ការដែលហើមកែងជើងគឺជាបញ្ហាមួយដែលកើតឡើងលើមនុស្សភាគច្រើនក្នុងជីវិតរបស់ពួកគេ។ ករណីខ្លះ វាគ្មានអ្វីធ្ងន់ធ្ងរទេ ហើយក៏ស្រួលបួលវិញដោយខ្លួនឯងដែរ។ ប៉ុន្តែ មានករណីខ្លះទៀត ក៏អាចបណ្តាលមកពីជំងឺណាមួយក្នុងរាងកាយដែលត្រូវការតាមដាន និងព្យាបាលដែរ។ បើសិនជាថ្មីៗនេះ អ្នកសម្គាល់ឃើញមានការហើមនៅកែងជើង យកល្អគួរតែស្វែងយល់អំពីមូលហេតុញឹកញាប់បំផុតរបស់វាដូចខាងក្រោមនេះសិនទៅ៖

កែងជើងមានរបួស

ការដែលមានរបួសនៅកែងជើងគឺជាមូលហេតុខ្លាំងបំផុតដែលនាំឲ្យហើម។ ក្រៅពីហើម វាក៏ធ្វើឲ្យឈឺចាប់ ដែលជាសញ្ញាច្បាស់មួយថា មានអ្វីខុសប្រក្រតីហើយ។ ពេលខ្លះ វាក៏អាចទាក់ទងនឹងការដាច់ដោចសរសៃចងឆ្អឹង ឬបាក់បែកឆ្អឹងដែរ។ 

ការមានផ្ទៃពោះ

បើសិនជាអ្នកជាស្រ្តី ហើយមានគ្រួសារទៀត វាមិនមានអ្វីដែលគួរភ្ញាក់ផ្អើលឡើយបើសិនជាកែងជើងហាក់បីដូចជាធំជាងធម្មតានោះ។ នេះដោយសារតែការហើមកែងជើងជាបញ្ហាដែលស្រ្តីមានផ្ទៃពោះភាគច្រើនត្រូវប្រឈមមុខ។ តាមអ្នកជំនាញបានឲ្យដឹងថា ការហើមកែងជើងក្នុងពេលមានផ្ទៃពោះច្រើនតែបង្កឡើងដោយអតុល្យភាពអ័រម៉ូន ដែលធ្វើឲ្យចាលជាតិទឹកក្នុងខ្លួន។ ករណីខ្លះ វាក៏ដោយសារតែ ការប្រមូលផ្តុំឈាមក្នុងជើងដោយសារតែសម្ពាធពីការរីកធំរបស់ស្បូនលើសរសៃឈាមនៅជើងដែរ។ ចូរប្រាកដថា អ្នកបានទៅជួបគ្រូពេទ្យបានលឿនតាមតែអាចធ្វើទៅបាន បើសិនជាការហើមកែងជើងនោះធ្ងន់ធ្ងរក្នុងពេលមានផ្ទៃពោះ ព្រោះវាជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង។ 

ការឈរ ឬអង្គុយ

តើការងារអ្នកតម្រូវឲ្យអង្គុយ ឬឈរច្រើនម៉ោងដែរទេ? បើសិនជាអ៊ីចឹងមែន កែងជើងអ្នកអាចងាយនឹងហើម និងអស់កម្លាំងហើយក្រោយពីធ្វើការរួច។ ប៉ុន្តែកុំបារម្ភអី ព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង។ យកល្អគួរតែដាក់ប្រអប់ជើងនៅលើខ្នើយកល់ពីជាន់ឡើងលើ ហើយគេង ព្រោះវានឹងជួយសម្រួលដល់ការហើមភ្លាមៗដែរ។ 

ផលរំខានរបស់ថ្នាំ

បើសិនជាការហើមកែងជើងកើតឡើងនៅរយៈពេលពីរបីម៉ោងក្រោយពីលេបថ្នាំណាមួយដែលជាវេជ្ជបញ្ជារបស់គ្រូពេទ្យ នោះអាចជាផលរំខានរបស់ថ្នាំហើយ។ មានថ្នាំច្រើនណាស់ដែលត្រូវបានគេដឹងថា ធ្វើឲ្យច្រាលជាតិទឹក រហូតដល់ហើមកែងជើងបាន។ ថ្នាំមួយចំនួននោះមានដូចជាពពួក Anti-inflammatory Drugs (NSAIDs) និង Steroids ថ្នាំពន្យាកំណើត ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ចូរមិនត្រូវឈប់ប្រើថ្នាំនេះភ្លាមដោយសារតែរឿងនេះទេ តែត្រូវទៅជួបពេទ្យសិន។ 

រលាកសន្លាក់

មានសន្លាក់ខុសៗគ្នាច្រើនណាស់ក្នុងរាងកាយយើង ដែលវាងាយនឹងរងការរលាក ហើយកែងជើងគឺជាផ្នែកមួយរបស់វាហើយ។ វាដូចជាមិនមានអ្វីភ្ញាក់ផ្អើលឡើយដោយសារតែសន្លាក់កែងជើងមានការទ្រទ្រងទម្ងន់ច្រើននៅពេលមនុស្សម្នាក់ធ្វើសកម្មភាពរាងកាយដូចជាការដើរ ឬឈរនោះ។ សំណាងដែរ យើងមានមធ្យោបាយច្រើនណាស់ក្នុងការគ្រប់គ្រងការរលាកសន្លាក់ដូចជា ប្រើថ្នាំ របបអាហារ និងផ្លាស់ប្តូររបៀបរស់នៅជាដើម។ 

បញ្ហានៅបេះដូង តម្រងនោម ឬថ្លើម

តើការហើមកែងជើងមានជាប់ទាក់ទងនឹងរោគសញ្ញាមិនធម្មតាដូចជា ការពិបាកដកដង្ហើម វិលមុខ និងរមាស់ស្បែកដែរទេ? យកល្អអ្នកគួរតែទៅជួបពេទ្យដើម្បីពិនិត្យបន្ថែមផង បើសិនជាមានករណីបែបនេះមែន។ មូលហេតុនៃការហើមកែងជើងមួយចំនួនអាចនឹងគ្រោះថ្នាក់ខ្លាំង ហើយក៏ត្រូវការរកមើល និងព្យាបាលបន្ទាន់ដែរ។ បញ្ហានោះអាចតាក់ទងនឹងតម្រងនោម បេះដូង និងថ្លើម ដែលនាំឲ្យច្រាលជាតិទឹក រហូតដល់ហើមកែងជើង និងផ្នែកផ្សេងៗទៀតនៃរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង