ការដែលអាចបង្កើតគ្រួសារបានគឺជារឿងដែលភ្ញាក់ផ្អើលណាស់ហើយសម្រាប់ស្រ្តីគ្រប់រូប។ យ៉ាងណាមិញ រឿងមួយដែលកាន់តែសប្បាយចិត្តថែមទៀតគឺការមានផ្ទៃពោះ ហើយដឹងថាកូនភេទអី។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនដឹងថាអំពីជំនឿមិនត្រឹមត្រូវ និងការពិតអំពីការសម្គាល់ភេទរបស់កូនក្នុងផ្ទៃ។ ស្រ្តីភាគច្រើនដឹងថា ពួកគេកំពុងតែមានផ្ទៃពោះជាកូនស្រី ឬប្រុសគឺផ្អែកទៅលើរឿងច្រើនដូចជា អាហារដែលពួកគេកំពុងតែញ៉ាំ ឬសភាពស្បែក និងសក់។ ជាអកុសល្យ គ្រូពេទ្យនិយាយថា រឿងទាំងអស់ខាងលើដែលប្រើដើម្បីសម្គាល់ភេទរបស់ទារកក្នុងផ្ទៃគឺជារឿងដំណាលចាស់ៗបុរាណប៉ុណ្ណោះ ឬអាចនិយាយថា ជាជំនឿមិនត្រឹមត្រូវ។ ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវដ៏ពេញនិយមបំផុតអំពីការសម្គាល់ភេទរបស់កូនក្នុងផ្ទៃ៖

ឃ្លានអាហារ

ស្ទើរតែ ៩០ភាគរយហើយនៃស្រ្តីមានផ្ទៃពោះមានអាការៈឃ្លានអាហារ ហើយប្រភេទនៃការញ៉ាំអាហារវិញក៏អាចប្រែប្រួលច្រើនដែរ។ ជាអកុល្យ រឿងនេះមិនមែនជាការពិតទេក្នុងការសម្គាល់ភេទរបស់ទារកក្នុងផ្ទៃ។ គេជឿថា ស្រ្តីមានផ្ទៃពោះជាកូនប្រុស គឺឃ្លានតែអាហារប្រៃៗ។ បើសិនជាគេឃ្លានរបស់ផ្អែមៗ មានន័យថា ទារកក្នុងផ្ទៃគឺភេទស្រី។

អារម្មណ៍មិនល្អ

វាគឺជារឿងញឹកញាប់មួយសម្រាប់ស្រ្តីមានផ្ទៃពោះមានអារម្មណ៍ប្រែប្រួលច្រើន។ រឿងនេះពិតប្រាកដខ្លាំងក្នុងត្រីមាសដំបូង និងត្រីមាសចុងក្រោយ។ សម្រាប់ពាក្យចរចាមអារាមវិញនិយាយថា ស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់មានអារម្មណ៍ប្រែប្រួលទេគឺពរពោះកូនប្រុស ខណៈពេលដែលស្រ្តីដែលមានអាការៈអារម្មណ៍ប្រែប្រួលច្រើន ពរពោះកូនស្រ្តីវិញ។ អ្នកជំនាញនិយាយថា អារម្មណ៍ប្រែប្រួលបង្កឡើងដោយកត្តាច្រើនណាស់ដូចជា បម្រែបម្រួលអ័រម៉ូន និងស្រ្តេស ហើយក៏មិនមែនកើតឡើងដោយភេទរបស់ទារកក្នុងផ្ទៃដែរ។ 

ជំហររបស់ពោះដែលធំទៅៗ

កត្តាច្រើនណាស់ដែលកំណត់ទៅលើទំហំ និងរូបរាងរបស់ពោះដូចជា ទំហំរបស់ទារក ព្រមទាំងជំហររបស់គេផងដែរ។ គ្មាននរណាអាចកំណត់ដឹងអំពីភេទរបស់ទារកក្នុងផ្ទៃដោយផ្អែកទៅលើទំហំពោះតែមួយមុខឡើយ។ គេនិយាយថា កាលណាទំហំពោះកាន់តែទាបបញ្ជាក់ថា ទារកកំពុងតែលូតលាស់នោះគឺជាភេទប្រុស។ ម៉្យាងវិញទៀត មនុស្សជាច្រើនជឿថា បើសិនជាទំហំពោះឡើងមកលើខ្ពស់ គឺជាសញ្ញាច្បាស់មួយបញ្ជាក់ថា ទារកនោះគឺភេទស្រី។ តាមការសិក្សាក្នុងឆ្នាំ ១៩៩៩ បានធ្វើការសនិ្នដ្ឋានថា ស្រ្តីដែឡប្រើប្រាស់ទំហំ រូបរាង និងជំហររបស់ពោះក្នុងការទាយលើភេទរបស់ទារកគឺជារឿងដែលមិនត្រឹមត្រូវឡើយ។ 

សក់ និងស្បែក

ដោយយោងទៅតាមបម្រែបម្រួលអ័រម៉ូនជាច្រើនដែលកើតឡើងក្នុងរាងកាយស្រ្តីមានផ្ទៃពោះ វាក៏អាចមានការប្រែប្រួលច្រើនមួយចំនួនទៅលើរូបរាងរបស់នាងដែរ ជាពិសេសស្បែក និងសក់តែម្តង។ មនុស្សជាច្រើនជឿថា ស្រ្តីដែលមិនធ្លាប់មានការប្រែប្រួលច្រើនទៅលើស្បែក និងសក់របស់អ្នកនឹងមានកូនស្រី។ ប៉ុន្តែបើសិនជានាងកើតមុន និងស្បែកស្រអាប់ ព្រមទាំងខូចសក់ច្រើន មានន័យថានាងប្រហែលជាមានកូនប្រុសហើយ។ ជាថ្មីម្តងហើយ រាល់ការអតុល្យភាពអ័រម៉ូនទាំងនេះ គឺមិនអាចប្រើដើម្បីបញ្ជាក់អំពីភេទរបស់ទារកបានឡើយ។ 

អ្នកជំនាញជាច្រើននិយាយថា ខាងក្រោមនេះគឺជាមធ្យោបាយតែមួយគត់ដែលអាចទាយដឹងអំពីភេទរបស់ទារកបានយ៉ាងសុក្រិតដូចជា៖

  • តេស្តឈាម
  • ថតអេកូ
  • ការបូមទឹកភ្លោះទៅពិនិត្យ
  • ការធ្វើតេស្តទៅលើសុក (Chorionic Villus Sampling) ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង