​ការពិត​ជា​ពិសេស​មួយ​សម្រាប់​ភាព​អាច​មាន​កូន​បាន​របស់​បុរស​នោះ​គឺថា រាងកាយ​របស់​ពួកគេ​មាន​តុល្យភាព​នៃ​អ័រម៉ូន និង​ប្រូតេអ៊ីន ទើប​អាច​ជួយ​បង្កើត​ជា​មេ​ជីវិត​ឈ្មោល​ដែល​ផ្តល់​សុខភាព​ល្អ ហើយក៏​អាច​បង្កើត​ជា​កូន​បាន​ដែរ​។ សំណាង​ដែរ មាន​វិធី​ច្រើនណាស់​ដែល​គេ​អាច​ជួយ​ឲ្យ​បុរស​មាន​សមត្ថភាព​បង្កើន​ភាព​មាន​កូន​បាន​។

​ដំបូង​ឡើយ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការប៉ះពាល់​ប្រដាប់​ភេទ​ជាមួយនឹង​កម្តៅ ដូចជា ការ​ងូតទឹ​កក្តៅ ត្រាំ​ទឹ​កក្តៅ ឬ​នៅក្នុង​បន្ទប់​សូ​ណា​។ ចូរ​កុំ​ដាក់​កុំព្យូទ័រ​ឡេប​ថប់​លើ​ភ្លៅ និង​ដាក់​ទូរស័ព្ទ​ដៃ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​។ បើសិន​ជា​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​ដោយមាន​វេជ្ជបញ្ជា ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ថ្នាំ​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល​ឬ​អត់​។​

​ជាទូទៅ បើសិន​ជា​បេះដូង ឬ​ខួរក្បាល​មាន​សុខភាព​ល្អ​ហើយ វា​ក៏​ល្អ​ចំពោះ​ពងស្វាស​មនុស្ស​ប្រុស​ដែរ​។ របៀប​រស់នៅ​ដែល​មាន​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ធាត់​ជ្រុល​ពេក​មិនមែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទូទៅ​ឡើយ ហើយ​វា​ក៏​មិន​ល្អ​ចំពោះ​សមត្ថភាព​នៃ​ការ​មាន​កូន​ដែរ​។

​អ្នកជំនាញ​បាន​ណែនាំ​ថា របប​អាហារ​ដែល​មាន​អង់​ទី​អុកស៊ី​ដង់​ខ្ពស់ ដូចជា បន្លែ និង​ផ្លែឈើ​ដែល​មាន​ពណ៌​ខុសៗ​គ្នា គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​ដល់​សុខភាព ហើយ​បង្កើន​សមត្ថភាព​មាន​កូន​របស់​មនុស្ស​ប្រុស​ថែមទៀត​។ ក្រៅពីនេះ​វា​ក៏​មាន​ជីវជាតិ​ផ្សេងៗ​ទៀត​ដែល​ជួយ​ដល់​ការ​មាន​កូន​របស់​បុរស​ដែរ​ដូចជា​៖

 

  • ​វីតាមីន C៖ វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយ​ក៏​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល ព្រមទាំង​បន្ថយ​ការខូចខាត​របស់​កោសិកា​ជាច្រើន​នៃ​រាងកាយ​ផងដែរ​។​
  • ​វីតាមីន E៖ គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​ដែល​ធ្វើការ​យ៉ាង​ល្អ​ជាមួយ​នឹង​វីតាមីន C ក្នុងការ​បោសសម្អាត​សារធាតុ​អាក្រក់ៗ​ចោល និង​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​។
  • Co Enzyme Q10៖ វា​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​របស់​កោសិកា​ទាំងអស់​ក្នុង​ខ្លួន ហើយ​ក៏​ត្រូវបាន​គេ​បង្ហាញថា ជួយ​ពង្រឹង​ដល់​ចំនួន និង​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ផងដែរ​។​
  • ​ជាតិ​ស័ង្គសី​៖ គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ដល់​មេ​ជីវិត​ឈ្មោល និង​បង្កើន​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។
  • ​សេ​ឡេ​ញ៉ូម​៖ គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវបាន​រាងកាយ​ប្រើប្រាស់​ក្នុង​ការប្រឆាំង​ការខូចខាត​ដោយ​សារ​អង់​ស៊ីត​កម្ម និង​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន និង​សុខភាព​ទូទៅ​។
  • ​តែ​បៃតង​៖ មាន​សារធាតុ​ផ្តល់​សុខភាព​ច្រើន​ដែល​បង្កើន​សមត្ថភាព​មាន​កូន​បាន​។ ការ​ញ៉ាំ​តែ​បៃតង​គឺជា​រឿង​សំខាន់​មួយ​ចំពោះ​រឿងនេះ​។
  • ​ទំពាំងបាយជូរ​ពណ៌​ក្រហម ទឹក​ទំពាំងបាយជូរ​ក្រហម និង​ស្រាក្រហម​៖ គឺ​មាន​សារធាតុ Resveratrol ខ្ពស់ ហើយ​ក៏​ត្រូវបាន​គេ​បង្ហាញថា ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​មួយ​ដែល​អាច​ពង្រឹង​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​បាន​។
  • ​សារធាតុ Lycopene៖ វា​មាន​មិន​ច្រើន​ឡើយ​លើ​បុរស​ដែល​មិន​អាច​មាន​កូន​បាន ប៉ុន្តែ​អ្នក​អាច​រក​បាន​យ៉ាង​ល្អ​ពី​ធម្មជាតិ ដែល​មាន​ក្នុង​ផ្លែឈើ និង​បន្លែ​ពណ៌​ក្រហម ជាពិសេស​ផ្លែ​ឪឡឹក​តែម្តង​។
  • វីតាមីន D៖ បុរស​ដែល​កង្វះ​វីតាមីន​នេះ ត្រូវបាន​គេ​រកឃើញ​ទៀតថា មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប និង​មិន​ងាយ​មាន​កូន​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD