ចែករំលែក
  • 1
  •  
  •  

ការឈឺសុដន់គឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយរបស់មនុស្សស្រី ដែលការឈឺនោះអាចមានលក្ខណៈដូចជា ឈឺបែបតឹង, ឈឺដូចគេចាក់ ឬឈឺដូចរលាក។ ការឈឺចាប់ប្រហែលជាបន្តជាប់រហូត ឬកើតឡើងតែម្តងម្កាលទេ។

ការឈឺសុដន់អាចមានលក្ខណៈពីកម្រិតស្រាលទៅកម្រិតមធ្យម។ វាអាចកើតឡើងពីរបីថ្ងៃក្នុងមួយខែដូចជាមុនពេលមករដូវ ឬអាចបន្តរហូតដល់ ៧ថ្ងៃឬច្រើនជាងនេះជារៀងរាល់ខែ។ ការឈឺសុដន់ក៏អាចប៉ះពាល់ដល់អ្នកមុនពេលមករដូវ ឬបន្តដល់ពេលមករដូវទៀត។ ចំពោះស្រ្តីរ៉ាំងរដូវរួច ពេលខ្លះក៏មានអាការៈឈឺសុដន់ដែរ ប៉ុន្តែការឈឺនេះច្រើនតែកើតលើស្រ្តីវ័យក្មេង, ស្រ្តីត្រៀមអស់រដូវ និងជិតអស់រដូវ។

ភាគច្រើន សញ្ញានៃការឈឺសុដន់មិនមែនជាបញ្ហាមហារីកទេ (Benign) ហើយវាក៏កម្រជាជំងឺមហារីកដែរ។ អ្វីដែលនៅតែមិនទាន់ច្បាស់នោះគឺថា ការឈឺសុដន់ដោយមិនដឹងមូលហេតុដែលកើតឡើងជាប់រហូតក្រោយពីមករដូវមួយ ឬពីរសប្តាហ៍ ឬបន្តជាប់រហូតដល់រ៉ាំងរដូវ និងនៅតំបន់ណាមួយជាក់លាក់នៃផ្ទៃសុដន់ ត្រូវអោយគ្រូពេទ្យវាយតម្លៃ។

រោគសញ្ញា

ករណីឈឺសុដន់ភាគច្រើនត្រូវបានបែងចែកជាការឈឺចាប់បែប Cyclic Noncyclic ប៉ុន្តែប្រភេទនៃការឈឺសុដន់ទាំងពីរនេះសុទ្ធតែមានលក្ខណៈច្បាស់លាស់របស់វា។

មូលហេតុ

ពេលខ្លះ គេមិនអាចសម្គាល់ដឹងអំពីមូលហេតុពិតប្រាកដនៃការឈឺសុដន់ឡើយ។ ចំណែកឯកត្តាបង្កប្រហែលមានមួយ ឬពីរដូចខាងក្រោមនេះ៖

  • អ័រម៉ូនបន្តពូជ៖ ចំពោះការឈឺសុដន់បែប Cyclic គឺមានទំនាក់ទំនងយ៉ាងខ្លាំងនឹងអ័រម៉ូន និងវដ្តរដូវ។ ការឈឺចាប់ប្រភេទនេះច្រើនតែស្រាកស្រាន្ត ឬបាត់ទៅវិញនៅពេលមានផ្ទៃពោះ ឬរ៉ាំងរដូវ។
  • រចនាសម្ព័ន្ធរបស់សុដន់៖ ចំពោះការឈឺចាប់បែប Noncyclic ច្រើនតែបណ្តាលមកពីរឿងជាច្រើនដែលប៉ះពាល់ដល់រចនាសម្ព័ន្ធរបស់សុដន់ដូចជា គីសក្នុងសុដន់, ការប៉ះទង្គិចនៅសុដន់, ការវះកាត់សុដន់ ឬកត្តាផ្សេងៗទៀតដែលកើតមានលើសុដន់នោះផ្ទាល់តែម្តង។ ការឈឺសុដន់ក៏ប្រហែលជាកើតមាននៅក្រៅសុដន់ដែរដូចជា សាច់ដុំជញ្ជាំងស្បូន, សន្លាក់ ឬបេះដូងដែលវាចាក់ទៅសុដន់។
  • អតុល្យភាពអាស៊ីតខ្លាញ់៖ អតុល្យភាពរបស់អាស៊ីតខ្លាញ់ជាមួយនឹងកោសិការជាច្រើនប្រហែលជាប៉ះពាល់ដល់រំញោចនៃជាលិការសុដន់ចំពោះលំហូររបស់អ័រម៉ូនក្នុងឈាម។
  • ការប្រើប្រាស់ថ្នាំ៖ ការប្រើថ្នាំជាប្រភេទអ័រម៉ូនដូចជា ការព្យាបាលការមិនអាចមិនកូនបាន និងការប្រើថ្នាំគ្រាប់ពន្យាកំណើតប្រហែលជាមានជាប់ទាក់ទងនឹងការឈឺសុដន់ជាមិនខាន។ ជាមួយគ្នានេះដែរ ការតឹងសុដន់ច្រើនតែជាផលរំខាននៃការប្រើអ័រម៉ូនអេស្ត្រូជែន និងប្រូជែស្តេរ៉ូន។ ការឈឺសុដន់ប្រហែលជាជាប់ទាក់ទងនឹងការប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តដែរដូចជាពពួកថ្នាំ Selective Serotonin Reuptake Inhibitor (SSRI)
  • ទំហំសុដន់៖ ស្រ្តីដែលមានសុដន់ធំៗប្រហែលជាមានបញ្ហាឈឺសុដន់បែប Noncyclic ហើយព្រោះវាទាក់ទងនឹងទំហំសុដន់របស់ពួកគេ។ ការឈឺក, ស្មា និងខ្នងប្រហែលជាជាប់ទាក់ទងនឹងការឈឺសុដន់ដោយសារតែសុដន់ធំពេកដែរ។
  • ការវះកាត់សុដន់៖ ការឈឺសុដន់មានជាប់ទាក់ទងនឹងការវះកាត់សុដន់ដែរ ជាពិសេសកន្លែងដែលវះតែម្តង។
តេស្ត និងការកំណត់រោគវិនិច្ឆ័យ

