមគឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង, ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រងធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ, សម្ពាធឈាមថយចុះខ្លាំង និងស្លាប់បាន។

ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត ប៉ុន្តែវាបែរជាមានច្រើនខ្លាំងនៅតំបន់អាមេរិកឡាទីន និងការីប៊ីនទៅវិញ។

អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការកដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។

រោគសញ្ញា

មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មានរោគសញ្ញាក្នុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពីត្រូវបានមូសមានជំងឺខាំរួច។ រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា៖

  • ក្តៅខ្លួនចាប់ពី ៤១អង្សាសេឡើងទៅ
  • ឈឺក្បាល
  • ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
  • ឈឺនៅខាងក្រៅភ្នែក

អ្នកក៏ប្រហែលជាមានរោគសញ្ញាផ្សេងទៀតដូចជា៖

  • ចេញកន្ទួលក្រហមៗពេញខ្លួន
  • ក្អួត និងចង្អោ
  • ហូរឈាមតិចតួចពីក្នុងអញ្ជាញធ្មេញ ឬច្រមុះ

អ្នកជំងឺភាគច្រើនជាឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញារបស់វានឹងកាន់តែធ្ងន់ធ្ងរ ហើយអាចគម្រាមគំហែងដល់ជីវិតទៀតផង។ សរសៃឈាមច្រើនតែខូចខាត និងហូរឈាមចេញ ហើយចំនួននៃកោសិការសម្រាប់ធ្វើអោយឈាមកកក៏ថយចុះផងដែរ ដូច្នេះវាអាចនឹងធ្វើអោយមាន៖

  • ការហូរឈាមចេញពីច្រមុះ និងមាត់
  • ឈឺពោះធ្ងន់ធ្ងរ
  • ក្អួតជាប់រហូត
  • ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
  • មានបញ្ហានៅសួត, ថ្លើម និងបេះដូង
មូលហេតុ

ជំងឺគ្រុនឈាមបណ្តាលមកពីវីរុសបង្កជំងឺគ្រុនឈាមមួយក្នុងចំណោមបួន ដែលចម្លងតាមរយៈមូសខ្លាខាំមនុស្ស។ នៅពេលមូសខាំមនុស្សម្នាក់ដែលមានជំងឺឬវីរុសបង្កជំងឺគ្រុនឈាម វីរុសនោះនឹងចូលទៅក្នុងសត្វមូសនោះ។ បន្ទាប់មកមូសនោះនឹងក្លាយទៅជាមូសផ្ទុកជំងឺ។ នៅពេលវាទៅខាំមនុស្សម្នាក់ទៀត វីរុសនឹងចូលទៅក្នុងចរន្តឈាមរបស់មនុស្សនោះដើម្បីបង្កជំងឺទៀត។

ក្រោយពីអ្នកជាសះស្បើយពីជំងឺគ្រុនឈាមហើយ អ្នកនឹងមានប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរុសបង្កគ្រុនឈាមមួយប្រភេទដែលចម្លងជំងឺអ្នក ប៉ុន្តែមិនអាចប្រឆាំងនឹងវីរុសបីប្រភេទទៀតបានទេ។ ចំពោះកត្តាប្រឈមនឹងជំងឺគ្រុនឈាមបែបធ្ងន់ធ្ងរនឹងកើនឡើងខ្លាំងបើសិនជាអ្នកឆ្លងជំងឺគ្រុនឈាមលើកទីពីរ, ទីបី ឬទីបួនទៀត។

កត្តាប្រឈមមុខ
  • រស់នៅ ឬធ្វើដំណើរទៅកាន់តំបន់ត្រូពិច៖ ការរស់នៅក្នុងតំបន់ត្រូពិច និងត្រូពិចក្រោមជាពិសេសកន្លែងដែលមានការប្រឈមមុខខ្ពស់ដូចជាតំបន់អាស៊ីអាគ្នេយ៍, អាមេរិកឡាទីន និងការីប៊ីន សុទ្ធតែធ្វើអោយអ្នកប្រឈមកាន់តែខ្លាំងនឹងវីរុសបង្កជំងឺគ្រុនឈាម។
  • ធ្លាប់មានជំងឺគ្រុនឈាមពីមុនមក៖​ ការដែលធ្លាប់ឆ្លងជំងឺគ្រុនឈាមពីមុនម្តងធ្វើអោយអ្នកកាន់តែប្រឈមខ្លាំងនឹងការមានរោគសញ្ញាធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះជាលើកទីពីរ ជាពិសេសកុមារតែម្តង។
ផលវិបាក