តេស្តដើម្បីវាយតម្លៃទៅលើស្ថានភាពឈឺសុដន់មានដូចជា៖

  • ការពិនិត្យរោគសញ្ញាលើសុដន់៖ គ្រូពេទ្យនឹងពិនិត្យទៅលើការប្រែប្រួលផ្សេងៗលើសុដន់របស់អ្នកតាមរយៈការមើល និងស្ទាប់សុដន់ និងរកមើលកូនកណ្តុរនៅក្រោមករ និងឃ្លៀគ។ គ្រូពេទ្យនឹងស្តាប់ចង្វាក់បេះដូង និងសួត ព្រមទាំងពិនិត្យទៅលើទ្រូង និងពោះថែមទៀតដើម្បីកំណត់ថាការឈឺចាប់នោះអាចទាក់ទងនឹងជំងឺណាមួយផ្សេងទៀតឬអត់។ បើសិនជាប្រវត្តិរបស់ជំងឺ និងការពិនិត្យសុដន់ ព្រមទាំងរាងកាយមិនអាចរកឃើញអ្វីដែលមិនធម្មតាទេនោះ អ្នកប្រហែលជាមិនបាច់ធ្វើតេស្តអ្វីច្រើនទៀតដែរ។
  • ការថតសុដន់៖ បើសិនជាគ្រូពេទ្យយល់ថាមានដុំសាច់ក្នុងសុដន់ ឬមានភាពក្រាស់បែបមិនធម្មតា ឬរកឃើញកន្លែងដែលឈឺចាប់ក្នុងជាលិការសុដន់ហើយនោះ អ្នកនឹងត្រូវថតកាំរស្មីអ៊ិចនៅសុដន់ទៀតដើម្បីវាយតម្លៃទៅលើអ្វីដែលជាការបារម្ភរបស់គ្រូពេទ្យក្នុងពេលពិនិត្យ។
  • ថតអេកូ៖ ការពិនិត្យដោយថតអេកូគឺជាការប្រើរលកសម្លេងដើម្បីបង្កើតជារូបភាពរបស់សុដន់ ហើយវាច្រើនតែធ្វើជាមួយការថតសុដន់ដែឬ។ អ្នកប្រហែលជាត្រូវថតអេកូដើម្បីវាយតម្លៃទៅលើកន្លែងដែលឈឺចាប់បើសិនជាការថតសុដន់មើលឃើញថាធម្មតា។
  • ការច្រឹបសាច់សុដន់ទៅពិនិត្យ៖ ចំពោះដុំសាច់ក្នុងសុដន់ដែលសង្ស័យ, តំបន់ណាមួយក្នុងសុដន់ឡើងក្រាស ឬមិនធម្មតាក្នុងពេលពិនិត្យដោយថតរូបភាពវេជ្ជសាស្រ្តប្រហែលជាត្រូវការច្រឹបសាច់ទៅពិនិត្យហើយមុនពេលគ្រូពេទ្យកំណត់រោគវិនិច្ឆ័យបាន។
ការព្យាបាល

មានស្រ្តីច្រើនណាស់ហើយដែលមានអាការៈឈឺសុដន់ហើយតែវាបាត់ទៅវិញដោយមិនបាច់ព្យាបាល។ បើសិនជាអ្នកត្រូវការការព្យាបាលមែននោះ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកដូចខាងក្រោមនេះ៖