បើសិនជាជំងឺគ្រុនឈាមនោះជាទម្រងធ្ងន់ធ្ងរ វាអាចនឹងបំផ្លាញដល់សួត, ថ្លើម ឬបេះដូងបាន។ សម្ពាធឈាមអាចនឹងថយចុះរហូតដល់កម្រិតគ្រោះថ្នាក់ ដែលជាហេតុនាំអោយស្យុក  ឬករណីខ្លះឈានដល់ស្លាប់ក៏មានដែរ។

តេស្ត និងការកំណត់រោគវិនិច្ឆ័យ

ការកំណត់រោគវិនិច្ឆ័យជំងឺគ្រុនឈាមអាចជារឿងមួយពិបាក ព្រោះសញ្ញារបស់វាងាយនឹងច្រឡំនឹងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនចាញ់, និងជំងឺគ្រុនឈាមជាដើម។ ដូច្នេះគ្រូពេទ្យទំនងជាត្រូវសួរប្រវត្តិជំងឺ និងការធ្វើដំណើររបស់អ្នក ជាពិសេសរឿងទាក់ទងនឹងមូសខាំតែម្តង។

ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ជាច្រើនអាចរកឃើញអំណះអំណាងរបស់វីរុសបង្កជំងឺគ្រុនឈាមបាន ប៉ុន្តែលទ្ធផលច្រើនតែមកមិនទាន់ទេ ដូច្នេះត្រូវតែមានការសម្រេចចិត្តព្យាបាលអោយទាន់ពេលវេលាសិនទើបជាការល្អ។

ការព្យាបាល

ជំងឺគ្រុនឈាមមិនទាន់មានវិធីព្យាបាលណាមួយពិសេសនៅឡើយទេ។ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកជំងឺទទួលទានជាតិទឹកអោយបានច្រើន ដើម្បីកុំអោយខ្សោះជាតិទឹកពីការក្អួត និងក្តៅខ្លួនខ្លាំង។ ថ្នាំ Acetaminophen (Tylenol) អាចបញ្ចុះកម្តៅ និងបន្ថយការឈឺចាប់បាន។ ចូរចៀសវាងថ្នាំបំបាត់ការឈឺចាប់ណាដែលបង្កើនការហូរឈាមដូចជា ថ្នាំអាស្ពីរីន​, Ibuprofen (Advil, Motrin) និង Naproxen Sodium (Aleve) ។

បើសិនជាអ្នកមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវ៖

  • ព្យាបាលដោយថែទាំសុខភាពក្នុងមន្ទីរពេទ្យ
  • បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
  • តាមដានសម្ពាធឈាម
  • បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម។
ការបង្ការ

ចំពោះវ៉ាក់សាំងជំងឺគ្រុនឈាមកំពុងតែផលិត ប៉ុន្តែជាទូទៅគឺមិនអាចប្រើបាននៅឡើយទេ។ បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅកន្លែងណាមួយដែលមានជំងឺគ្រុនឈាមនោះ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារកុំអោយឆ្លងជំងឺគ្រុនឈាមគឺធ្វើយ៉ាងណាកុំអោយមូសដែលមានជំងឺខាំបាន។

បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅតំបន់ត្រូពិចដែលជាកន្លែងមានជំងឺគ្រុនឈាមនោះ អ្នកគួរតែធ្វើដូចខាងក្រោមនេះដើម្បីកុំអោយមូសខាំបាន៖

  • ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬដេកក្នុងមុង
  • កាត់បន្ថយការចេញក្រៅផ្ទះនៅពេលយប់ ជាពិសេសកន្លែងដែលមានមូសច្រើន
  • ស្លៀកសម្លៀកបំពាក់អាវវែងខោវែងដើម្បីបន្ថែមការការពារ ហើយក៏កុំភ្លេចពាក់ស្រោមជើងផង
  • ប្រើសារធាតុបណ្តេញមូស ជាពិសេសការដេកក្នុងមុងដែលជ្រលួកថ្នាំតែម្តង។
  • កាត់បន្ថយជម្រកមូស៖ មូសដែលផ្ទុកជំងឺគ្រុនឈាមច្រើនតែរស់នៅក្នុង និងជុំវិញផ្ទះ ហើយវាក៏អាចបង្កើតកូនចោនៅក្នុងរបស់ដែលអាចដកទឹកបានដែរ។ ដូច្នេះអ្នកគួរតែលុបបំបាត់របស់អស់ទាំងនេះដើម្បីកាត់បន្ថយចំនួនមូស។