  • លុបបំពាត់មូលហេតុឬ កត្តានាំអោយឈឺសុដន់ចោល៖ រឿងនេះអាចជាការផ្លាស់ប្តូរធម្មតាដូចជា ការពាក់អាវទ្រនាប់ដែលមានការទ្រទ្រង់បន្ថែម។
  • ប្រើថ្នាំលាបបំបាត់ការឈឺចាប់ (Nonsteroidal Anti-inflammatory Drug, NSAID) ចូរលាបថ្នាំនេះលើសុដន់ផ្ទាល់តែម្តងទៅតដើម្បីបំបាត់ការឈឺចាប់។
  • ផ្លាស់ប្តូរថ្នាំពន្យាកំណើត៖ បើសិនជាអ្នកប្រើថ្នាំពន្យាកំណើត ចូរផ្អាកការប្រើថ្នាំនេះមួយសប្តាហ៍ ឬផ្លាស់ប្តូរវិធីពន្យាកំណើតវិញដើម្បីបន្ថយរោគសញ្ញានៃការឈឺសុដន់។ ប៉ុន្តែមិនត្រូវធ្វើបែបនេះដោយខ្លួនដោយគ្មានដំបូន្មានពីគ្រូពេទ្យឡើយ។
  • បន្ថយកម្រិតប្រើប្រាស់របស់ថ្នាំព្យាបាលអាការៈរ៉ាំងរដូវ៖ អ្នកប្រហែលជាត្រូវបន្ថយកម្រិតប្រើប្រាស់របស់ថ្នាំព្យាបាលអាការៈរ៉ាំងរដូវ ឬបញ្ឈប់ការប្រើប្រាស់តែម្តង។
  • ប្រើថ្នាំតាមវេជ្ជបញ្ជា៖ ថ្នាំ Danazol គឺជាថ្នាំមានវេជ្ជបញ្ជាតែមួយគត់ដែលត្រូវបានអនុម័តដោយ FDA សម្រាប់ព្យាបាលអាការៈឈឺសុដន់។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំមួយនេះធ្វើអោយប្រឈមកាន់តែខ្លាំងនឹងផលរំខានដ៏ធ្ងន់ធ្ងររបស់វាដូចជា កើតមុខ, ឡើងទម្ងន់ និងប្រែសម្លេង ដូច្នេះគួរតែប្រើមានដែនកំណត់។ ចំពោះថ្នាំ Tamoxifen ដែលជាថ្នាំសម្រាប់ព្យាបាល និងបង្ការជំងឺមហារីកសុដន់ប្រហែលជាអាចប្រើលើស្រ្តីមួយចំនួនដែរ ប៉ុន្តែថ្នាំនេះក៏មានផលរំខានរបស់វាធ្ងន់ធ្ងរ ជាពិសេសធ្វើអោយអ្នកប្រើមានបញ្ហារំខានច្រើនជាងការឈឺសុដន់ទៅទៀត។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងនៅផ្ទះ

ទោះបីជាមានការស្រាវជ្រាវតិចតួចបង្ហាញអំពីប្រសិទ្ធភាពនៃការថែរក្សាសុខភាពដោយខ្លួនឯងទាក់ទងនឹងការឈឺសុដន់ក៏ដោយ ក៏មានវិធីមួយចំនួនដែលល្អក្នុងការសាកល្បងដែរដូចជា៖

  • ស្អំទឹកកក់ ឬទឹកក្តៅលើសុដន់
  • ពាក់អាវទ្រនាប់ណាដែលមានការទ្រទ្រង់ល្អ
  • ពាក់អាវទ្រនាប់កីឡាក្នុងពេលហាត់ប្រាណ ជាពិសេសនៅពេលសុដន់អ្នកមានអាការៈស្រៀវកាន់តែខ្លាំង
  • ពិសោធន៍ជាមួយនឹងការព្យាបាលដោយបន្ធូរអារម្មណ៍ ព្រោះវាអាចជួយគ្រប់គ្រងការថប់អារម្មណ៍ខ្លាំងដែលនាំអោយឈឺសុដន់ធ្ងន់ធ្ងរបាន។
  • បន្ថយ ឬលុបបំបាត់ការប្រើជាតិកាហ្វេអ៊ីន ព្រមទាំងផ្លាស់ប្តូររបបអាហារ ព្រោះវាអាចជារឿងមានប្រយោជន៍ចំពោះស្រ្តីមួយចំនួនដែរទោះបីជាការសិក្សាខាងផ្នែកវេជ្ជសាស្រ្តទាក់ទងនឹងជាតិកាហ្វេអ៊ីននេះទៅលើការឈឺសុដន់ និងរោគសញ្ញាត្រៀមអស់រដូវមិនទាន់មានសេចក្តីសន្និដ្ឋានអ្វីឡើយក៏ដោយ។
  • ចូរញ៉ាំអាហារមានជាតិខ្លាញ់ទាប និងញ៉ាំកាបូអ៊ីដ្រាតកំផ្លេចច្រើន ព្រោះវាជាវិធីសាស្រ្តតែមួយគត់ដែលអាចជួយសម្រាលអាការៈឈឺសុដន់បានមួយចំនួនដែរ។
  • ប្រើថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាដូចជា ថ្នាំ Acetaminophen (Tylenol) Ibuprofen (Advil, Motrin) ប៉ុន្តែអ្នកគួរតែសួរគ្រូពេទ្យថាតើគួរប្រើចំនួនច្រើនប៉ុណ្ណា, យូរប៉ុណ្ណា។

មតិរបស់អ្នក

Please enter your comment!
Please enter your name here